មន្ត្រី​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អ.ស.ប.​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ខ្មែរ

2009-06-19

រដ្ឋាភិបាល​កម្ពុជា​នៅ​ថៃ្ង​ព្រហស្បតិ៍​នេះ បាន​ស្នើ​សុំ​ឲ្យ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ គឺ​លោក Surya Subedi សើរើ​នូវ​សំណុំ​រឿង​មួយ​កាល​ពី​១០​ឆ្នាំ​មុន អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​មន្រ្តី​អង្គការ​សហ​ប្រជាជាតិ​ម្នាក់ បាន​ព្យាយាម​នាំ​ខ្លួន​អតីត​មេ​គុក​ទួល​ស្លែង ឈ្មោះ ឌុច ទៅ​ប្រទេស​ទី​បី គឺ​ប្រទេស​បែលហ្ស៊ិក​តាមរយៈ​ប្រទេស​ថៃ។

ការ​ស្នើ​សុំ​នេះ​បាន​ធ្វើ​ទ្បើង​នៅ​ក្នុង​កិច្ច​ប្រជុំ​បិទ​ទ្វារ​ជិត​រយៈពេល​ជិត ២​ម៉ោង នៅ​ឯ​ក្រសួង​ការ​បរទេស​កម្ពុជា​រវាង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ជាមួយ​នឹង​លោក Surya Subedi ជា​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប.) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ។

លោក អៀង សុផល​ទ្បែត ជា​ជំនួយការ​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ក្រោយ​ពី​ជំនួប​នោះ​ថា ៖ «គឺ​លោក Christophe Peschoux (គ្រិស្តូហ្វ ប៉េស៊ូ) ដែល​ព្យាយាម​នៅ​ពេល​នោះ នាំ ឌុច ចេញ​ទៅ​បរទេស ទៅ​ប្រទេស​ថៃ ហើយ​ឆ្លង​កាត់​ទៅ​ប្រទេស Belgium (បែល​ហ្ស៊ិក) សម្ដេច​តេជោ ណែនាំ​ឲ្យ​មាន​ការ​ធ្វើការ​នេះ នៅ​វេលា​ម៉ោង ៣​រសៀល​នេះ ដើម្បី​បញ្ជូន​ឯកសារ​ពាក់ព័ន្ធ​ទៅ​កាន់​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​និង​បញ្ជូន​ទៅ​ស្ថាប័ន​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ​ផង»

ផែ្អក​តាម​ឯកសារ​បាន​ឲ្យ​ដឹង​ថា ឌុច ជា​អតីត​មេ​គុក​ទួលស្លែង​នៃ​របប​ខែ្មរ​ក្រហម ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា បាន​ចាប់​ខ្លួន​កាល​ពី​ខែ​ឧសភា ឆ្នាំ​១៩៩៩ ហើយ​បច្ចុប្បន្ន​នេះ សាលាក្តី​ខែ្មរ​ក្រហម​កំពុង​តែ​ដំណើរការ​ជម្រះ​ក្តី​ដំបូង​គេ​នៅ​ក្នុង​ចំណោម​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ចំនួន ៤​នាក់​ទៀត។

លោក អៀង សុផល​ទ្បែត បាន​បន្ត​ថា ជំនួប​រវាង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ជាមួយ​នឹង​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​នោះ មិន​បាន​ផ្តោត​លើ​ស្ថានការណ៍​ជម្លោះ​រវាង​រូប​លោក​និង​លោកស្រី មូរ សុខហួរ តំណាង​រាស្រ្ត​ខាង​គណបក្ស​សម​រង្ស៊ី​និង​ស្ថានការណ៍​ប្តឹង​អ្នក​កាសែត​ប្រឆាំង​និង​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នោះ​ទេ។

លោក Surya Subedi ជា​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ មាន​ប្រសាសន៍​ថា ជំនួប​រវាង​រូប​លោក​ជាមួយ​និង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ដំណើរការ​ល្អ ហើយ​លោក​នឹង​លាត​ត្រដាង​អំពី​លទ្ធផល​នៃ​ជំនួប​នេះ​នា​ពេល​ខាង​មុខ ដោយ​លោក​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​អំពី​កាល​បរិច្ឆេទ​បាន​ភ្លាមៗ​នៅ​ទ្បើយ​ទេ។

ប្រភព​ពី​ការិយាល័យ​នៃ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា លោក Surya Subedi នឹង​បំពេញ​ទស្សន​កិច្ច​លើក​ដំបូង​នេះ រយៈពេល​១០​ថៃ្ង ចាប់​ពី​ថៃ្ង​ទី​១៦ ខែ​មិថុនា រហូត​ដល់​ថៃ្ង​ទី​២៥ ខែ​មិថុនា សប្តាហ៍​ខាង​មុខ​នេះ។

ដំណើរ​ទស្សនកិច្ច​របស់​លោក Surya Subedi នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ពេល​នេះ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា បាន​ធ្វើ​ឡើង​នៅ​គ្រា​ដែល​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​កំពុង​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​រឹត​បន្តឹង។ ហើយ​ជំនួប​រវាង​លោក Surya Subedi ជាមួយ​និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំង​មន្រ្តី​ជាន់​ខ្ពស់​ដទៃ​ទៀត​នៃ​រដ្ឋាភិបាល​កម្ពុជា​នោះ គឺ​ជា​លើក​ដំបូង​ហើយ ក្រោយ​ពី​លោក​ត្រូវ​បាន​អង្គការ​សហ​ប្រជាជាតិ​ប្រកាស​តែង​តាំង​ជា​អ្នក​រាយការណ៍​ពិសេស ជំនួស​លោក Yash Ghai ដែល​បាន​លា​ឈប់​ពី​តំណែង​ជា​បេសក​ជន​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០០៨ កន្លង​ទៅ ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ឈប់​ស្វាគមន៍​ឬ​មិន​សហការ​ជាមួយ​នឹង​លោក លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ៕

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

នាយក​រដ្ឋមន្ត្រី​ជប៉ុន​បារម្ភ​ពី​បញ្ហា​ទំនាស់​រវាង​កម្ពុជា​និង​ថៃ

រដ្ឋាភិបាល​ថៃ​គំរាម​បិទ​ច្រក​ព្រំដែន​ដែល​ជាប់​នឹង​ប្រទស​កម្ពុជា

ថៃ​​ស្វែង​រក​ការ​លុប​ចោល​កិច្ច​ព្រមព្រៀង​ស្ដី​ពី​តំបន់​ដែន​សមុទ្រ​ជាមួយ​កម្ពុជា

រដ្ឋាភិបាល​កម្ពុជា​កោះ​ហៅ​មន្ត្រី​ទូត​ឲ្យ​ចេញ​ពី​ប្រទេស​ថៃ

ថៃ​កោះហៅ​ឯកអគ្គរាជ​ទូត​ប្រចាំ​នៅ​កម្ពុជា​ទៅ​ស្រុក​វិញ

មតិ​នានា​ជុំវិញ​ការ​តែងតាំង​ថាក់ស៊ីន​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​នាយករដ្ឋមន្រ្តី​ខ្មែរ

នាយករដ្ឋមន្រ្តី​ខ្មែរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ជប៉ុន

កម្ពុជា​រក្សា​ជំហរ​ថា​នឹង​មិន​ធ្វើ​បត្យាប័ន​ក្នុង​ករណី​ថាក់ស៊ីន

អាចារ្យ​២​នាក់​ត្រូវ​គេ​ដក​ហូត​ការងារ​ព្រោះ​អនុញ្ញាត​ឲ្យ​សមរង្ស៊ី​ដង្ហែ​កឋិន​ចូល​វត្ត

តំណាង​រាស្ត្រ ហូរ វ៉ាន់ ត្រឡប់​មក​កម្ពុជា​វិញ