រដ្ឋាភិបាលកម្ពុជានៅថៃ្ងព្រហស្បតិ៍នេះ បានស្នើសុំឲ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ គឺលោក Surya Subedi សើរើនូវសំណុំរឿងមួយកាលពី១០ឆ្នាំមុន អំពីមូលហេតុដែលនាំឲ្យមន្រ្តីអង្គការសហប្រជាជាតិម្នាក់ បានព្យាយាមនាំខ្លួនអតីតមេគុកទួលស្លែង ឈ្មោះ ឌុច ទៅប្រទេសទីបី គឺប្រទេសបែលហ្ស៊ិកតាមរយៈប្រទេសថៃ។
ការស្នើសុំនេះបានធ្វើទ្បើងនៅក្នុងកិច្ចប្រជុំបិទទ្វារជិតរយៈពេលជិត ២ម៉ោង នៅឯក្រសួងការបរទេសកម្ពុជារវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយនឹងលោក Surya Subedi ជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប.) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅក្នុងប្រទេសកម្ពុជាដែលកំពុងបំពេញទស្សនកិច្ចជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានោះ។
លោក អៀង សុផលទ្បែត ជាជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ក្រោយពីជំនួបនោះថា ៖ «គឺលោក Christophe Peschoux (គ្រិស្តូហ្វ ប៉េស៊ូ) ដែលព្យាយាមនៅពេលនោះ នាំ ឌុច ចេញទៅបរទេស ទៅប្រទេសថៃ ហើយឆ្លងកាត់ទៅប្រទេស Belgium (បែលហ្ស៊ិក) សម្ដេចតេជោ ណែនាំឲ្យមានការធ្វើការនេះ នៅវេលាម៉ោង ៣រសៀលនេះ ដើម្បីបញ្ជូនឯកសារពាក់ព័ន្ធទៅកាន់សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនិងបញ្ជូនទៅស្ថាប័នសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវផង»។
ផែ្អកតាមឯកសារបានឲ្យដឹងថា ឌុច ជាអតីតមេគុកទួលស្លែងនៃរបបខែ្មរក្រហម ត្រូវបានអាជ្ញាធរកម្ពុជា បានចាប់ខ្លួនកាលពីខែឧសភា ឆ្នាំ១៩៩៩ ហើយបច្ចុប្បន្ននេះ សាលាក្តីខែ្មរក្រហមកំពុងតែដំណើរការជម្រះក្តីដំបូងគេនៅក្នុងចំណោមអតីតមេដឹកនាំខ្មែរក្រហមចំនួន ៤នាក់ទៀត។
លោក អៀង សុផលទ្បែត បានបន្តថា ជំនួបរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយនឹងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិនោះ មិនបានផ្តោតលើស្ថានការណ៍ជម្លោះរវាងរូបលោកនិងលោកស្រី មូរ សុខហួរ តំណាងរាស្រ្តខាងគណបក្សសមរង្ស៊ីនិងស្ថានការណ៍ប្តឹងអ្នកកាសែតប្រឆាំងនិងស្ថានការណ៍រំលោភសិទ្ធិមនុស្សនៅកម្ពុជានោះទេ។
លោក Surya Subedi ជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ មានប្រសាសន៍ថា ជំនួបរវាងរូបលោកជាមួយនិងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដំណើរការល្អ ហើយលោកនឹងលាតត្រដាងអំពីលទ្ធផលនៃជំនួបនេះនាពេលខាងមុខ ដោយលោកមិនបានបញ្ជាក់ឲ្យដឹងអំពីកាលបរិច្ឆេទបានភ្លាមៗនៅទ្បើយទេ។
ប្រភពពីការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានឲ្យដឹងថា លោក Surya Subedi នឹងបំពេញទស្សនកិច្ចលើកដំបូងនេះ រយៈពេល១០ថៃ្ង ចាប់ពីថៃ្ងទី១៦ ខែមិថុនា រហូតដល់ថៃ្ងទី២៥ ខែមិថុនា សប្តាហ៍ខាងមុខនេះ។
ដំណើរទស្សនកិច្ចរបស់លោក Surya Subedi នៅក្នុងប្រទេសកម្ពុជា នៅពេលនេះ ត្រូវបានគេសង្កេតឃើញថា បានធ្វើឡើងនៅគ្រាដែលសេរីភាពក្នុងការបញ្ចេញមតិកំពុងត្រូវបានរដ្ឋាភិបាលកម្ពុជារឹតបន្តឹង។ ហើយជំនួបរវាងលោក Surya Subedi ជាមួយនិងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងមន្រ្តីជាន់ខ្ពស់ដទៃទៀតនៃរដ្ឋាភិបាលកម្ពុជានោះ គឺជាលើកដំបូងហើយ ក្រោយពីលោកត្រូវបានអង្គការសហប្រជាជាតិប្រកាសតែងតាំងជាអ្នករាយការណ៍ពិសេស ជំនួសលោក Yash Ghai ដែលបានលាឈប់ពីតំណែងជាបេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០០៨ កន្លងទៅ ដោយសារតែរដ្ឋាភិបាលកម្ពុជាបានប្រកាសឈប់ស្វាគមន៍ឬមិនសហការជាមួយនឹងលោក លើបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជានោះ៕
កម្ពុជាបដិសេធព័ត៌មានថាបុត្រីហ៊ុនសែនមានគម្រោងគ្រប់គ្រងក្រុមហ៊ុនCATS
កម្ពុជាបកស្រាយរឿងចាប់ខ្លួននិងហាមថៃមិនឲ្យបញ្ជាចរាចរណ៍ជើងអាកាស
តំណាងបក្សសមរង្ស៊ីនៅអាមេរិកចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសសភាខ្មែរ
គណៈកម្មការខ្មែរម្ចាស់ស្រុកនឹងរៀបចំកិច្ចប្រជុំស្ដីពីបញ្ហានៅកម្ពុជា
មន្ត្រីការបរទេសថៃឲ្យកម្ពុជាគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម
កម្ពុជាហាមបុគ្គលិកថៃមិនឲ្យចូលធ្វើការក្នុងក្រុមហ៊ុនត្រួតពិនិត្យជើងយន្តហោះ
កម្ពុជាមិនទាន់ទទួលលិខិតផ្លូវការស្នើសុំដោះលែងចារកម្មថៃនៅឡើយ
មន្រ្តីរដ្ឋាភិបាលបំភ្លឺពីបញ្ហាព្រំដែននិងការលើកអភ័យឯកសិទ្ធិសមរង្ស៊ី
ទស្សនៈនានាជុំវិញការលើកអភ័យឯកសិទ្ធិសមរង្ស៊ី
មន្ត្រីការទូតថៃត្រូវគេអនុញ្ញាតឲ្យចូលជួបជនជាប់ចោទពីបទចារកម្ម
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.