អ្នក​រាយការណ៍​ពិសេស​អ.ស.ប​ជួប​សួរ​សុខ​ទុក្ខ​អ្នក​កាសែត​នៅ​ពន្ធនាគារ

អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) បាន​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​កាសែត​២​នាក់ គឺ​លោក ហង្ស ចក្រា និង​លោក រស់ សុឃិត ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​គុក​ព្រៃស ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​និង​បទ​បរិហារ​កេរ្តិ៍​កន្លង​មក។

នៅ​មុន​ការ​ចូល​ទៅ​សួរ​សុខ​ទុក្ខ​នោះ លោក ស៊ូយ៉ា ស៊ូប៊ែឌី បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ថៃ្ង​សៅរ៍ ២៣ មករា​នេះ​ថា លោក​នឹង​ចូល​ទៅ​សួរ​សុខ​ទុក្ខ​ដើម្បី​ចង់​ដឹង​មើល​ថា តើ​អ្នក​កាសែត​នៅ​ក្នុង​គុក​នោះ​មាន​អ្វី​ត្រូវ​ថ្លែង​ប្រាប់​ឲ្យ​លោក​ដឹង។ លោក​រីករាយ​នឹង​ចូល​ជួប​នៅ​ល្ងាច​ថៃ្ង​សៅរ៍​នេះ នៅ​អគារ​ម.១ ក្នុង​គុក​ព្រៃស។

លោក ហង្ស ចក្រា ជា​ចាងហ្វាង​កាសែត​ខែ្មរ​ម្ចាស់​ស្រុក ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ កាត់​ទោស​ឲ្យ​ជាប់​គុក​រយៈពេល​១២​ខែ និង​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​៩​លាន​រៀល កាល​ពី​ថៃ្ង​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០០៩​កន្លង​ទៅ ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​និង​បរិហារ​កេរ្តិ៍ ដោយសារ​តែ​លោក​បាន​ចុះ​ផ្សាយ​ព័ត៌មាន​មួយ​ចោទ​ប្រកាន់​ថា មន្រ្តី​និយម​លោក​ឧបនាយករដ្ឋមន្រ្តី សុខ អាន ត្រូវ​បាន​ចេញ​ពី​តំណែង​និង​អត្ថបទ​និយាយ​ថា លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បំបែក​សម្បុក​មន្រ្តី​ពុក​រលួយ​នៅ​ជុំវិញ​លោក សុខ អាន។

លោក រស់ សុឃិត ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ បាន​កាត់​ទោស​ឲ្យ​ជាប់​គុក​រយៈពេល​២​ឆ្នាំ ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​កាល​ពី​ថៃ្ង​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០០៩​កន្លង​ទៅ ដោយសារ​តែ​លោក​បាន​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ដៃ​ទៅ​លោក សយ សុភាព ជា​អ្នក​យក​ព័ត៌មាន​របស់​ទូរទស្សន៍ CTN ដើម្បី​សាក​សួរ​ជុំវិញ​អំពើ​ពុករលួយ​និង​ជំរិត​ទារ​ប្រាក់៕