ដំណើរទស្សនកិច្ចនេះ គឺដើម្បីសើរើជាថ្មីទៀតអំពីស្ថានការណ៍រំលោភសិទ្ធិមនុស្សនិងសេរីភាពនៃការបញ្ចេញមតិ ការរំលោភដីធ្លីនិងប្រព័ន្ធយុត្តិធម៌មិនឯករាជ្យ ដែលកំពុងរងការរិះគន់ថា បានធ្លាក់ចុះគួរឲ្យព្រួយបារម្ភនាពេលថ្មីៗ។
ការបំពេញទស្សនកិច្ចរបស់លោក ស៊ូយ៉ា ស៊ូប៊ែឌី លើកនេះ គឺចាប់ពីថៃ្ងទី១៨ ខែមករា រហូតដល់ថៃ្ងទី៣០ ចុងខែមករានេះ ដែលជាដំណើរទស្សនកិច្ចលើកទី២ហើយក្រោយពីដំណើរទស្សនកិច្ចរបស់លោកលើកដំបូងរយៈពេល១០ថៃ្ង កាលពីខែមិថុនា ឆ្នាំ២០០៩កន្លងទៅ។
លោក កុយ គួង ជាអនុរដ្ឋលេខាធិការនិងជាមន្រ្តីអ្នកនាំពាក្យនៃក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃច័ន្ទ ១៨ មករា ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតឲ្យលោក ស៊ូយ៉ា ស៊ូប៊ែឌី ជួបពិភាក្សាគ្នានៅថ្ងៃអង្គារ៍នេះ។
លោក កុយ គួង មានប្រសាសន៍ឲ្យដឹងដូច្នេះ ៖ «ជួបឥស្សរជនជាន់ខ្ពស់របស់រាជរដ្ឋាភិបាលមួយចំនួនដែរ ប៉ុន្តែមកដល់ពេលនេះគឺមានការបញ្ជាក់ច្បាស់ គឺសម្ដេចតេជោនាយករដ្ឋមន្រ្តីក៏លោកអនុញ្ញាតឲ្យជួប និងឯកឧត្ដម ឱម យ៉ិនទៀង ក៏លោកអនុញ្ញាតឲ្យជួបដែរ»។
ប្រភពដដែលបានបន្តទៀតថា លោក ស៊ូយ៉ា ស៊ូប៊ែឌី មានគម្រោងជួបជាមួយរដ្ឋមន្រ្តីមួយចំនួនទៀតនៃក្រសួងសំខាន់ៗក្នុងរដ្ឋាភិបាល ដូចជាក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ និងក្រសួងការបរទេសជាដើម។
លោក សុក សំអឿន ប្រធាននៃអង្គការគម្រោងអ្នកការពារក្តីកម្ពុជា បានមានប្រសាសន៍ថា ក្រុមអង្គការសង្គមស៊ីវិលនានា មានគម្រោងណាត់ជួបពិភាក្សាជាមួយនឹងលោក ស៊ូយ៉ា ស៊ូប៊ែឌី ដែរ ដើម្បីផ្តោតលើការពង្រឹងប្រព័ន្ធតុលាការនិងស្ថានការណ៍គោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
លោក សុក សំអឿន មានប្រសាសន៍ដូច្នេះ ៖ «ដោយសារគាត់ជាអ្នកច្បាប់ផង យើងគិតថា គាត់អាចជួយច្រើនដើម្បីជំរុញឲ្យតុលាការយើងកាន់តែរឹងមាំ។ បើសិនជាយើងធ្វើឲ្យតុលាការរឹងមាំ សភារឹងមាំថែមទៀត ហើយរដ្ឋាភិបាលកាន់តែក្លាយជារដ្ឋាភិបាលដែលទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ នោះហើយគឺជាការពង្រឹងឫសដើមប្រជាធិបតេយ្យឲ្យរឹងមាំ»។
ទាក់ទងនឹងដំណើរទស្សនកិច្ចនោះដែរ មន្រ្តីអ្នកនាំពាក្យនៃគណបក្សប្រឆាំងសមរង្ស៊ី និងជាតំណាងរាស្រ្តផងដែរនោះ គឺលោក យឹម សុវណ្ណ បានមានប្រសាសន៍អត្ថាធិប្បាយថា គណបក្សរបស់លោកមានគម្រោងការលើកយកបញ្ហាមួយចំនួនដើម្បីជម្រាបប្រាប់លោក ស៊ូយ៉ា ស៊ូប៊ែឌី នោះ។
លោក យឹម សុវណ្ណ បានឲ្យដឹងថា ៖ «ទី១ យើងឃើញអ្នកតំណាងរាស្រ្ដក្នុងឆ្នាំ២០០៩ ត្រូវគេដក់អភ័យឯកសិទ្ធិដល់ទៅ៣នាក់ អ្នកកាសែតដែលគេចាប់ដាក់ពន្ធនាគារក៏មិនត្រូវដោះលែង អ្នកបាញ់សម្លាប់អ្នកកាសែតក៏រកឃាតករមិនឃើញ បាតុកម្មកម្មករកម្មការិនីត្រូវគេហាមឃាត់មិនឲ្យធ្វើ ហើយប្រជាពលរដ្ឋរាប់រយរាប់ពាន់នាក់ដែលក្នុងឆ្នាំ២០០៩នេះ បាត់បង់ដីធ្លីដោយសារអ្នកមានអំណាចរឹបយកដីរបស់គាត់ដោយខុសច្បាប់»។
ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីខែធ្នូ ឆ្នាំ២០០៩ កន្លងទៅនេះ បានបើកកិច្ចប្រជុំមួយដើម្បីសើរើនិងពិនិត្យមើលអំពីស្ថានការណ៍រំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសនានា រាប់ទាំងប្រទេសកម្ពុជាផងដែរ នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដែលប្រទេសកម្ពុជារងការរិះគន់ថា ស្ថានការណ៍គោរពសិទ្ធិមនុស្សបានធ្លាក់ចុះដុនដាប៕
