អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បានសុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការប្រើប្រាស់ពាក្យថា លោកខកចិត្តដែលលោកមិនបានជួបលោក ហ៊ុន សែន ក្នុងបេសកម្មចំនួន ១០ថ្ងៃរបស់លោក ដែលផ្តោតលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
លិខិតសុំទោសនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ស្នើឲ្យលោក សុរិយា ស៊ូប៊ែឌី ធ្វើការកែតម្រូវពាក្យខកចិត្តនេះ។
អ្នកនាំពាក្យរបស់ក្រសួងការបរទេស លោក កុយ គួង មានប្រសាសន៍នៅថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ថា លោក សុរិយា ស៊ូប៊ែឌី បានសរសេរលិខិតសុំទោសលោក ហ៊ុន សែន ចំពោះការប្រើពាក្យថា លោកខកចិត្តដែលលោកមិនបានជួបពិភាក្សាជាមួយលោក ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជា។
លោក កុយ គួង មានប្រសាសន៍ដូច្នេះ ៖ «ទី១ គឺលោកសុំទោសសម្ដេច ទី២ លោកជូនពរសម្ដេចឲ្យបានឆាប់ជាសះស្បើយ និងមានសុខភាពល្អ អាយុយឺនយូរ និងទី៣ លោកនិយាយពីលទ្ធផលវិជ្ជមាននៃដំណើរទស្សនកិច្ចការងាររបស់លោកមកកម្ពុជា»។
លោក កុយ គួង ថា លិខិតរបស់លោក ស៊ូយ៉ា ស៊ូប៊ែឌី អាចជំរុញឲ្យប្រសើរឡើងវិញនូវទំនាក់ទំនងរវាងលោក ស៊ូយ៉ា ស៊ូប៊ែឌី និងរដ្ឋាភិបាលកម្ពុជា ៖ «ជាសញ្ញាដែលល្អ សញ្ញាវិជ្ជមាន ដែលលោក ស៊ូយ៉ា ស៊ូប៊ែឌី លោកឆ្លើយតបមកដោយមានការសុំទោស និងលោកដឹងទុក្ខធុរៈសម្ដេច»។
លោក ហ៊ុន សែន លុបចោលគម្រោងជួបលោក សុរិយា ស៊ូប៊ែឌី ដោយសារលោកមានជំងឺផ្ដាសាយ ប៉ុន្តែជំងឺរបស់លោកប្រសើរឡើងមួយថ្ងៃបន្ទាប់ពីការលុបចោលជំនួបនេះ។
លោក ហ៊ុន សែន កាលពីថ្ងៃទី២១ ខែមិថុនា បានមានប្រសាសន៍ថា លោក ស៊ូយ៉ា ស៊ូប៊ែឌី មិនបានគោរពសិទ្ធិម្ចាស់ផ្ទះ និងប្រមាថមើលងាយប្រជាពលរដ្ឋកម្ពុជា នៅពេលដែលលោក សុរិយា ស៊ូប៊ែឌី សម្ដែងការខកចិត្តមិនបានជួបលោក។
លោក ហ៊ុន សែន បានថ្លែងដូច្នេះ ៖ «គាត់ធ្វើសន្និសីទកាសែត គាត់ប្រើពាក្យថា មានការខកចិត្ត។ ពាក្យដែលថា មានការខកចិត្ត ខ្ញុំគិតថា សម្ដីនេះខ្វះការគោរពម្ចាស់ផ្ទះ។ សង្ឃឹមថា គាត់នឹងធ្វើការកែតម្រូវពាក្យពេចន៍របស់គាត់។ គាត់មិនត្រឹមតែមិនបានយកចិត្តទុកដាក់អំពីសុខភាពរបស់ខ្ញុំទេ ពិតមែនយើងអាចប្រើពាក្យផ្សេងបាន (ដូចជា) មានការសោកស្ដាយដែលមិនបានជួបលោកនាយករដ្ឋមន្រ្តី ហើយពេលក្រោយសង្ឃឹមថា នឹងបានជួបលោកនាយករដ្ឋមន្ត្រី»។
ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ លោកស្រី ពុង ឈីវកេក មានប្រសាសន៍នៅថ្ងៃអាទិត្យ ទី២៧ ខែមិថុនានេះដែរថា ការសុំទោសរបស់លោក សុរិយា ស៊ូប៊ែឌី មិនបានបង្ហាញពីភាពខ្សោយរបស់លោកទេ តែផ្ទុយទៅវិញ វាជាការឆ្លុះបញ្ចាំងការស្លូតបូត និងការគិតគូរវែងឆ្ងាយរបស់លោកទៅវិញទេ។លោកស្រីគិតថា ពាក្យខកចិត្តជាភាសាសាមញ្ញ មិនបំពារបំពានរដ្ឋាភិបាលទេ។
លោកស្រី ពុង ឈីវកេក មានប្រសាសន៍ថា ៖ «លោក សុរិយា ស៊ូប៊ែឌី ចង់យកផ្លូវទូតយកមកដើរ អ្វីៗចង់ឲ្យមានការចរចាជាមួយគ្នា ថ្ងៃក្រោយពេលណាលោកអញ្ជើញមកប្រទេសកម្ពុជា លោកនៅតែចង់ជួបថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជាយើង»។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី បានរិះគន់ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៧ ខែមិថុនា បន្ទាប់ពីបញ្ចប់បេសកកម្មចំនួន ១០ថ្ងៃរបស់លោកថា ប្រព័ន្ធតុលាការនៅកម្ពុជា កំពុងជួបប្រទះនឹងការលំបាកជាច្រើនក្នុងការផ្ដល់យុត្តិធម៌ជូនប្រជាជននៃប្រទេសនេះ ជាពិសេសប្រជាជនក្រីក្រ និងប្រជាជនដែលគេមិនសូវគិតគូរដល់។ ការខ្វះខាតក្នុងប្រព័ន្ធយុត្តិធម៌នេះ បានធ្វើឲ្យប្រជាពលរដ្ឋបាត់ជំនឿក្នុងប្រព័ន្ធយុត្តិធម៌។
លោក សុរិយា ស៊ូប៊ែឌី នឹងដាក់របាយការណ៍របស់លោកអំពីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ នៅខែកញ្ញានេះ៕