អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ដែលបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ១០ថ្ងៃនៅក្នុងប្រទេសកម្ពុជានោះ បានប្រកាសថា លោកមានការព្រួយបារម្ភអំពីសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា កំពុងតែរួមតូចចង្អៀត ហើយសិទ្ធិកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋកំពុងតែរងការរំលោភយ៉ាងធ្ងន់ធ្ងរ។
លោក សូរិយា ស៊ូប៊ែឌី បានមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ជាលើកទី៤ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១១ ដើម្បីមកស្វែងរកការពិត ដើម្បីដាក់របាយការណ៍នេះជូនក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅពេលខាងមុខនេះ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតនៅថ្ងៃទី២៤ ខែកុម្ភៈ នៅឯការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ហើយត្រូវបានប្រែសម្រួលជាភាសាខ្មែរថា បញ្ហារំលោភដីធ្លីភាគច្រើនមិនត្រូវបានដោះស្រាយទេ។
លោកបានបន្តថា ៖ "ខ្ញុំយល់ឃើញថា ការសម្ដែងមតិដោយសន្តិវិធី មិនគួរយកក្រមព្រហ្មទណ្ឌមកធ្វើជាដំណោះស្រាយនោះទេនៅពេលបច្ចុប្បន្ននេះ មានដូចជាបទបរិហារកេរ្តិ៍ និងបទផ្សាយព័ត៌មានមិនពិត។ អ្នកកាន់មុខតំណែងសាធារណៈគួរតែមានឆន្ទៈទទួលយកមតិរិះគន់ចំពោះសេចក្ដីសម្រេចរបស់ខ្លួន"។
អនុប្រធានអង្គភាពប្រតិកម្មរហ័សរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បានមានប្រសាសន៍ថា ការវាយតម្លៃនេះ លោកមិនអាចទទួលយកបានទេ ៖ «គាត់ទៅស្ដាប់តែមួយចំហៀងទេ។ គួរជម្រាបជូនថា សិទ្ធិសម្ដែងមតិនៅកម្ពុជាហ្នឹងទូលាយណាស់ទៅហើយ យើងប្រៀបធៀបមើលនៅប្រទេសគេផ្សេងៗ សូម្បីតែ Internet website គេអត់មានផង។ យើងអនុវត្តច្បាប់ គាត់ថា ហ្នឹងរួមតូចចង្អៀត ដល់ពេលយើងមិនអនុវត្តច្បាប់ គាត់ថា ហ្នឹងមិនគោរពនីតិរដ្ឋ»។
ផ្ទុយពីជំហររបស់មន្ត្រីរដ្ឋាភិបាលកម្ពុជា មន្ត្រីអ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា លោកគាំទ្រសេចក្ដីថ្លែងការណ៍របស់លោក សុរិយា ស៊ូប៊ែឌី ៖ «ខ្ញុំសង្ឃឹមថា លោក ស៊ូប៊ែឌី នឹងបញ្ជូនសារនេះទៅអង្គការសហប្រជាជាតិ ដើម្បីឲ្យអង្គការសហប្រជាជាតិ ក៏ដូចជាសហគមន៍អន្តរជាតិ ព្រមទាំងប្រទេសមហាអំណាចធំៗ ត្រូវតែផ្ដល់អនុសាសន៍ដល់រដ្ឋាភិបាល ធ្វើយ៉ាងម៉េចដើម្បីរកមធ្យោបាយ បង្កើនការខិតខំប្រឹងប្រែង ជំរុញឲ្យមានការគោរពសិទ្ធិមនុស្សឲ្យបានត្រឹមត្រូវ»។
ទាក់ទងនឹងសេរីភាពនៃការបញ្ចេញមតិនេះ ប្រធានក្រុមស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licahdo) លោក អំ សំអាត បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០០៨មក មានមនុស្សជាច្រើនបានរងការប្ដឹងក្រោមបទបរិហារកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិត នៅក្នុងនោះមានតំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោកស្រី មូរ សុខហួរ មេដឹកនាំគណបក្ស សម រង្ស៊ី លោក សម រង្ស៊ី តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក ហូរ វ៉ាន់ ចាងហ្វាងកាសែតមនសិការខ្មែរ លោក ដាំ សិទ្ធិ ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក លោក ហង្ស ចក្រា សកម្មជនសិទ្ធិមនុស្ស លោក សំ ច័ន្ទគា និងបុគ្គលិកនៃអង្គការស្បៀងអាហារពិភពលោក លោក សេង គុណកា៕