អ.ស.ប.​ដាក់​ឲ្យ​ប្រើប្រាស់​សៀវភៅ​ស្ដីពី​ពាណិជ្ជកម្ម​និង​សិទ្ធិ​មនុស្ស

អង្គការ​សហប្រជាជាតិ​ដាក់​ឲ្យ​ប្រើប្រាស់​សៀវភៅ​គោលការណ៍​ណែនាំ​ស្ដីពី​ធុរកិច្ច ឬ​ពាណិជ្ជកម្ម និង​សិទ្ធិ​មនុស្ស ​ដោយ​ផ្តោត​លើ​ការ​អនុវត្ត​ក្របខ័ណ្ឌ​របស់​អង្គការ​សហ​​​ប្រជាជាតិ (អ.ស.ប.) ស្តីពី «ការ​ការពារ ការ​គោរព និង​ការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់»។

0:00 / 0:00

លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ជា​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា។ លោក​មាន​ប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​ឲ្យ​ប្រើប្រាស់​សៀវភៅ​ស្តីពី​ពាណិជ្ជកម្ម និង​សិទ្ធិ​មនុស្ស ល្ងាច​ថ្ងៃ​ទី​៧ ខែ​ធ្នូ នា​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់ ថា សៀវភៅ​ធុរកិច្ច ឬ​ពាណិជ្ជកម្ម និង​សិទ្ធិ​មនុស្ស ​គឺ​បាន​បំភ្លឺ​ពី​តួនាទី និង​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល និង​សហគ្រាស​ពាណិជ្ជកម្ម។

លោក​ថ្លែង​ឲ្យ​ដឹង តាម​រយៈ​សំឡេង​​អ្នក​​បក​ប្រែ​ភាសា​ទៀត​ថា សៀវភៅ​នេះ​​បាន​អនុម័ត​យល់ព្រម​ដោយ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១១។ សៀវភៅ​ស្តីពី​​​ពាណិជ្ជកម្ម និង​សិទ្ធិ​មនុស្ស បាន​បោះ​ពុម្ព​ជា​ពីរ​ភាសា គឺ​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស។

លោក សុរិយា សូប៊ែឌី បន្ថែម៖ «ក្នុង​ន័យ​ខាង​លើ​នេះ ការ​អនុវត្ត​នូវ​វិធីសាស្ត្រ​សិទ្ធិ​មនុស្ស​ចំពោះ​ការ​បដិបត្តិ​ផ្នែក​ពាណិជ្ជកម្ម​នេះ គឺ​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​រយៈ​ពេល​វែង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ទស្សនៈ​ទាំង​ពីរ​នេះ​ហាក់​ដូច​ជា​ខុស​គ្នា ដែល​ម្យ៉ាង​ពាណិជ្ជកម្ម ហើយ​ម្យ៉ាង​សិទ្ធិ​មនុស្ស​មាន​ភាព​សមស្រប​គ្នា»

លោក ធន សារ៉ាយ ជា​ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​​អាដហុក។ លោក​បាន​ចាត់​ទុក​សៀវភៅ​​ណែនាំ​​ពាណិជ្ជកម្ម និង​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ គឺ​ជា​ផែនទី​បង្ហាញ​ផ្លូវ​ដល់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​សាជីវកម្ម​ផ្សេងៗ សង្គម​ស៊ីវិល សហគមន៍​​​រង​ផល​ប៉ះពាល់ ម្ចាស់​ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍​នានា ​ឲ្យ​ធ្វើ​ប្រតិបត្តិការ​ស្រប​តាម​ក្របខ័ណ្ឌ​គោលនយោបាយ​ស្ដីពី «ការ​ការពារ ការ​គោរព និង​ការ​ដោះស្រាយ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់»។

លោក ធន សារ៉ាយ បន្ថែម៖ «ខ្ញុំ​គិត​ថា ឧត្ដមស្នងការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ គួរ​តែ​មាន​ការ​រៀបចំ​អញ្ជើញ​អ្នក​ជំនាញការ​នៅ​ក្នុង​ក្រុម​ការងារ​​នេះ ដើម្បី​មក​ជួយ​រៀបចំ​ជា​វេទិកា​សម្រាប់​សហគមន៍​ធុរកិច្ច​របស់​យើង​ឲ្យ​បាន​ជ្រួតជ្រាប​ពី​បញ្ហា​នេះ ដើម្បី​កុំ​ឲ្យ​មាន​ការ​បកស្រាយ​ខុស​គ្នា​ទៅ​ថ្ងៃ​មុខ»

បន្ថែម​លើ​នេះ អ្នកស្រី លេន វែនលិន ជា​ទីប្រឹក្សា​ការិយាល័យ​នៃ​ឧត្ដមស្នងការ​សហប្រជាជាតិ ទទួល​បន្ទុក​ពាណិជ្ជកម្ម និង​សិទ្ធិ​មនុស្ស ប្រចាំ​ទីក្រុង​ហ្សឺណែវ។ អ្នកស្រី​ក៏​បាន​ចាត់​ទុក​ការ​បោះ​ពុម្ភ​សៀវភៅ​ណែនាំ​ពាណិជ្ជកម្ម និង​សិទ្ធិ​មនុស្ស​ថា ជា​ឧបករណ៍​ជំរុញ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​រវាង​រដ្ឋាភិបាល សង្គម​ស៊ីវិល និង​អ្នក​វិនិយោគទុន​នានា ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ។

សៀវភៅ​គោលការណ៍​ណែនាំ​ស្ដីពី​ធុរកិច្ច ​និង​សិទ្ធិ​មនុស្ស បង្កើត​ឡើង​​ដោយ​​លោក​សាស្ត្រាចារ្យ ចន រ៉ាក់គី (Professor John Ruggie) ជា​តំណាង​​​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស សាជីវកម្ម​ឆ្លង​ដែន និង​សហគ្រាស​​ពាណិជ្ជកម្ម​ផ្សេងៗ។

សៀវភៅ​នេះ​មាន​ខ្លឹមសារ​ផ្ដោត​ទៅ​លើ​ការ​អនុវត្ត​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​ស្ដីពី «ការ​ការពារ ការ​គោរព និង​ដំណោះ​ស្រាយ» ដែល​ត្រូវ​បាន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អនុម័ត​ជា​ឯកច្ឆន្ទ​នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១១៕