នៅក្នុងលិខិត ២ទំព័រ ចុះថ្ងៃទី២៥ ខែឧសភា ផ្ញើជូនលោក គ្លីន វីលៀមសុន (Clint Williamson) ជំនាញការពិសេសនៃអង្គការសហប្រជាជាតិផ្នែកសាលាក្ដីខ្មែរក្រហម លោក អ៊ូ វីរៈ បានថ្លែងថា ការវិវត្តន៍នៅពេលថ្មីៗនេះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ទាក់ទងនឹងសំណុំរឿង លេខ ០០៣ និង ០០៤ បានបង្កឲ្យមានក្ដីបារម្ភជាច្រើន និងមានសំណួរចោទសួរថា តើអង្គការសហប្រជាជាតិកំពុងតែយល់ព្រមចំពោះសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចប់សកម្មភាពសាលាក្ដីខ្មែរក្រហមត្រឹមតែសំណុំរឿង ០០២ ឬក៏យ៉ាងណា?
ក្នុងលិខិតដដែលនោះក៏បានបញ្ជាក់នូវព្រឹត្តិការណ៍ដែលកើតឡើងជាបន្តបន្ទាប់ ស្ដីពីការខ្វែងយោបល់គ្នារវាងសហចៅក្រមស៊ើបអង្កេត និងសហព្រះរាជអាជ្ញាអន្តរជាតិ។
សហចៅក្រមស៊ើបអង្កេតបានប្រកាសនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១១ ថា ការស៊ើបអង្កេតករណី ០០៣ ត្រូវបានបញ្ចប់។
លោក អេនឌ្រូ ខេលី (Andrew Carley) សហព្រះរាជអាជ្ញាអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃ៣ ឧសភា ដោយទទូចសុំឲ្យមានការស៊ើបអង្កេតបន្ថែមលើសំណុំរឿង ០០៣ ដោយចោទថា បទឧក្រិដ្ឋសម្រាប់ធ្វើការចោទប្រកាន់មិនបានស៊ើបអង្កេតពេញលេញឡើយ។
នៅថ្ងៃទី១៨ ខែឧសភា សហចៅក្រមស៊ើបអង្កេតបានចេញដីកាមួយបង្គាប់ឲ្យលោក អេនឌ្រូ ខេលី ដកចេញនូវចំណុចមួយចំនួននៃសេចក្ដីថ្លែងការណ៍របស់លោកចេញពីគេហទំព័ររបស់សាលាក្ដីខ្មែរក្រហម ដោយសហចៅក្រមស៊ើបអង្កេតអះអាងថា សេចក្ដីប្រកាសផ្សាយរបស់លោក អេនឌ្រូ ខេលី បានបង្ហើបព័ត៌មានសម្ងាត់ទាក់ទងនឹងជនសង្ស័យដែលវិធានផ្ទៃក្នុងនៃសាលាក្ដីបានហាមឃាត់។
លោក អ៊ូ វីរៈ បន្តថា ល្គឹកណាអង្គការសហប្រជាជាតិមិនបានចាត់វិធានការជាបន្ទាន់ដើម្បីធានាឲ្យមានការស៊ើបអង្កេតចំពោះលើករណីលេខ ០០៣ និង ០០៤ នោះទេ សហគមន៍អន្តរជាតិនឹងត្រូវប្រឈមមុខនឹងការស្ដីបន្ទោសចំពោះបរាជ័យរបស់ខ្លួន ដូចជារាជរដ្ឋាភិបាលកម្ពុជា ផងដែរ ដែលបរាជ័យក្នុងការរកយុត្តិធម៌ជូនជនរងគ្រោះក្នុងរបបខ្មែរក្រហម៕