មន្ត្រីគណបក្ស សម រង្ស៊ី និងជាអ្នកតំណាងរាស្ត្រ មើលឃើញថា ការកែទម្រង់រចនាសម្ព័ន្ធក្នុងស្ថាប័នចាស់ គឺអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីដែលធ្លាប់ធ្វើការមិនបានជោគជ័យនោះ គឺជារូបភាពប្រជាភិថុតិដែលគណបក្សកាន់អំណាចនិយមប្រើនៅពេលជិតបោះឆ្នោត។
រូបភាពនៃការកែទម្រង់ថ្មីនោះ គឺបានប្រើប្រាស់ក្រុមនិស្សិតឲ្យទៅធ្វើការជំនួសមន្ត្រីធំៗជាច្រើនរូប នៅក្នុងស្ថាប័នអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដែលធ្លាប់អសកម្មក្នុងការងារកន្លងមក ដោយមានកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកកាន់កិច្ចការនេះផ្ទាល់។
លោក យឹម សុវណ្ណ ជាអ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោកមានប្រសាសន៍ថា ការបង្កើតយន្តការថ្មីនេះ នឹងមិនអាចបញ្ចប់បញ្ហាជម្លោះដីធ្លីបានទេ ពីព្រោះរដ្ឋាភិបាលពុំមានឆន្ទៈពិតប្រាកដក្នុងការជួយដល់ពលរដ្ឋក្រីក្រ ហើយមន្ត្រីរដ្ឋាភិបាលដែលជាអ្នកមានអំណាច មិនគោរពច្បាប់ឡើយ។ ជាងនេះទៅទៀត មន្ត្រីទាំងនោះបានប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីគំរាមកំហែងប្រជាពលរដ្ឋថែមទៀត។
លោក យឹម សុវណ្ណ៖ «ក្នុងគណបក្សកាន់អំណាចហ្នឹងពេលបោះឆ្នោតម្ដងៗ ច្រើនតែធ្វើប្រជាភិថុតិ ច្រើនតែចេញមុខធ្វើជាដោះស្រាយបញ្ហានេះបញ្ហានោះ។ ក៏ប៉ុន្តែ ជាក់ស្ដែងនៅពេលដែលបោះឆ្នោតហើយហ្នឹង គឺបញ្ហាវិលត្រឡប់មកវិញដដែល ហើយបញ្ហាហ្នឹងកាន់តែធ្ងន់ធ្ងរជាងមុនទៅទៀត។ ខ្ញុំចាំបានពីឆ្នាំ២០០៨ ប្រមុខរដ្ឋាភិបាលហ្នឹងចេញមុខដោះស្រាយបញ្ហាដី១០លានប្រសិទ្ធភាព ម៉ាភ្លែតបានប្រហែលមួយអាទិត្យមុនពេលបោះឆ្នោត។ ស្រាប់តែបោះឆ្នោតហើយ បញ្ហាតាំងពី២០០៨ មកដល់២០១២ វាធ្ងន់ធ្ងរជាងអាណត្តិមុនទៅទៀត។ អីចឹងហើយ បានថាការដោះស្រាយគ្រាន់តែល្អមើល គ្មានឆន្ទៈនយោបាយ គ្មានការគោរពច្បាប់ គ្មានការឲ្យកែទម្រង់ប្រព័ន្ធតុលាការឲ្យបានត្រឹមត្រូវទេ គឺអ្នករងគ្រោះដោយសារទំនាស់ដីធ្លីហ្នឹង កាន់តែច្រើនឡើង។ ហើយប្រទេសជាតិរបស់យើងកាន់តែជួបវិបត្តិសង្គម ដោយសារតែបញ្ហាទំនាស់ដីធ្លីហ្នឹង កាន់តែធ្ងន់ធ្ងរទៅ»។
ចំណែកលោក សៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសនៃសិទ្ធិលំនៅឋាន លោកមើលឃើញសកម្មភាពថ្មី ដោយផ្អែកទៅលើគោលនយោបាយចាស់របស់រដ្ឋាភិបាល ដែលបានដាក់ចេញតាំងពីឆ្នាំ២០០៦ មកនោះ ថាជាសកម្មភាពភ្លើងចំបើងដែលឆេះមួយឆាវៗ មិនអាចធ្វើឲ្យជម្លោះដីធ្លីដែលកំពុងកើតមានពេញផ្ទៃប្រទេសនោះ ស្រាកស្រាន្តបានទេ។ ទោះបីនាយករដ្ឋមន្ត្រីខិតខំទាំងខ្លួនឯង និងប្រើទាំងកូនផងក៏ដោយចុះ។
លោក សៀ ភារម្យ៖ «គ្រាន់តែស្រែកម៉ាវ៉ាស ហើយធ្វើម៉ាវាវទៅ រួចក្រោយមកក៏ស្ងាត់ទៅវិញ ដូចជាបទបញ្ជា ឬអនុសាសន៍ផ្សេងៗដូចជាស្រែករឿងកុងត្រូលជជុះ រឿងបិទខារ៉ាអូខេអីចឹងទៅ គឺបានតែមួយឆាវៗ រួចហើយគឺថាអ្នកខាងក្រោមហ្នឹងគឺថាដដែលវិញអីចឹងទៅណា។ អីចឹងបើសិនជាយើងធ្វើម៉េចរៀបចំប្រព័ន្ធហ្នឹងឲ្យវាទៅជាដើរដោយស្វ័យប្រវត្តិ ដូចជានៅប្រទេសគេ នៅអាមេរិក ថៃ សិង្ហបុរី គឺថាប្រព័ន្ធគេហ្នឹងអូតូម៉ាទិក (Automatic) មានន័យថា មានមុខងារច្បាស់លាស់ហើយការងាររបស់គេគឺឯករាជ្យ គេបំពេញទៅតាមតួនាទី ភារកិច្ចរបស់គេ មិនចាំបាច់ដល់មេស្រែក មេបញ្ជាបានធ្វើនោះទេ អាហ្នឹងវាបានតែមួយឆាវៗ វាអត់មាននិរន្តរភាព»។
លោកបន្តថា ក្នុងបញ្ហានេះដែររដ្ឋាភិបាលគួរតែផ្តល់ឱកាសដល់ប្រជាពលរដ្ឋដែលមានវិវាទដីធ្លីចូលរួមក្នុងការងារនេះ ដើម្បីឲ្យយន្តការដោះស្រាយវិវាទដីធ្លីនេះមានប្រសិទ្ធភាពយូរអង្វែង។
យ៉ាងណាក៏ដោយ កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ានិត ដែលទើបទទួលមុខតំណែងថ្មីជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយរឿងទំនាស់ដីធ្លី លោកមិនខ្វល់ចំពោះការរិះគន់ពីមជ្ឈដ្ឋានណាទាំងអស់។ ជាក់ស្តែងពេលនេះ លោកកំពុងខិតខំប្រឹងប្រែងអនុវត្តទៅតាមគោលការណ៍រដ្ឋាភិបាលឲ្យបានជោគជ័យ និងមានតម្លាភាពចំពោះប្រជាពលរដ្ឋទាំងអស់គ្នា។
លោក ហ៊ុន ម៉ានិត ចាត់ទុកថា នេះជាសកម្មភាពប្រវត្តិសាស្ត្រមួយសម្រាប់ជាតិ៖ «យើងចង់ធ្វើឲ្យបានតម្លាភាព។ បើចំពោះខ្ញុំ ធ្វើយ៉ាងម៉េចឲ្យ Fair (យុត្តិធម៌) ចំពោះអ្នកទាំងអស់គ្នា។ អ្នកខាងណាក៏ជាប្រជាពលរដ្ឋដែរ ប៉ុន្តែយើងធ្វើនេះឲ្យបានទៅមុខ ហើយអ្នកណាគាត់និយាយអីក៏និយាយទៅ យើងជឿជាក់ថា ដោយសារសកម្មភាពនេះយើងធ្វើទៅវាផ្លូវត្រូវ បានអ្នកខ្លះគេចេះតែចោទអ៊ីចេះអ៊ីចុះ ប៉ុន្តែអត់អីទេ ឥឡូវហ្នឹងកំពុងតែ Focus (ផ្ដោត) លើហ្នឹងហើយ»។
លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកខាងការអភិវឌ្ឍ និងជាអ្នកវិភាគបញ្ហាសង្គម លោកមានប្រសាសន៍ថា គេគួរតែពង្រឹងយន្តការថ្នាក់ក្រោមជាតិឲ្យបានរឹងមាំ ដោយផ្តល់អំណាច និងការសម្រេចចិត្តមួយច្បាស់លាស់ដល់មន្ត្រីនៅមូលដ្ឋានដែលធ្លាប់ធ្វើការងារនេះកន្លងមក ដោយពុំមានការជ្រៀតជ្រែកពីអ្នកនយោបាយ អ្នកមានអំណាច ឬអ្នកមានលុយ ហើយថ្នាក់ជាតិជាអ្នកឃ្លាំមើលពួកគាត់ធ្វើការអោយមានតម្លាភាព នោះទើបយន្តការដោះស្រាយទំនាស់ដីធ្លីមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អ។
លោកបន្តថា ចំពោះសកម្មភាពដែលរដ្ឋាភិបាលធ្វើសព្វថ្ងៃនេះ លោកមិនរំពឹងថានឹងទទួលបានលទ្ធផលល្អនោះទេ ចំពោះអ្នកដែលមានជម្លោះដីធ្លី។ ផ្ទុយទៅវិញ វាកាន់តែបង្កនូវភាពស្មុគស្មាញ ហើយបានផ្តល់ឱកាសដល់អ្នកដែលកំពុងកាន់កាប់ដីមិនស្របច្បាប់ ក្លាយជាអ្នកស្របច្បាប់ទៅវិញ។
លោក កែម ឡី៖ «វាគ្រាន់តែជារូបភាពមួយនៅមុនការបោះឆ្នោត ឬមួយវាគ្រាន់តែជារូបភាពមួយដើម្បីស្វែងរកប្រជាប្រិយភាពទេ បើសិនយកឲ្យមានប្រសិទ្ធភាពតែម្ដងវាអត់មានទេ។ ឥឡូវយើងឃើញហើយ អ្នកដែលមានបញ្ហាហ្នឹងរាប់ឆ្នាំមកហើយ នៅពេលដែលមានអញ្ចឹង គាត់នាំគ្នាបែរមកចាប់ដីហ្នឹងឡើងវិញ អាហ្នឹងចំណុចទី១។ ចំណុចទី២ យើងឃើញមានរូបភាពមន្ត្រីរាជការធំៗដែលគេចាប់ដីហ្នឹង នៅពេលដែលយើងទៅវាស់ដី ទៅជាមានសិទ្ធស្របច្បាប់ទៅវិញនៅក្នុងការវាស់អញ្ចឹង។ យន្តការរបៀបហ្នឹង ខ្ញុំគិតថាមិនទទួលបានផលល្អទេ ដោយសារតែយើងមិនរៀបចំយន្តការថ្នាក់ក្រោម តាមពិតទៅមានប្រធានភូមិ មានក្រុមប្រឹក្សាឃុំ មានប៉ូលិស ឬមួយក៏ប៉េអិម ក្នុងភូមិ-ឃុំ បើរៀបចំយន្តការហ្នឹង ខ្ញុំគិតថាដោះស្រាយបានល្អជាង ទី២ លុយកាក់ក៏ចំណាយតិច ទី៣ គាត់ដឹងភូមិសាស្ត្រច្បាស់។ ហើយបើយើងរៀបពីលើនេះទៅ ក្រុមនិស្សិតដែលចុះទៅ យើងឃើញហើយថា ដើរតាមតែក្រុមសុរិយោដីដដែល តាមគណៈកម្មការហ្នឹងដដែលហ្នឹង គណៈកម្មការប្រាប់ឲ្យវាស់កន្លែងណា វាស់កន្លែងហ្នឹងដដែលហ្នឹង គ្រាន់តែជារូបភាពទេ តាមពិតតាមលក្ខណៈបច្ចេកទេស គឺអ្នកខាងក្រោមហ្នឹងដឹងដែលដឹងរឿង បើផ្ទេរភារកិច្ចឲ្យគាត់ហ្នឹង គាត់ដោះស្រាយបានទាំងអស់ហ្នឹង គ្មានបញ្ហារហូតមកដល់ពេលនេះទេ»។
តែទោះយ៉ាងណា អ្នកនាំពាក្យនៃក្រសួងដែនដី និងនគរូបនីយកម្ម និងសំណង់ ដែលស្ថិតក្នុងគណៈកម្មការដោះស្រាយដែរនោះ បញ្ជាក់ថាកិច្ចការសំខាន់គឺត្រូវពិនិត្យដោះស្រាយជាចាំបាច់នោះមានបីប្រភេទ គឺជាគោលដៅអាទិភាព៖ «ជាដីសម្បទានសេដ្ឋកិច្ចដែលមានទំនាស់ជាមួយប្រជាពលរដ្ឋ អាហ្នឹងជាអាទិភាពទី១។ ទី២ ប្រភេទដីព្រៃសម្បទាន ដែលមានទំនាស់ជាមួយប្រជាពលរដ្ឋ អាហ្នឹងជាអាទិភាពមួយទៀត។ គោលដៅទី៣ គឺដីសាធារណៈរបស់រដ្ឋដែលមានដីកាដកហូតពីតុលាការ តែមិនដែលបានអនុវត្ត»។
តំបន់ទាំងនោះ ក្រុមការងារបានកំណត់ក្នុងខេត្តចំនួន១៦ នៅទូទាំងប្រទេស ក្នុងនោះមានប្រជាពលរដ្ឋប្រមាណ៣៥ម៉ឺនគ្រួសារ និងមានទំហំដីប្រមាណ១លានហិកតារ ដែលត្រូវដោះស្រាយ។
រដ្ឋាភិបាលបានកំណត់បញ្ចប់ការងារនេះក្នុងរយៈពេល៦ខែ ដោយគិតចាប់ពីពាក់កណ្ដាលខែមិថុនា ឆ្នាំ២០១២ មក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
