មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា គណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលកំពុងប្រជុំប្រចាំឆ្នាំលើកទី៣៣របស់ខ្លួននៅប្រទេសអេស្ប៉ាញនោះ បានច្រានចោលសំណើរបស់ប្រទេសថៃ ដែលបានស្នើឲ្យបញ្ចូលការពិភាក្សាឡើងវិញអំពីការដាក់ប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកទៅក្នុងរបៀបវារៈនោះ ក្នុងកិច្ចប្រជុំពីរថ្ងៃរបស់ខ្លួនកន្លងមកនេះ។
ប្រាសាទព្រះវិហារខ្មែរ នៅលើកំពូលភ្នំដងរែក នៃខេត្តព្រះវិហារ។
លោករដ្ឋលេខាធិការ ផៃ ស៊ីផាន នៃទីស្តីការគណៈរដ្ឋមន្រ្តីប្រទេសកម្ពុជា បានឲ្យដឹងថា ជាមួយនឹងកិច្ចប្រឹងប្រែងរបស់រដ្ឋមន្រ្តីការបរទេសថៃ ដែលបានព្រមានអង្គការយូណេស្កូ ចំពោះការសម្រេចបញ្ចូលប្រាសាទព្រះវិហារកន្លងមក កាលពីថ្ងៃច័ន្ទនោះ នៅថ្ងៃអង្គារម្សិលមិញ កាសែតបាងកកប៉ុស្តិ៍ នៃប្រទេសថៃ បានរាយការណ៍ថា មេបញ្ជាការកងទ័ពជើងគោកថៃ លោកឧត្តមសេនីយ៍ អនុផុង ផៅជិនដា (Anupong Paojinda) បានធ្វើដំណើរទៅកាន់តំបន់ព្រំដែនថៃ-ខ្មែរ ដែលនៅក្បែរប្រាសាទព្រះវិហារ។
លោក ផៃ ស៊ីផាន មានប្រសាសន៍ឲ្យដឹងដូច្នេះថា ៖ «ពីម្សិលមិញ ហើយនិងពីព្រឹកមិញនេះ គណៈកម្មាធិការអចិន្រ្តៃយ៍របស់គណៈកម្មការបេតិកភណ្ឌពិភពលោកហ្នឹង មិនបានដាក់របៀបវារៈដែលសៀមទាមទារឲ្យដាក់ការវិនិច្ឆ័យទៅលើប្រាសាទព្រះវិហារនោះទេ គេច្រានចោល។ ដូច្នេះការទាមទាររបស់ថៃ ដែលចង់ឲ្យប្រាសាទព្រះវិហារផាត់ចេញពីបញ្ជីបេតិកភណ្ឌពិភពលោក គឺទទួលបរាជ័យហើយនៅខាងណោះ។ បកមកខាងព្រំដែនខ្មែរ យើងឃើញមានយុទ្ធសាស្រ្ដជាច្រើន ដូចជាការបង្កើនកម្លាំងកងទ័ព ចលនាកងទ័ព រហូតមានការទស្សនកិច្ចរបស់ឯកឧត្ដម អនុផុង មកកាន់ព្រំដែនកម្ពុជា-ថៃ នៅក្បែរតំបន់ប្រាសាទព្រះវិហារ ខេត្តស៊ីសាកេតនោះ ក៏លោកមកក្នុងន័យហ្នឹងដែរ»។
រីឯទីភ្នាក់ងារព័ត៌មាន Reuters របស់អង់គ្លេស ក៏រាយការណ៍ឲ្យដឹងផងដែរថា នាយករដ្ឋមន្រ្តីថៃ លោក អៈភិស៊ិត វេតឆាឈីវៈ នឹងបញ្ជូនឧបនាយករដ្ឋមន្ត្រី ស៊ូថេប ថាក់សូបាន់ ដែលជាដៃស្តាំរបស់លោកទៅកាន់កម្ពុជានៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដើម្បីប្រឹងរកដំណោះស្រាយបញ្ហាតានតឹងរវាងប្រទេសទាំងពីរ ដែលបណ្តាលមកពីទំនាស់រឿងប្រាសាទព្រះវិហាររបស់ខ្មែរ។
លោករដ្ឋលេខាធិការ ផៃ ស៊ីផាន ដែលពុំអាចបញ្ជាក់បានថាព័ត៌មាននៃដំណើរទស្សនកិច្ចរបស់លោក ស៊ូថេប មានពិតមែន ឬយ៉ាងណានោះ បានមានប្រសាសន៍ថា ការប្រឹងប្រែងបែបនេះ មិនមានប្រយោជន៍ទេ ដោយលោកបានស្នើថា ប្រទេសថៃគប្បីប្រឹងធ្វើយ៉ាងណា ឲ្យស្ថានភាពព្រំដែននៅតំបន់ព្រះវិហារនោះ មានប្រក្រតីភាពឲ្យបានដូចមុនថ្ងៃទី ១៥ កក្កដា ២០០៨ នោះវិញទើបប្រសើរ។
លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ៖ «ការមកពន្យល់សម្ដេច រហូតទៅដល់មានមេកងទ័ពចូលរួមដំណើរជាមួយនឹងឧបនាយករដ្ឋមន្រ្តីមកជួបសម្ដេច ខ្ញុំថាហាក់បីដូចជាមិនមែនជាសារសំខាន់ណាទេ សារសំខាន់ដែលបញ្ចប់នៃវិវាទហ្នឹង គឺថៃត្រូវតែដកទ័ពចេញ រក្សាតំបន់នៅប្រាសាទព្រះវិហារឲ្យបានដូចមុនថ្ងៃទី ១៥ កក្កដា ២០០៨ នោះឯង។ ត្បិតអីខែកក្កដា ខាងមុខនេះ កាលវិភាគត្រូវកម្ពុជា-ថៃហ្នឹង ខាងគណៈកម្មការខណ្ឌសីមាដីគោក ត្រូវចុះទៅមើលវាស់វែងនៅកន្លែងនោះឯង។ នេះជាអាទិភាពដែលថៃត្រូវធ្វើ ជាជាងមកជួបសម្ដេចតេជោ ហ៊ុន សែន»។
សូមរំឭកថាទាំងលោកឧបនាយករដ្ឋមន្រ្តី សុខ អាន ដែលកំពុងដឹកនាំប្រតិភូក្នុងកិច្ចប្រជុំនៅប្រទេសអេស្ប៉ាញ ព្រមទាំងលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានសម្ដែងប្រតិកម្មយ៉ាងម៉ឺងម៉ាត់ដូចគ្នា ចំពោះជំហរកម្ពុជាទៅនឹងសេចក្តីថ្លែងថ្មីរបស់លោកនាយករដ្ឋមន្រ្តីថៃ ដែលចង់សើរើសេចក្តីសម្រេចរបស់អង្គការយូណេស្កូលើករណីព្រះវិហារនោះ ដោយបានបញ្ជាក់ថា កម្ពុជារៀបចំខ្លួនជាសេ្រចស្វាគមន៍ប្រទេសថៃ តាមគ្រប់មធ្យោបាយ ទាំងតាមយោធា ការទូត ឬក៏តាមរយៈការចរចាដោយសន្តិវិធី៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.