ក្រុម​ជំនាញ​​របស់​យូណេស្កូ​ទៅ​​មើល​​ការ​ខូចខាត​របស់​ប្រាសាទ​ព្រះវិហារ

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា រំពឹង​ថា នឹង​បាន​ទទួល​របាយការណ៍​ជា​បន្ទាន់​មួយ​ពី​ក្រុម​អ្នក​ជំនាញ​ឯករាជ្យ​ជាន់​ខ្ពស់​របស់​អង្គការ​យូណេស្កូ ក្នុង​ការ​ផ្ដល់​អនុសាសន៍​បច្ចេកទេស ដើម្បី​យក​មក​​ជួសជុល​​ការ​ខូចខាត​របស់​ប្រាសាទ​ព្រះវិហារ​​ក្នុង​ពេល​ឆាប់ៗ។

0:00 / 0:00

ក្ដី​រំពឹង​នេះ​កើត​ឡើង​ក្រោយ​ពី​មន្ត្រី​អង្គការ​សហប្រជាជាតិ បាន​ទៅ​សិក្សា​ពី​ការ​ខូចខាត​ប្រាសាទ​ព្រះវិហារ។ ប្រាសាទ​ព្រះវិហារ​បាន​ទទួល​រង​ការ​បែកបាក់​ជា​ច្រើន​កន្លែង ដោយសារ​គ្រាប់​កាំភ្លើង​ជា​ច្រើន​របស់​ទាហាន​ថៃ ដែល​បាន​បាញ់​នៅ​ក្នុង​ពេល​ប្រយុទ្ធ​គ្នា​​រវាង​កងទ័ព​កម្ពុជា និង​ថៃ កាល​ពី​អំឡុង​ខែ​កុម្ភៈ កន្លង​ទៅ​។

ក្រុម​អ្នក​ជំនាញ​ជាន់​ខ្ពស់​របស់​អង្គការ​យូណេស្កូ (UNESCO) ចម្រុះ​ជាតិ​សាសន៍​មួយ​ក្រុម បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រាសាទ​ភ្នំ​ព្រះវិហារ ជា​លើក​ដំបូង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ដើម្បី​ពិនិត្យ​មើល​ភាព​ខូចខាត​​​របស់​ប្រាសាទ​បូរាណ​មួយ​នោះ​ដោយ​ផ្ទាល់​ភ្នែក បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ-​ថៃ ក្នុង​រឿង​ជម្លោះ​​​ព្រំដែន​​នៅ​ជិត​តំបន់​នោះ បាន​ស្ងប់​ស្ងាត់​រយៈ​ពេល​ជាង ១០​ខែ កន្លង​មក​ហើយ​នោះ។

លោក ជុច ភឿន ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ ទទួល​បន្ទុក​ការពារ និង​ថែរក្សា​ប្រាសាទ​បូរាណ​​ព្រះវិហារ នៅ​លើ​ខ្នង​ភ្នំ​ដងរែក។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ទី​១៤ ខែ​ធ្នូ ថា អ្នក​ជំនាញ​ជាន់​ខ្ពស់​របស់​អង្គការ​យូណេស្កូ មួយ​ក្រុម ដែល​ហៅ​កាត់​ថា​អាដហុក (ADHOC) បាន​ទៅ​ពិនិត្យ​​មើល​ការ​ខូចខាត​របស់​ប្រាសាទ​ព្រះវិហារ នៅ​ពេល​ដែល​ស្ថានការណ៍​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​យោធា​ខ្មែរ-​ថៃ ក្នុង​រឿង​ជម្លោះ​ព្រំដែន​នៅ​ទី​នោះ​បាន​ស្ងប់ស្ងាត់។

លោក ជុច ភឿន បាន​មាន​ប្រសាសន៍​ទៀត​ថា អ្នក​ជំនាញ​ជាន់​ខ្ពស់​របស់​អង្គការ​យូណេស្កូ​ទាំង​នោះ មាន​ចម្រុះ​ជាតិ​សាសន៍ ដូច​ជា​ក្រុម​អេកូម៉ូស ក្រុម​ជប៉ុន បារាំង និង​អ៊ីតាលី ជាដើម៖ «អាជ្ញាធរ​ព្រះវិហារ​បាន​ជូន​គេ​មើល​ផ្ទាល់​នូវ​​កន្លែង​ទាំង​អស់​ដែល​ខូចខាត។ គេ​សប្បាយ ហើយ​គេ​ទៅ​សៀមរាប​វិញ គេ​នឹង​ធ្វើ​​របាយការណ៍​មួយ​ជា​បន្ទាន់​ក្នុង​ពេល​ដែល​គេ​បាន​ឃើញ​ហ្នឹង ផ្ញើ​ទៅ​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី សុខ អាន។ ទី​២ គេ​ផ្ញើ​មក​អាជ្ញាធរ​ព្រះវិហារ​ខ្ញុំ​ហ្នឹង ដែល​នឹង​ត្រូវ​ទទួល​ធ្វើ​ការ​ដោយ​ខ្លួន​ឯង​ជា​បន្ទាន់ ក្នុង​ការងារ​ដែល​គេ​បាន​ឃើញ ហើយ​គេ​ឱ្យ​អនុសាសន៍​ផ្នែក​បច្ចេកទេស​ហ្នឹង ដើម្បី​ការពារ​កុំ​ឱ្យ​ប្រាសាទ​​​វា​ខូចខាត​ដោយ​ទឹក​ភ្លៀង​ជ្រាប​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ»

មន្ត្រី​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ បាន​អះអាង​ថា ការ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ-​ថៃ នៅ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ ក្នុង​រឿង​ជម្លោះ​ព្រំដែន កាល​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១១ កន្លង​ទៅ គឺ​ទាហាន​​ថៃ​បាន​បាញ់​គ្រាប់​កាំភ្លើង​ធំ កាំភ្លើង​យន្ត រួម​ទាំង​គ្រាប់​បែក​ចង្កោម​ផង ចូល​ក្នុង​បរិវេណ​ប្រាសាទ​ព្រះវិហារ ប្រមាណ​ជាង ៤០០​គ្រាប់ បណ្ដាល​ឱ្យ​ត្រូវ​ផ្ទាំង​ថ្ម និង​ខឿន​ប្រាសាទ​​ជា​ច្រើន​កន្លែង ធ្វើ​ឱ្យ​បែក និង​ប្រេះស្រាំ។ ថ្ម​ជា​ច្រើន​ដែល​ត្រូវ​គ្រាប់​កាំភ្លើង​នោះ ពេល​បច្ចុប្បន្ន​​កំពុង​មាន​ភាព​ពុក​​ផុយ​ដូច​ជា​ដី​ខ្សាច់ ដូច្នេះ​គេ​ត្រូវ​ការ​អនុសាសន៍​ពី​ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​យូណេស្កូ ក្នុង​កិច្ច​ការពារ​ជា​បន្ទាន់ ដើម្បី​រង់ចាំ​គំរោង​ជួសជុល​ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ដ៏​ច្រើន​នោះ។

ទោះ​យ៉ាង​ណា​មិន​អាច​ទំនាក់ទំនង​មន្ត្រី​អង្គការ​យូណេស្កូ ប្រចាំ​កម្ពុជា ដើម្បី​ធ្វើ​ការ​អធិប្បាយ​ជុំវិញ​ការ​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​បញ្ហា​នោះ​នៅ​ឡើយ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​​នៃ​រាជរដ្ឋាភិបាល​កម្ពុជា។ លោក​បាន​មាន​ប្រសាសន៍​ថា ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​យូណេស្កូ ដែល​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ​នោះ គឺ​ជា​ក្រុម​ឯករាជ្យ​មួយ​ដែល​បាន​ទៅ​វាយ​តម្លៃ​អំពី​ការ​ខូចខាត​របស់​ប្រាសាទ​ព្រះវិហារ និង​ស្វែង​រក​វិធាន​នៃ​ការ​ជួសជុល​ឡើង​វិញ​នៅ​ពេល​ខាង​មុខ។

លោក ផៃ ស៊ីផាន៖ «ជា​ការ​វាយ​តម្លៃ​ផ្នែក​បច្ចេកទេស​សុទ្ធសាធ​ថា ត្រូវ​ធ្វើ​យ៉ាង​ម៉េច ជួសជុល​យ៉ាង​ម៉េច ដោយសារ​ថ្ម​របស់​ប្រាសាទ​ព្រះវិហារ​​ហ្នឹង កាល​ណា​វា​ខូចខាត​វា​ក្លាយ​ទៅ​ជា​ដី​ខ្សាច់​ទៅ​ហើយ ដូច្នេះ​អា​នេះ​វា​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​យើង​ម្ចាស់​ទ្រព្យ ក៏​ដូច​ជា​កាតព្វកិច្ច​របស់​យូណេស្កូ ក្នុង​​កិច្ច​ការពារ​សម្បត្តិ​វប្បធម៌​មនុស្ស​ជាតិ​នេះ​ឯង»

ចាប់​តាំង​ពី​ប្រាសាទ​ព្រះវិហារ ទទួល​រង​ការ​បំផ្លាញ​ដោយ​គ្រាប់​កាំភ្លើង​របស់​ទាហាន​ថៃ ក្នុង​ពេល​​ប្រយុទ្ធ​គ្នា​ចុង​ក្រោយ​នៅ​តំបន់​ក្បែរ​នោះ កាល​ពី​ខែ​កុម្ភៈ រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ជាតិ​ព្រះវិហារ នៅ​មិន​ទាន់​បាន​ទទួល​គំរោង​ទឹក​ប្រាក់​ធំ​ដុំ​ណា​មួយ​​សម្រាប់​យក​ទៅ​ជួសជុល​ការ​ខូចខាត​នោះ​នៅ​ឡើយ​ទេ។

មន្ត្រី​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​ឱ្យ​ដឹង​ថា អង្គការ​យូណេស្កូ ធ្លាប់​បាន​សន្យា​ផ្ដល់​ទឹក​ប្រាក់​ចំនួន ៧​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ឱ្យ​ធ្វើ​ការ​ជួសជុល​ទៅ​លើ​ការ​ខូចខាត​ជា​អាទិភាព​ខ្លះៗ​ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ ការ​សន្យា​ផ្ដល់​ទឹក​ប្រាក់​នោះ គឺ​មាន​តែ​នៅ​លើ​ក្រដាស​ប៉ុណ្ណោះ៕