សេចក្តីថ្លែងការណ៍របស់គណបក្សសិទ្ធិមនុស្សចុះថ្ងៃទី១៥ ខែមករា បានសរសេរថា ក្រោយពេលគណបក្សសិទ្ធិមនុស្សនិងសមរង្ស៊ីបានចុះហត្ថលេខារួមគ្នាបង្កើតចលនារួបរួមនេះឡើង លទ្ធផលនៅពុំទាន់ទទួលបានជាទីគាប់ចិត្តទៅតាមការទទូចចង់បានរបស់ប្រជាពលរដ្ឋនៅឡើយ ទោះបីក្រុមការងារគណបក្សទាំងពីរបានជួបពិភាក្សាគ្នាជាញឹកញាប់បែបណាក្តី។
បន្ថែមលើសេចក្តីថ្លែងការណ៍ លោក ញ៉ែម បុញ្ញឫទ្ធិ អគ្គលេខាធិការគណបក្សសិទ្ធិមនុស្សមានប្រសាសន៍ថា លទ្ធផលនៃការចរចារវាងក្រុមការងារគណបក្សទាំងពីរក្នុងរយៈពេល១ឆ្នាំគឺទទួលបានផ្លែផ្កាខ្លះៗ ប៉ុន្តែនៅមានចំណុចបច្ចេកទេសមួយចំនួនទៀតដែលក្រុមការងារគណបក្សទាំងពីរពុំទាន់ឯកភាពគ្នានិងកំពុងចរចានៅឡើយ។
លោក ញ៉ែម បុញ្ញឫទ្ធិ បានឲ្យដឹងដូច្នេះ ៖ «យើងនៅមានសង្ឃឹមច្រើន ពីព្រោះការជជែកគ្នាប្រហែលជា២ភាគ៣ហើយដែលយើងឯកភាពគ្នា ហើយនៅសល់១ភាគ៣ទៀតដែលពាក់ព័ន្ធនឹងនីតិវិធីនិងបច្ចេកទេសមួយចំនួន ប៉ុន្តែជាគោលការណ៍យើងនឹងបង្កើតចលនាប្រជាធិបតេយ្យរួមគ្នាមួយ បូកផ្សំរួមគ្រប់គណបក្សនយោបាយដែលមាននិន្នាការប្រជាធិបតេយ្យសេរីនិយម ជាតិនិយម បូករួមជាមួយនឹងឥស្សរជននយោបាយដទៃទៀត»។
លោក យឹម សុវណ្ណ មន្ត្រីអ្នកនាំពាក្យគណបក្សសមរង្ស៊ី និងជាតំណាងរាស្ត្រផងនោះ មានប្រសាសន៍ថា តាមការកត់សម្គាល់ពីលទ្ធផលនៃក្រុមការងារចរចារវាងគណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្ស ១ឆ្នាំមកនេះឃើញមានសញ្ញាវិជ្ជមានជាច្រើនកើតចេញពីតុចរចា ប៉ុន្តែលោកទទួលស្គាល់ថា នៅមានចំណុចបច្ចេកទេសមួយចំនួនដែលក្រុមការងារមិនទាន់បានឯកភាពគ្នា។
លោក យឹម សុវណ្ណ រំពឹងទុកថា បន្ទាប់ពីក្រុមការងារគណបក្សទាំងពីរបានឯកភាពគ្នានៅលើចំណុចមួយចំនួនដែលនៅខ្វែងគំនិតគ្នា ធ្វើការដោះស្រាយបានចប់ជាស្ថាពរនៅពេលនោះ គណបក្សប្រជាធិបតេយ្យថ្មីមួយនឹងកើតមានឡើង។
លោក យឹម សុវណ្ណ មានប្រសាសន៍ថា ៖ «ចំពោះខ្ញុំ ខ្ញុំមានលទ្ធផលវិជ្ជមាន រីឯបញ្ហាលម្អិតទាក់ទងនឹងបច្ចេកទេស ទាក់ទងនឹងរឿងអី នាំទៅដល់ការបង្កើតគណបក្សតែមួយ ការដែលចូលរួមជាមួយគណបក្សសមរង្ស៊ីដែលជាគណបក្សធំទី២បន្ទាប់ពីគណបក្សប្រជាជន គឺក្រុមការងារកំពុងតែពិភាក្សាគ្នា»។
លោក ខៀវ កាញារីទ្ធ មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជានិងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ដោយខ្លីថា គណបក្សប្រជាជនកម្ពុជាមិនមានការព្រួយបារម្ភបន្តិចណាឡើយជុំវិញចលនាបង្កើតគណបក្សថ្មីដែលបង្កើតឡើងដោយគណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្សចូលរួមការបោះឆ្នោតឆ្នាំ២០១២-២០១៣ខាងមុខនេះ។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ដូច្នេះ ៖ «វាអត់មានបញ្ហាអីទេ ខ្ញុំតែងតែនិយាយច្រើនហើយ ពីដើមមានក្រដាស៥០០ចែកគ្នា១០នាក់បាន៥០រៀលម្នាក់ ដល់ឥឡូវប្រមូលមកកាន់ម្នាក់វិញក៏ប៉ុណ្ណឹងដដែលហ្នឹង ប៉ុន្តែអ្នកខ្លះចាយលុយអស់ទៀត អាលុយ៥០ហ្នឹង»។
សេចក្តីថ្លែងការណ៍របស់គណបក្សសិទ្ធិមនុស្ស បានឲ្យដឹងថា នៅគ្រាដែលការពិភាក្សាពុំទាន់ទទួលបានលទ្ធផល គណបក្សសិទ្ធិមនុស្សរក្សាសិទ្ធិក្នុងការពិភាក្សារួបរួមមិនថាគណបក្សណា ឬឥស្សរជននយោបាយណាដែលមានបំណងចង់រួបរួមគ្នាក្នុងគ្រឹះប្រជាធិបតេយ្យសេរី ស្របតាមសេចក្តីប៉ងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរដែលចង់បានឲ្យអ្នកប្រជាធិបតេយ្យរួបរួមគ្នាជាធ្លុងមួយ ចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០១២-២០១៣ខាងមុខ៕
