ប្រជាពលរដ្ឋទាំងមនុស្សចាស់ និងកូនក្មេង រស់នៅភូមិចំនួនពីរ ក្នុងឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ កំពុងកើតជំងឺរាតត្បាតបន្តបន្ទាប់គ្នា ក្នុងមួយគ្រួសារពី ៣ ទៅ ៦នាក់ ដោយពុំមានការសន្និដ្ឋានពីពេទ្យថា បណ្ដាលមកពីមេរោគអ្វីនៅឡើយ។
ស្ត្រីឈ្មោះ សុទ្ធ ណែម រស់នៅភូមិសម៉ក្រោម ដែលកំពុងមានជំងឺនេះ ឲ្យដឹងនៅថ្ងៃទី៩ ឧសភា ថា សមាជិកក្នុងគ្រួសារគាត់ចំនួន ៦នាក់ បានធ្លាក់ខ្លួនឈឺរយៈពេល ៤ថ្ងៃមកហើយ បន្ទាប់ពីពលរដ្ឋនៅក្បែរផ្ទះរបស់គាត់បានឈឺជាបន្តបន្ទាប់ និងដំបូងបង្អស់ជំងឺនេះបានកើតលើអ្នកភូមិតាស្រែន។
គាត់បន្តថា អាការៈនៃជំងឺនេះមានដូចជា ក្ដៅខ្លួន មានចំហាយក្ដៅចេញពីក្នុងមាត់ កន្ទួលនៅលើស្បែក ឈឺតាមសន្លាក់ឆ្អឹងជាដើម៖ «ជំងឺស្គន់សន្លាក់ពេញភូមិអស់ហើយឥឡូវហ្នឹង។ មិនដឹងធ្វើម៉េចទេ។ ផ្ទះខ្ញុំ ៧នាក់នៅសល់តែកូនតូចអាយុ ៣ឆ្នាំម្នាក់ហុចទឹកឲ្យផឹកទេ ឥឡូវហ្នឹងវាពេញដីអស់ហើយ។ អត់ដឹងម៉េចឈឺសន្លាក់ដៃជើងដើរអត់រួច ហើយក្ដៅវារាងកន្ទួលៗខ្លះចេញពងទៅ ហើយដាក់ថ្នាំបន្តោកសេរ៉ូមអីក៏មិនអន់ដែរ។ ឥឡូវរកលុយមើលខ្លួនលែងឃើញគ្រប់គ្នាអស់ហើយមាននរណាហៅពេទ្យហៅអីកើតពេទ្យចែកផ្លូវគ្នារត់។ ផ្ទះគេឈឺបន្តៗគ្នារហូតឥឡូវហ្នឹង ច្រើនណាស់ពីខាងលិចផ្ទះសម៉ ផ្ទះជួរខ្ញុំហ្នឹង ម្នាក់ពីរនាក់បីនាក់ច្រើនណាស់ត្អូញឈឺអ៊ីចឹងគ្រប់គ្នាណា»។
ប្រធានភូមិសម៉ក្រោម លោក ប៉ែន ណាត ថ្លែងថា ប្រជាពលរដ្ឋក្នុងភូមិរបស់កំពុងឈឺជំងឺចម្លែកជាបន្តបន្ទាប់ ដោយពុំដឹងមូលហេតុ។ គាត់ថា គ្រូពេទ្យឯកជនក្នុងភូមិបានសន្និដ្ឋានថា ពលរដ្ឋកំពុងកើតជំងឺអុតក្ដាម។ ករណីនេះ អាជ្ញាធរភូមិមិនទាន់ស្រង់ស្ថិតិថា មានពលរដ្ឋចំនួនប៉ុន្មាននាក់ដែលកំពុងមានជំងឺនេះនៅឡើយ។
លោក ប៉ែន ណាត៖ «នៅជិតផ្ទះខ្ញុំនេះប្រហែលជាបីបួនប្រាំនាក់ ទើបគ្រាន់បើឥឡូវបន្ទោកសេរ៉ូមពីម្សិលមិញហ្នឹងមួយទៀតហើយ។ ឈឺច្រើនដែរហើយ។ បើតាមគិតទៅមុនដំបូងឈឺខាងជើង ប្រហែលបីបួនប្រាំនាក់ហើយ ដល់មកឥឡូវហ្នឹងខាងត្បូងវត្តប្រហែលជាចូលជិត ១០នាក់ដែរហើយ។ បើសរុបទាំងជើងខាងត្បូងមកអាហ្នឹងជាមធ្យមជាប់ម្ភៃនាក់ហើយ។ ឭពេទ្យថា អុតក្ដាម ដូចជាជ្រូកដែរ ហើយខ្ញុំមិនដែរដឹងទើបតែឮសូរ»។
ពាក់ព័ន្ធបញ្ហានេះដែរ ប្រធានមណ្ឌលសុខភាពឃុំខ្វាវ លោក ទៀង ហាច នៅមិនដឹងករណីពលរដ្ឋកំពុងកើតជំងឺនេះទេ។ ប៉ុន្តែលោកថា នឹងចាត់ក្រុមការងារចុះពិនិត្យករណីនេះ៖ «អាហ្នឹងបើសិនខាងមណ្ឌលសុខភាពលេចឮព័ត៌មានហ្នឹង ឬក៏ចុះទៅដល់ផ្ទះផ្ទាល់កើតជំងឺឡើងជាក្រុមមិនដឹងមូលហេតុអ៊ីចឹង យើងរាយការណ៍តៗគ្នា ទៅខាងមន្ទីរ ទៅខាងកម្មវិធីជំងឺឆ្លងអ៊ីចឹង»។
ចំណែកប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត សុខ ទូច ក៏កំពុងចាត់ក្រុមការងារប្រយុទ្ធជំងឺឆ្លងខេត្តតាកែវ ចុះត្រួតករណីនេះដែរ។
អ្នកភូមិបានដាក់ការសង្ស័យថា ការកើតមានជំងឺចម្លែកនេះអាចដោយសារតែចំហាយរំសេវបំផ្ទុះគ្រាប់ដោយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់កម្ពុជាហៅកាត់ថា ស៊ីម៉ាក់ (CMAC) នៅភូមិព្រឺសលើ ដែលនៅក្បែរភូមិពួកគាត់កំពុងរស់នៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
