សាលា​រាជធានី​ភ្នំពេញ​មិន​ទាន់​ដោះ​ស្រាយ​បណ្ដឹង​អ្នក​ភូមិ​បឹងកក់

សាលា​រាជធានី​ភ្នំពេញ​មិន​ទាន់​ដោះស្រាយ​បណ្ដឹង​របស់​អ្នក​ភូមិ​៣​បឹង​កក់​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ថ្ងៃ​៧ កុម្ភៈ​នេះ ទាក់​ទង​នឹង​សំណើ​ស្នើ​សុំ​ឲ្យ​សាលា​រាជធានី​រៀបចំ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ដូច​ដើម​វិញ។

តំណាង​ប្រជាពលរដ្ឋ​ភូមិ​៣​បឹងកក់ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​៧ កុម្ភៈ​ថា សាលា​រាជធានី​ភ្នំពេញ មិន​ទាន់​ចាត់ការ​លើ​ពាក្យ​បណ្តឹង​របស់​ពួកគេ​នៅ​ឡើយ​ទេ​រហូត​មក​ទល់​ពេល​នេះ ដែល​អ្នក​ភូមិ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​លោក​អភិបាល​រាជធានី​ភ្នំពេញ កែប ជុតិមា ដើម្បី​ស្នើ​សុំ​ឲ្យ​ជួយ​រៀបចំ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ស្អុយ​ដូច​ដើម​វិញ ព្រោះ​ក្រុមហ៊ុន​ស៊ូកាគូ បាន​បូម​ខ្សាច់​ចាក់​បឹង​កក់​លុប​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ចាស់​នោះ។

អ្នកស្រី តាំង ភួង ជា​តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​៣ បាន​មាន​ប្រសាសន៍​ថា ទឹក​លូ​ស្អុយ​នៅ​តែ​បន្ត​លិច​ផ្ទះ​របស់​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ពួកគេ​ពិបាក​រស់​នៅ ក្មេងៗ​ឈឺ​កាន់​តែ​ច្រើន បើ​ទោះ​បី​ជា​ខាង​សាលា​ខណ្ឌ​បាន​យក​ម៉ាស៊ីន​បូម​ទឹក​លូ​នោះ​ចេញ​ក្តី ព្រោះ​ម៉ាស៊ីន​មាន​កម្លាំង​៤​សេស មិន​អាច​បូម​ទាន់​នឹង​កម្លាំង​ទឹក​លូ​ហូរ​ចូល​ច្រើន​នោះ​ឡើយ។

អ្នកស្រី តាំង ភួង បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «អត់​មាន​ទំនាក់​ទំនង​អី​ជាមួយ​យើង​ផង គ្រាន់តែ​ឃើញ​សាលា​ខណ្ឌ​គេ​ចុះ​មក​អត់​និយាយ​អី​មួយ​ម៉ាត់​គេ​ក៏​ទៅ​វិញ ទៅ​ហើយ​ក៏​បាន​ម៉ាស៊ីន​តូច​មួយ​យក​មក​បូម​មក។ មិន​អស់​ទេ​ម៉ាស៊ីន​តូច​មួយ ប៉ុន្មាន​ថ្ងៃ​ហើយ​បូម​មិន​ទាន់​ស្រក​ផង»

ប្រជាពលរដ្ឋ​ភូមិ​៣​បឹង​កក់ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២ កុម្ភៈ កន្លង​ទៅ​នេះ នៅ​ខណៈ​ដែល​ពួកគេ​បាន​ឡើង​ទៅ​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ។ អ្នកស្រី តាំង ភួង បាន​ទទូច​សុំ​ទៅ​លោក​អភិបាល​រាជធានី​ឲ្យ​ជួយ​ដោះ​ស្រាយ​ជូន​ពួកគេ​អំពី​ករណី​នេះ​ផង។

ប្រភព​ផ្សេង​ទៀត​បាន​បញ្ជាក់​ថា ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​លំនៅ​របស់​អ្នក​ភូមិ ធ្វើ​ឡើង​នៅ​ក្នុង​គំនាប​បង្ខំ​ឲ្យ​អ្នកស្រុក​រើ​ទី​លំនៅ​ចេញ​ពី​ទី​នោះ​ផង​ដែរ។

ក្រុមហ៊ុន​ស៊ូកាគូ បាន​ទទួល​សិទ្ធិ​វិនិយោគ​តំបន់​បឹង​កក់ ដែល​មាន​ផ្ទៃ​ដី​ចំនួន​១៣៣​ហិកតា​ពី​រដ្ឋាភិបាល​ចំនួន​៩៩​ឆ្នាំ​ក្នុង​ឆ្នាំ​២០០៧ ហើយ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង​៤​ពាន់​គ្រួសារ ក្នុង​នោះ​កន្លង​មក​មាន​ប្រជាពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ​ត្រូវ​បាន​បណ្តេញ​ចេញ៕