ស្ថានការណ៍​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​មាន​សភាព​ធម្មតា​វិញ​ហើយ

បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​រវាង​កង​ទាហាន​ខ្មែរ​និង​ថៃ​នៅ​តំបន់​ជាំតែ​ជិត​ប្រាសាទ​ព្រះវិហារ​កាល​ពី​ថ្ងៃ​២៤ មករា​នេះ​មក ស្ថានការណ៍​នៅ​តំបន់​នោះ​បាន​វិល​ទៅ​រក​ភាព​ស្ងប់ស្ងាត់​ជា​ធម្មតា​វិញ​ហើយ។

ស្ថានភាព​យោធា​នៅ​តំបន់​ជាំតែ​ចម្ងាយ​ប្រមាណ​១៥​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ឈៀង​ខាង​កើត​ពី​ប្រាសាទ​ព្រះវិហារ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កង​ទាហាន​ខ្មែរ-​ថៃ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៤ មករា​មក មាន​សេចក្តី​រាយ​ការណ៍​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​តំបន់​នោះ​បាន​វិល​ទៅ​រក​សភាព​ស្ងប់ស្ងាត់​ធម្មតា​វិញ​ហើយ។

មេ​បញ្ជការ​កង​យោធពល​ខេមរភូមិន្ទ​ប្រចាំ​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ដែល​កំពុង​គ្រប់​គ្រង​យោធា​ខ្មែរ​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ លោក​ឧត្តមសេនីយ៍​ទោ ស្រី ឌឹក បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៥ ខែ​មករា​ថា កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រួច​មក មេ​បញ្ជាការ​ថ្នាក់​កង​ពល​នៃ​យោធា​ខ្មែរ-​ថៃ បាន​ធ្វើ​ដំណើរ​ទៅ​ជួប​ប្រជុំ​គ្នា​នៅ​តំបន់​ជាំតែ​នោះ ដោយ​បាន​ជជែក​​ដើម្បី​​​បញ្ចៀស​ចេញ​កុំ​ឲ្យ​ទាហាន​ទាំង​សង​ខាង​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ថ្មី។ ការ​ជជែក​នៃ​មេ​បញ្ជាការ​យោធា​ខ្មែរ-​ថៃ គឺ​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​បាន​ព្រមព្រៀង​គ្នា​​ទាំង​សង​ខាង។

លោក​ឧត្ដមសេនីយ៍​ទោ ស្រី ឌឹក បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ក្រោយ​ការ​ជួប​គ្នា​ទៅ​វា​ធម្មតា​ជាមួយ​ថៃ​ហ្នឹង យើង​សុំ​ឲ្យ​ថយ​ទៅ​ក្រោយ​វិញ... ហើយ​ឈប់​ឲ្យ​គាត់​កាន់ GPS ហ្នឹង​ដើរ​ទៀត ហើយ​យើង​វា​ឲ្យ​ថយ​បន្តិច​មក​ដែរ។ និយាយ​រួម​យើង​ថយ​យ៉ាង​ម៉េច​ក៏ដោយ​វា​ស្ថិត​នៅ​ក្នុង​ដី​របស់​យើង​ទេ កន្លែង​យើង​ឈរ​ជើង។ យើង​ឯកភាព​គ្នា គាត់​(ថៃ)​នៅ​ខាង​ក្រោម យើង​នៅ​ដី​យើង ប៉ុន្តែ​គ្រាន់តែ​យើង​និយាយ​ជាមួយ​គាត់​ថា ឯកភាព​រក្សា​ស្ថានភាព​នឹង​ន៎ នៅ​កន្លែង​ណា​សូម​ឲ្យ​នៅ​កន្លែង​ហ្នុង ហើយ​សូម​ឲ្យ​បង្កើត​កន្លែង​ថ្មី គោរព​ការ​ល្បាត។ បើ​ចង់​ល្បាត ចង់​រុក​ហ្នឹង​ប្រាប់​មក​ខាង​នេះ(ខ្មែរ)​ផង យើង​រួម​ដំណើរ​ជាមួយ​ចៀសវាង​ការ​ប៉ះទង្គិច»

ប្រភព​ពី​មន្ត្រី​យោធា​នៃ​តំបន់​ប្រតិបត្តិការ​សឹក​​ខេត្ត​ព្រះវិហារ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​កំពុង​ប្រចាំ​ការពារ​ព្រំដែន​ខ្មែរ​នៅ​តំបន់​ជាំតែ​នោះ បាន​ឲ្យ​ដឹង​ថា កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ស្ថានភាព​ប្រឈ​មុខ​ដាក់​គ្នា​ ដោយ​ទាហាន​ខ្មែរ-​ថៃ បាន​វិល​ទៅ​រក​ការ​ស្ងប់ស្ងាត់ ដោយ​ទាហាន​ទាំង​សង​ខាង​អាច​ចេញ​ចូល​រក​គ្នា។ អ្វី​ដែល​ប្លែក​គឺ​ទាហាន​ថៃ​បាន​បើក​ចំហ​ឲ្យ​ទាហាន​ខ្មែរ​អាច​ចូល​ទៅ​លេង​ក្នុង​បន្ទាយ​យោធា​របស់​ខ្លួន​បាន ដែល​ទង្វើ​បែប​នេះ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ទាល់​តែ​សោះ​នោះ។

មន្ត្រី​យោធា​ខ្មែរ​បាន​អះអាង​ថា ការ​ប៉ះ​ទង្គិច​គ្នា​នោះ គឺ​នៅ​ពេល​ដែល​ទាហាន​ថៃ​បាន​ជម្រុល​ចូល​មក​ក្នុង​ព្រំដែន​ខ្មែរ​ជម្រៅ​៣០០​ម៉ែត្រ​និង​ពួន​ស្ទាក់​វាយ​ប្រហារ​ទាហាន​ខ្មែរ​មុន​ផង។ មន្ត្រី​យោធា​ខ្មែរ​ បាន​អះអាង​ថា ទាហាន​ខ្មែរ​មិន​បាន​រង​របួស​និង​ស្លាប់​ក្នុង​ការ​ប៉ះ​ទង្គិច​នោះ​ទេ។

ព័ត៌មាន​ចេញ​ពី​កង​ទ័ព​ខ្មែរ​ដែល​និយាយ​តៗ​គ្នា​ក្រៅ​ផ្លូវការ​ថា ទាហាន​ថៃ​បាន​ស្លាប់​ចំនួន​៣​នាក់ ប៉ុន្តែ​កាសែត​របស់​ប្រទេស​ថៃ​បាន​អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ២៥ មករា​ថា ​ទាហាន​ថៃ​២​នាក់​បាន​រង​របួស​ប៉ុណ្ណោះ មិន​បាន​អះអាង​ថា មាន​ស្លាប់​នោះ​ទេ៕