អ្នក​ភូមិ​និង​អាជ្ញាធរ​នៅ​កំពង់ស្ពឺ​ជួប​ចរចា​ពី​បញ្ហា​ទំនាស់​ដី​ជាមួយ​ក្រុមហ៊ុន

ប្រជាពលរដ្ឋ​ប្រមាណ​៤០០​នាក់​មក​ពី​ភូមិ​ចំនួន​១១ នៃ​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ បាន​ជួប​ចរចា​ជាមួយ​ក្រុម​ប្រឹក្សា​ឃុំ​អមលាំង នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៨ កុម្ភៈ ទាក់ទង​នឹង​បញ្ហា​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើ។

0:00 / 0:00

តំណាង​ប្រជាពលរដ្ឋ​មួយ​រូប លោក ឃុន ជុច បាន​អះអាង​ថា ការ​ចរចា​នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ មិន​បាន​លទ្ធផល​អ្វី​ទេ​ក្រៅ​ពី​ការ​ដាក់​លក្ខខណ្ឌ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​នោះ​ភាគី​ក្រុម​ប្រឹក្សា​ឃុំ​ដែល​មាន​សមាជិក​ចូល​រួម​ចំនួន​ប្រាំ​រូប បាន​ដាក់​សំណើ​បី​ចំណុច​ចំពោះ​ប្រជាពលរដ្ឋ។ ទី​១​ឲ្យ​ក្រុមហ៊ុន​កាយ​ព្រំ​ជា​មុន​សិន។ ទី​២ សូម​បន្ត​ការ​ឈូស​ឆាយ តែ​បើ​ប៉ះ​ចំ​ស្រែ​ប្រជាពលរដ្ឋ​គឺ​ធ្វើ​ការ​រំលង។ ទី​៣​ក្រោយ​ពី​ឈូស​ព្រំ​ហើយ ក្រុមហ៊ុន​នឹងចុះ​កិច្ច​សន្យា​ទទួល​ស្គាល់​ដី​ប្រជាពលរដ្ឋ។

ភាគី​ប្រជាពលរដ្ឋ​បាន​ដាក់​លក្ខខណ្ឌ​បី​ចំណុច​ចំពោះ​ក្រុម​ប្រឹក្សា​ឃុំ​វិញ​ដែរ គឺ​ប្រជាពលរដ្ឋ​សុំ​មើលថា តើ​ស.ជ.ណ​ចេញ​នៅ​ថ្ងៃ​ណា​ខែ​ណា សុំ​ឲ្យ​ក្រុមហ៊ុន​ចុះ​កិច្ចសន្យា​ជាមួយ​ប្រជាពលរដ្ឋ​សិន​មុន​នឹង​បន្ត​ការ​ឈូស​ឆាយ​ត​ទៀត ហើយ​ជា​ចុង​ក្រោយ​ប្រជាពលរដ្ឋ​សុំ​ឲ្យ​ក្រុមហ៊ុន​ដក​គ្រឿង​ចក្រ​ចេញ​ពី​ការដ្ឋាន​ឈូស​ឆាយ។

លោក ឃុន ជុច បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ខ្ញុំ​សុំ​ឲ្យ​រាជ​រដ្ឋាភិបាល​ជួយ​ថា ដក​គ្រឿងចក្រ​ហ្នឹង​ចេញ​ពី​អមលាំង​ទៅ បើ​សិន​ជា​ទុក​គ្រឿងចក្រ​ហ្នឹង​នៅ​អមលាំង​ទៀត ប្រជាពលរដ្ឋ​ច្បាស់​ជា​រង​ទុក្ខ​វេទនា​មិន​ខាន»

តំណាង​ប្រជាពលរដ្ឋ​មួយ​រូប​ទៀត អ្នកស្រី ប្រាក់ ស៊ីណា ក៏​បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​អំពី​ជំហរ​របស់​ប្រជាពលរដ្ឋ ៖ «ក្រោយ​ពេល​ប្រជុំ​ចប់​គាត់​មិន​ទាន់​ឲ្យ​គ្រឿងចក្រ​វិល​កង់​អី​ទេ បើ​បញ្ឆេះ គឺ​បញ្ឆេះ​បាន ព្រោះ​ក្រែងលោ​គ្រឿងចក្រ​គេ​ខូច​អី​គាត់​ឲ្យ​គេ​បញ្ឆេះ គាត់​និយាយ​អ៊ីចឹង តែ​បើ​វិល​កង់​គាត់​អត់​ទាន់​ឲ្យ​វិល​កង់​ទេ លុះត្រា​តែ​ក្រុមហ៊ុន​ធ្វើ​ជា​លាយ​លក្ខណ៍​អក្សរ​ចង់​ថា ផ្ដិត​មេដៃ​ឲ្យ​គាត់ បើ​ថា​តែ​មាត់​គាត់​លែង​ជឿ​ហើយ ព្រោះ​ក្រុមហ៊ុន​មុន​មក​កុហក​គាត់ យក​ដី​គាត់​អស់​រលីង»

មេ​ឃុំ​អមលាំង លោកស្រី ហាប់ ដាំ បាន​ថ្លែង​ថា អាជ្ញាធរ​ពិត​ជា​មាន​ការ​លំបាក​ក្នុង​ការ​ពន្យល់​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​មាន​ការ​ភ័យ​ព្រួយ​អំពី​ការ​បាត់បង់​ដីធ្លី តែ​លោកស្រី​ថា នឹង​ព្យាយាម​តទៅ​ទៀត​ក្នុង​ការ​ចុះ​បញ្ជី​ដី​ស្រែ​ចម្ការ​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ។

លោកស្រី ហាប់ ដាំ មាន​ប្រសាសន៍​ថា ៖ «គាត់​យល់​ច្រឡំ​ថា យើង​មិន​គិតគូរ​ឲ្យ​គាត់​ហ្នឹង ប៉ុន្តែ​ការ​ពិត​យើង​កំពុង​តែ​គិត​គូរ​ហើយ។ យើង​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន ជម្រាប​ក្រុមហ៊ុន​ថា ត្រូវ​ទុក​ដី​ស្រែ​ដី​ចម្ការ​ឲ្យ​គាត់ មិន​ឲ្យ​ប៉ះពាល់​ទេ ព្រោះ​អី​ប្រជាពលរដ្ឋ​យើង​រស់​បាន​ដោយសារ​ស្រែ​ហ្នឹង​ហើយ គាត់​ខ្លាច​បាត់បង់​ស្រែ​គាត់​ណាស់ ហើយ​និង​ធានា​ថា ការពារ​ជូន​គាត់​ឲ្យ​បាន»

មន្ត្រី​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កំពង់ស្ពឺ លោកស្រី អ៊ូជ បូរ បាន​មាន​ប្រសាសន៍​ថា អ្នកស្រី​កំពុង​សិក្សា​ស្វែង​យល់​ថា តើ​ការ​ធ្វើ​សម្បទាន​ដីធ្លី​ឲ្យ​ទៅ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើ​នោះ​បាន​ចុះ​បញ្ជី​ហើយ​ឬ​មួយ​យ៉ាង​ណា ដោយ​អ្នកស្រី​បន្ត​ថា បើ​មិន​ទាន់​បាន​ចុះ​បញ្ជី​ទេ​ហើយ​ធ្វើ​ការ​ឈូស​ឆាយ​នោះ​គឺ​ជា​រឿង​ខុស​ច្បាប់។

លោកស្រី អ៊ូជ បូរ មាន​ប្រសាសន៍​ដូច្នេះ ៖ «រដ្ឋាភិបាល​មុន​នឹង​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ណា ទី​១​ត្រូវ​សិក្សា​ពី​ផល​ប៉ះពាល់​ឲ្យ​បាន​ច្បាស់លាស់​សិន។ ទី​២ ប្រសិន​បើ​មាន​ផល​ប៉ះពាល់​ដូច​គាត់​ចោទ​ប្រកាន់​ហ្នឹង ត្រូវ​តែ​មាន​ការ​ដោះស្រាយ​ជា​បន្ទាន់ ហើយ​ទី​៣ ចង់​ដឹង​ថា តើ​ការ​សម្បទាន​ដី​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ហ្នឹង​អាច​បម្រើ​ផល​ប្រយោជន៍​ឲ្យ​ពលរដ្ឋ​ច្រើន​ជាង ឬ​បម្រើ​ផល​ប្រយោជន៍​ឲ្យ​ក្រុមហ៊ុន​ច្រើន​ជាង?»

វិទ្យុ​អាស៊ី​សេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើ ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ។

តាម​ការ​អះអាង​ពី​សំណាក់​មន្ត្រី​នៃ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើ ទទួល​បាន​ដី​សម្បទាន​ចំនួន​៣.០០០​ហិកតា​នៅ​ក្នុង​ស្រុក​ថ្ពង និង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ៕