មន្រ្តី​សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​អាជ្ញាធរ​បញ្ចប់​ជម្លោះ​ដី​នៅ​ឧត្ដរមានជ័យ

សកម្មជន​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​បាន​និយាយ​ថា គេ​បាន​ជួប​ជាមួយ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ បំណង​ធ្វើ​ការ​សម្រប​សម្រួល​ជាមួយ​មន្ត្រី​ខេត្ត​នេះ ដើម្បី​ឲ្យ​រៀបចំ​ដី​ធ្លី​ថ្មី​មួយ​ចំនួន​ដូច​ធ្លាប់​បាន​សន្យា ទៅ​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរបាត់មាន់ ក្នុង​សង្កាត់​កូនក្រៀល ក្រុង​សំរោង ដែល​ទទួល​រង​ការ​បណ្តេញ​ចេញ​កាល​ពី​ពេល​ថ្មីៗ​នោះ។

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សុវ៉េត បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​៩ ខែ​ធ្នូ ថា លោក​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ឧត្តរមានជ័យ កាល​ពី​២​ថ្ងៃ​មុន ជួប​មន្ត្រី​នគរបាល​និង​អភិបាល​រង​ខេត្ត​នោះ ដោយ​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​បែង​ចែក​ដីធ្លី​មួយ​ចំនួន​ទៅ​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​អូរបាត់មាន់ ដែល​ពី​មុន​បាន​ជំទាស់​មិន​ព្រម​ទទួល​យក​ដី​ថ្មី ប៉ុន្តែ​បន្ទាប់​ពី​តវ៉ា​មួយ​រយៈ​ពួកគេ​បាន​សុខ​ចិត្ត​ទទួល​យក​វិញ​នោះ។

លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ដូច្នេះ ៖ «ចំណុច​សំខាន់​ទី​១ គឺ​ស្នើ​សុំ​ឲ្យ​ខាង​អាជ្ញាធរ​ហ្នឹង​ទទួល​យក​នូវ​អ្នក​ដែល​នៅ​សេស​សល់​ប្រ​មាណ​ជា​១០​គ្រួសារ​ជាង​ហ្នឹង​ឲ្យ​អាច​បាន​ទទួល​យក​នូវ​ដីធ្លី​ហ្នឹង​ផង​ដែរ។ មួយ​ទៀត​នោះ​ស្នើ​សុំ​បញ្ឈប់​តាម​ចាប់​ខ្លួន​អីៗ​ផ្សេងៗ​ហ្នឹង គឺ​កុំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​បន្ត​ទៀត។ យើង​សំណូមពរ​ថា ឲ្យ​ខេត្ត​ហ្នឹង​បញ្ចប់​ទៅ​រឿង​បញ្ហា​ជាមួយ​ប្រជាពលរដ្ឋ​ហ្នឹង»

តំណាង​អ្នក​ភូមិ​អូរបាត់មាន់​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​មាន​ប្រសាសន៍​ថា ពួកគេ​បាន​សុខ​ចិត្ត​ទទួល​យក​ដីធ្លី​ដោះ​ដូរ​ថ្មី​ដែល​អាជ្ញាធរ​ខេត្ត​ចែក​ឲ្យ គឺ​ដី​ភូមិ​ទំហំ ៣០ម x ៥០ម និង​ដី​ស្រែ​មួយ​ហិកតា​សម្រាប់​មួយ​គ្រួសារ​នោះ​ហើយ បន្ទាប់​ពី​ពួកគេ​បាន​លើក​គ្នា​ទៅ​តវ៉ា​នៅ​រាជធានី​ភ្នំពេញ ជា​ច្រើន​ថ្ងៃ ប៉ុន្តែ​ពុំ​មាន​មន្ត្រី​ណា​ជួយ​ដោះស្រាយ​ទាល់​តែ​សោះ​នោះ។

តំណាង​អ្នកភូមិ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ដូច្នេះ ៖ «ប្រជាជន​គេ​សុខ​ចិត្ត​ទទួល​យក​ហើយ ព្រោះ​ទោះ​បី​ជា​មិន​ទទួល​យក​ក៏​មិន​ដឹង​មាន​អី​ពឹង​ដែរ ការ​ដោះ​ស្រាយ​ចេះ​តែ​យឺតយ៉ាវ​ពេក»

ទោះ​យ៉ាងណា​មិន​អាច​ទំនាក់​ទំនង​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​ជាមួយ​លោក វ៉ា ប៉ារ៉ានីន ជា​អគ្គ​លេខាធិការ​សាលា​ខេត្ត​ឧត្តរមានជ័យ ទទួល​បន្ទុក​ដោះស្រាយ​បញ្ហា​នោះ​បាន​ទេ។ ប៉ុន្តែ​លោក ឈឹម ស៊ីវុធ ជំនួយ​ការ​អភិបាល​ខេត្ត​ឧត្តរមានជ័យ បាន​មាន​ប្រសាសន៍​ថា តាម​លោក​បាន​ជួប​មន្ត្រី​ដោះ​ស្រាយ​បញ្ហា​នៅ​ទី​នោះ​បាន​ប្រាប់​លោក​ថា អាជ្ញាធរ​បាន​ដោះ​ស្រាយ​រួច​រាល់​ហើយ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​បាន​បណ្តេញ​ចេញ​ពី​តំបន់​អូរបាត់មាន់​នោះ។

លោក ឈឹម ស៊ីវុធ មាន​ប្រសាសន៍​ដូច្នេះ ៖ «លោក ប៉ារ៉ានីន ក៏​ឆ្លើយ​ប្រាប់​ខ្ញុំ​ថា គាត់​រៀបចំ​អស់​ហើយ​អត់​មាន​អ្វី​នៅ​សេស​សល់​ទៀត​ទេ»

លោក ឈឹម ស៊ីវុធ បាន​មាន​ប្រសាសន៍​ទៀត​ថា ចំពោះ​ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះលែង​និង​បញ្ឈប់​ការ​តាម​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​នោះ មិន​មែន​ជា​សមត្ថកិច្ច​របស់​ខេត្ត​ទេ គឺ​ជា​​បន្ទុក​របស់​តុលាការ​និង​បណ្តឹង​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ។

មន្ត្រី​ខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា គេ​បាន​រក​ឃើញ​ប្រជាពលរដ្ឋ​តែ​ជាង​៣០​គ្រួសារ​ប៉ុណ្ណោះ​ដែល​ត្រូវ​បែង​ចែក​ដី​ថ្មី ប៉ុន្តែ​អង្គការ​សិទ្ធិ​មនុស្ស​បាន​រក​ឃើញ​ថា មាន​អ្នក​ភូមិ​លើស​ទៅ​ជាង​៧០​គ្រួសារ​ក្រោយ​ពី​ការ​បណ្តេញ​ចេញ​ដើម្បី​យក​ដី​ទៅ​ឲ្យ​ក្រុមហ៊ុនAngkor Sugar។

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​អាជ្ញាធរ​បាន​បណ្តេញ​អ្នក​ភូមិ​អូរបាត់មាន់​ឲ្យ​ចាក​ចេញ​ពី​លំនៅ​កាល​ពី​ខែ​កញ្ញា រហូត​មក​ដល់​ពេល​នេះ គឺ​មាន​អ្នក​ភូមិ​ចំនួន​៤​នាក់​ហើយ​ដែល​បាន​ចាប់​ខ្លួន៕