សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​ចុះ​អង្កេត​ហេតុការណ៍​ភ្លើង​ឆេះ​ផ្សារ​រាត្រី

មន្ត្រី​នគរបាល​របស់​ក្រសួង​មហាផ្ទៃ មួយ​ចំនួន​បាន​មក​ដល់​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៩ ខែ​ធ្នូ ដើម្បី​​ចាប់​ផ្ដើម​​ពិនិត្យ និង​អង្កេត​ទៅ​លើ​ហេតុការណ៍​អគ្គីភ័យ ដែល​ឆេះ​បំផ្លាញ​ផ្សារ​រាត្រី​​ដែល​បំផ្លាញ​ជីវិត​មនុស្ស ព្រមទាំង​ទ្រព្យ​សម្បត្តិ ​គិត​ជា​ទឹក​ប្រាក់​ប្រហាក់​ប្រហែល ១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​នោះ។

0:00 / 0:00

វត្តមាន​​របស់​មន្ត្រី​ក្រសួង​មហា​ផ្ទៃ គឺ​ក្នុង​​​បំណង​សហការ​គ្នា​ជាមួយ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប កំណត់ និង​សិក្សា​ឡើង​វិញ​អំពី​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​មាន​អគ្គីភ័យ។

លោក ភឹង ចិន្ដារិទ្ធិ ជា​ស្នងការ​រង​នគរបាល​ខេត្ត​សៀមរាប លោក​បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៩ ខែ​ធ្នូ ថា តាម​ការពិនិត្យ និង​ស្រាវ​ជ្រាវ​នៅ​កន្លែង​កើត​ហេតុ គឺ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា អគ្គីភ័យ​ដែល​ឆាប​ឆេះ​ផ្សារ​រាត្រី​សៀមរាប នោះ គឺ​​អាច​បណ្ដាល​​​មក​ពី​ការ​ទុស្សេ​ចរន្ត​អគ្គិសនី។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​សមត្ថកិច្ច​ហ៊ាន​អះអាង​ដូច្នេះ ដោយសារ​តែ​គេ​បាន​ជួប​ជាមួយ​សាក្សី​មួយ​ចំនួន ដែល​ឃើញ​ហេតុការណ៍​​​ផ្ទាល់​ភ្នែក៖ «សាក្សី​ដែល​យើង​បាន​ជួប​មាន​កម្មករ​នៅ​ទី​នេះ ហើយ​និង​សមត្ថកិច្ច​ដែល​មក​ឃើញ​មុន​គេ គឺ​វា​មាន​ការ​ឆ្លង និង​មាន​ផ្កា​ភ្លើង រហូត​គាត់​ហៅ​គ្នា​ទៅ​ជួយ​សង្គ្រោះ​ដែរ ប៉ុន្តែ​ស្ថានភាព​នៅ​ក្នុង​ទីតាំង​នេះ បាន​បិទ​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ទ្វារ​ដែក របង​ដែក និង​ចាក់​សោ គាត់​មិន​មាន​លទ្ធភាព​នឹង​ចូល​ទៅ​ជួយ​​សង្គ្រោះ​បាន ទើប​ទាក់ទង​ទៅ​សមត្ថកិច្ច​ខាង​ខ្ញុំ។ រឿង​អគ្គីភ័យ​ហ្នឹង គឺ​យើង​ពិនិត្យ​ឃើញ​ថា គិត​ទាំង​​គប់ភ្លើង​របស់​អគ្គិសនី​ខេត្ត ដែល​ជាប់​នឹង​បង្គោល​របស់​រដ្ឋ ហើយ​គប់ភ្លើង​របស់​ផ្សារ ក៏​ត្រូវ​ផ្ទុះ​ទាំង​អស់។ អ៊ីចឹង​វា​បណ្ដាល​មក​ពី​រឿង​ហ្នឹង​ទើប​ធ្វើ​ឱ្យ​មាន​បញ្ហា។ ការ​បង្ក​គ្រោះភ័យ​ហ្នឹង ខ្ញុំ​គិត​ថា មិន​មាន​អ្នក​ណា​ទៅ​ដុត​បំផ្លាញ និង​បង្ក​ឱ្យ​គាត់​ស្លាប់​នោះ​ទេ»

អគ្គីភ័យ​ឆេះ​ផ្សារ​រាត្រី​សៀមរាប កាល​ពី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ដែល​បាន​សម្លាប់​មនុស្ស ៨​នាក់ និង ២​នាក់​ទៀត​របួស​ធ្ងន់ធ្ងរ ព្រម​ទាំង​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​ប្រហាក់ប្រហែល ១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​នោះ ត្រូវ​បាន​អាជ្ញាធរ​ចាត់​ទុក​ថា គឺ​ជា​មហន្តរាយ​ធំ​ជាង​គេ​លើក​ដំបូង​ដែល​ខេត្ត​ទេសចរណ៍​មួយ​នេះ ពុំ​ធ្លាប់​មាន​ទេ​ពី​ពេល​​មុនៗ។

ទោះ​យ៉ាង​ណា លោក​ឧត្ដមសេនីយ៍​ទោ សំ បូរ ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល សណ្ដាប់ធ្នាប់​របស់​ក្រសួង​មហាផ្ទៃ ដែល​បាន​ទៅ​ពិនិត្យ និង​ស្រាវជ្រាវ​ហេតុការណ៍​អគ្គីភ័យ​នោះ មិន​បាន​ធ្វើការ​អធិប្បាយ​យ៉ាង​ណា​ឡើយ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​ជុំវិញ​កន្លែង​កើត​ហេតុ​ បាន​រិះគន់​ថា ប៉ូលិស​​ពន្លត់​អគ្គីភ័យ​ហាក់​មាន​ការ​យឺតយ៉ាវ និង​​កម្លាំង​ខ្លះ ហាក់​មិន​មាន​ជំនាញ​គ្រប់គ្រាន់ ទើប​បណ្ដាល​ឱ្យ​ភ្លើង​ឆាប​ឆេះ​ផ្សារ​រាត្រី​សៀមរាប និង​សម្លាប់​ជីវិត​មនុស្ស ព្រម​ទាំង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ជា​ច្រើន។

ក៏ប៉ុន្តែ​លោក ភឹង ចិន្តារិទ្ធិ ស្នងការ​រង​នគរបាល​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា ការ​រិះគន់​​ក្នុង​រឿង​នេះ គឺ​មាន​មាត់​ច្រើន​ណាស់ ហើយ​សមត្ថកិច្ច​មិន​ប្រតិកម្ម​ជាមួយ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ដែល​រិះគន់​ទេ ក៏​ប៉ុន្តែ​សមត្ថកិច្ច​សោក​ស្ដាយ​ចំពោះ​ការ​រិះគន់​បែប​នេះ ពីព្រោះ​តែ​កម្លាំង​សមត្ថកិច្ច​បាន​​ខិតខំ​អស់​ពី​សមត្ថភាព​ក្នុង​ការ​ជួយ​សង្គ្រោះ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្នុង​ការ​ពន្លត់​អគ្គីភ័យ​នោះ​ គឺ​គេ​បាន​ប្រើ​ឡាន​ទឹក​ចំនួន ៩​​គ្រឿង និង​កម្លាំង​ជំនាញ​រាប់​សិប​នាក់ មក​ពី ៤​អង្គភាព ដូច​ជា​នគរបាល​ពន្លត់​អគ្គីភ័យ កម្លាំង​ខាង​បរិស្ថាន កម្លាំង​ពី​អាកាសយានដ្ឋាន​អន្តរជាតិ និង​កម្លាំង​អាជ្ញាធរ​អប្សរា រួម​ទាំង​​​ប្រជាពលរដ្ឋ​ខ្មែរ និង​បរទេស ជា​ច្រើន​ទៀត​ចូល​រួម​ផង ទម្រាំ​តែ​​អាច​គ្រប់គ្រង​អគ្គីភ័យ​នោះ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។