អង្គការ​សង្គម​ស៊ីវិល​ជាង​៣០​ជំរុញ​ឲ្យ​ផ្ដន្ទាទោស​អ្នក​បាញ់​កម្មករ​នៅ​បាវិត

តំណាង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ជាង ៣០ បាន​នាំ​គ្នា​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​ជំរុញ​អោយ​អាជ្ញាធរ​ចាត់​វិធានការ​នាំ​យក​ជន​ដៃ​ដល់​បាញ់​កម្មការិនី​នៅ​បាវិត មក​ផ្តន្ទា​ទោស​តាម​ច្បាប់។

0:00 / 0:00

សេចក្ដី​ថ្លែង​ការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ទាំង​ជាង ៣០ បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា បាន​លើក​ឡើង​ថា ការ​ផ្ដន្ទា​ទោស​​ជន​បាញ់​រះ​លើ​កម្មការិនី​នៅ​បាវិត ជា​ការ​ជំរុញ​នីតិរដ្ឋ​នៅ​កម្ពុជា។ ពួក​គេ​សំអាង​ថា រដ្ឋ​ធម្មនុញ្ញ​នៅ​កម្ពុជា បាន​ធានា​នូវ​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ ហើយ​ជន​ដៃ​ដល់​ត្រូវ​តែ​នាំ​ខ្លួន​ទៅ​ប្រឈម​ចំពោះ​មុខ​ច្បាប់ បើ​ទោះ​បី​ជា​ជន​នោះ​មាន​ឋានៈ បុណ្យ​សក្ដិ ឬ​បក្ស​ពួក​​អ្វី​ឡើយ។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​បន្ថែម​លើ​សេចក្តី​ថ្លែងការណ៍​នេះ​ថា ការ​បណ្ដែត​បណ្ដោយ ឬ​ពន្យារ​ពេល​ចាប់​ខ្លួន​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​បាញ់​រះ​លើ​កម្មករ ជា​ដំណើរ​ប្រាស​ចាក​ពី​នីតិរដ្ឋ។

លោក អ៊ូ វីរៈ៖ «ករណី​បាញ់​ហ្នឹង​ជា​ករណី​ព្រហ្មទណ្ឌ មិន​អាច​មាន​យក​លុយ​ណា​មក​បិទ​មាត់​បាន​ទេ ជា​រឿង​មួយ​ខុស​ច្បាប់​ទាំង​ស្រុង។ ខ្ញុំ​ថា គួរ​តែ​ស៊ើប​អង្កេត​ទាំង​អស់​គ្នា​ថា អ្នក​ណា​ខ្លះ​ព្យាយាម​បិទ​រឿង​ហ្នឹង។ ជា​រឿង​មួយ​គ្រោះថ្នាក់​ធំ​សម្រាប់​និទណ្ឌភាព ជា​គំរូ​ដ៏​អាក្រក់​សម្រាប់​សង្គម។ ប្រសិន​បើ​កាំភ្លើង​យើង យើង​មាន​លុយ​មាន​អំណាច​បាញ់​គេ​បាន គឺ​ជា​បញ្ហា​មួយ​អាក្រក់​មែន​ទែន»

សេចក្ដី​ថ្លែងការណ៍​រួម​ដដែល​បាន​​លើក​ឡើង​ដែរ​ថា កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា មាន​ការ​លំបាក​ណាស់​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ និង​ការ​ប្រឈម​ផ្សេងៗ​ទៀត។ ពួក​គេ​គួរ​ទទួល​បាន​ការ​ការពារ និង​គាំទ្រ​ពី​រដ្ឋាភិបាល ដើម្បី​វៀរចាក​​ពី​ការ​រង​គ្រោះ​នូវ​អំពើ​ហិង្សា​ឃោរឃៅ។

ទាក់​ទិន​នឹង​អំពើ​ហិង្សា​ចំពោះ​កម្មករ​នៅ​ពេល​មាន​ការ​តវ៉ា ក្រុម​កម្មករ​នៅ​តាម​បណ្ដា​រោងចក្រ​មួយ​ចំនួន​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ថា គំរូ​អាក្រក់​អាច​បន្ត​កើត​មាន ប្រសិន​បើ​ជន​ដៃ​ដល់​​មិន​ត្រូវ​បាន​ផ្តន្ទា​ទោស។ ពួក​គេ​ទទូច​អោយ​មាន​វិធានការ​តាម​ច្បាប់​ចំពោះ​អ្នក​ប្រព្រឹត្ត​ល្មើស៖ «អ្នក​ប្រព្រឹត្ត​ខុស​ត្រូវ​តែ​ទទួល​ទោស ហើយ​បើ​អ្នក​ប្រព្រឹត្ត​អត់​មាន​ទោសទណ្ឌ​អ៊ីចឹង ប្រព្រឹត្ត​នៅ​តែ​ប្រព្រឹត្ត​រហូត។ ការ​មួយ​ដែល​គំរាម​កំហែង​មិន​អោយ​កម្មករ​ចូល​រួម​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព អត្ថប្រយោជន៍​ខ្លួន​ឯង អា​ហ្នឹង បើ​សិន​ជា​មិន​ចាប់​ជន​ដៃ​ដល់​ហ្នឹង​មក​ដាក់​ទោស​ហ្នឹង គឺ​កំពុង​ឈាន​ទៅ​រក​ចំណុច​ហ្នឹង​ហើយ។ ប្រទេស​យើង​មាន​ច្បាប់​ហើយ បើ​មាន​ច្បាប់​យើង​មិន​គោរព យើង​យក​មក​ធ្វើ​អី? ចាំបាច់​អោយ​មាន​ច្បាប់​ធ្វើ​អី? អ៊ីចឹង​បាញ់​គ្នា​ប្រហារ​គ្នា​ពេញ​ទាំង​ហ្នឹង​ទៅ»

សេចក្ដី​អំពាវ​នាវ​ទាំង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​លោក ឈូក បណ្ឌិត អតីត​អភិបាល​​ក្រុង​បាវិត ដែល​ជា​ជន​សង្ស័យ​ថា បាន​បាញ់​ប្រហារ​លើ​កម្មករ​នោះ ត្រូវ​កោះ​អោយ​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​ស្វាយ​រៀង។

ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​ស្វាយរៀង លោក ហ៊ឹង ប៊ុនជា មាន​ប្រសាសន៍​ថា ជនសង្ស័យ​ជា​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត មិន​បាន​ចូល​មក​តាម​ការ​កោះ​ហៅ​នោះ​ទេ ប៉ុន្តែ​បាន​អោយ​មេធាវី​មក​ឆ្លើយ​ជំនួស។

លោក ហ៊ឹង ប៊ុនជា៖ «មេធាវី​គាត់​ជាប់​រវល់​ថ្ងៃ​១៦ អ៊ីចឹង​គាត់​មិន​អាច​ចូល គាត់​បាន​ដាក់​ពាក្យសុំ​​ចូល​ឆ្លើយ​ថ្ងៃ​១៥ ឬ​ពន្យារ​ពេល​ទៅ​ថ្ងៃ​ក្រោយ។ ខ្ញុំ​អនុញ្ញាត​អោយ​ចូល​​ឆ្លើយ​ថ្ងៃ​១៥ បើ​​ខ្ញុំ​ពន្យារ​ទៅ​ថ្ងៃ​ក្រោយ នឹង​មាន​ការ​​ពន្យឺត​​​ការ​ស៊ើបសួរ​របស់​ខ្ញុំ អ៊ីចឹង​គាត់​បាន​ចូល​បំភ្លឺ​រួច​ហើយ។ (តើ​មាន​ការ​ចោទ​ប្រកាន់​ឬ​ទេ?) នៅ​ទេ ក្នុង​ដំណាក់​កាល​ស៊ើបអង្កេត»

លោក អំ សំអាត អ្នក​គ្រប់​គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ។ លោក​ថា ប្រសិន​បើ​មិន​អាច​ឈាន​ទៅ​ដល់​ការ​ផ្ដន្ទា​ទោស​ជន​ល្មើស កម្ពុជា​អាច​នឹង​ជួប​ឧបសគ្គ​នៅ​លើ​ទីផ្សារ​ផលិតផល​កាត់​ដេរ។

លោក អំ សំអាត៖ «កាលណា​បើ​យើង​មិន​ធ្វើ​ទេ​វា​ជា​គំរូ​អាក្រក់​មួយ​សម្រាប់​អ្នក​ដទៃ​ទៀត ដែល​មាន​អំណាច​មាន​ឋានន្តរសក្ដិ​ហ្នឹង អាច​ប្រព្រឹត្ត​ដូច្នេះ គឺ​ធ្វើ​អោយ​អ្នក​បញ្ជា​ទិញ ឬ​វិនិយោគិន​ហ្នឹង​គេ​អាច​ផ្អាក​ទិញ ឬ​មិន​មក​វិនិយោគ​ត​ទៀត​ហ្នឹង»

សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល បាន​អំពាវ​នាវ​អោយ​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​អ្នក​បញ្ជា​ទិញ អោយ​បន្ត​ឃ្លាំ​មើល​ដំណើររឿង​ក្តី​បាញ់​រះ​លើ​កម្មការិនី​នេះ ដើម្បី​អោយ​ប្រាកដ​ថា យុត្តិធម៌​ត្រូវ​បាន​ផ្ដល់​អោយ​ជន​រង​គ្រោះ។

កម្មការិនី​នៅ​រោង​ចក្រ​កាត់​ដេរ កៅវ៉េ (Kaoway) ៣​នាក់ ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​អោយ​របួស​នៅ​ពេល​តវ៉ា​ទាម​ទារ​ដំឡើង​ប្រាក់​រង្វាន់​ទៀង​ទាត់ និង​ប្រាក់​ថ្លៃ​បាយ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២។ កម្មការិនី​ទាំង ៣​នាក់ មាន​ឈ្មោះ ប៊ុន ចិន្តា របួស​ធ្ងន់ ដោយ​ត្រូវ​គ្រាប់​ចំ​ខាង​លើ​ដោះ​ឆ្វេង​ធ្លាយ​ទៅ​ក្រោម​ក្លៀក​ខាង​ឆ្វេង កៅ នា រង​របួស​ដៃ​ស្ដាំ និង នុត សុខន របួស​ដៃ​ស្ដាំ និង​ខ្នង។

កាល​ពី​ថ្ងៃ​ទី​៥ ខែ​មីនា រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​ដក​តំណែង​អភិបាល​ក្រុង​បាវិត ពី​លោក ឈូក បណ្ឌិត។ ការ​កោះ​ហៅ​លោក ឈូក បណ្ឌិត ឲ្យ​ចូល​បំភ្លឺ​របស់​តុលាការ​ខេត្ត​ស្វាយរៀង ធ្វើ​ឡើង​បន្ទាប់​ពី​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ប្រកាស​ថា អតីត​អភិបាល​ក្រុង​បាវិត ជា​ជន​សង្ស័យ​ក្នុង​ការ​បាញ់​កម្មការិនី​ពេល​តវ៉ា​កន្លង​មក។

អង្គការ​អន្តរជាតិ​បារម្ភ​ចំពោះ​ការ​ប្រើ​អាវុធ​បាញ់​ប្រហារ​កម្មករ

ទាក់ទង​នឹង​បញ្ហា​នេះ សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស​ប្រចាំ​ទ្វីប​អាស៊ី សំដែង​នូវ​ក្តី​បារម្ភ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការ​ប្រើ​អាវុធ​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​កម្មករ-​កម្មការិនី នៃ​រោងចក្រ​កៅវ៉េ នៅ​ក្រុង​បាវិត ដែល​បាន​នាំ​គ្នា​តវ៉ា​ចាប់​ផ្ដើម​ឡើង​ដោយ​សន្តិភាព។

លិខិត​រួម​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ ទី​១៥ ខែ​មីនា ចុះ​ហត្ថលេខា​ដោយ​ក្រុម​អង្គការ​អន្តរជាតិ​ជា​ច្រើន បាន​គូស​បញ្ជាក់​ថា ទោះ​បី​ជា​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​ប្រកាស​ជា​សាធារណៈ​ថា លោក ឈូក បណ្ឌិត គឺ​ជា​ជន​សង្ស័យ​តែ​ម្នាក់​គត់​យ៉ាង​ណា​ក្តី ប៉ុន្តែ​តុលាការ​ខេត្ត​ស្វាយរៀង មិន​បាន​ចេញ​ដីកា​ចាប់​ខ្លួន​អតីត​អភិបាល​ក្រុង​បាវិត​នេះ​ឡើយ ដោយ​លើក​ហេតុ​សំអាង​ថា របាយការណ៍​ស៊ើប​អង្កេត​របស់​ក្រុម​ប៉ូលិស​មិន​គ្រប់​ជ្រុងជ្រោយ។

លិខិត​ដដែល​បាន​គូស​បញ្ជាក់​ថា ថ្វី​ត្បិត​តែ​លោក ឈូក បណ្ឌិត ត្រូវ​បាន​ដក​តំណែង​ពី​ចៅហ្វាយ​ក្រុង​បាវិត​ក្តី ប៉ុន្តែ​ជន​ជាប់​សង្ស័យ​រូប​នេះ​កំពុង​ស្ថិត​ក្នុង​និទណ្ឌភាព ឬ​ការ​រួច​ទោស​ក្នុង​នាម​ជា​សមាជិក​ម្នាក់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កំពុង​កាន់​អំណាច។

ទន្ទឹម​គ្នា​នេះ សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស​ប្រចាំ​ទ្វីប​អាស៊ី បាន​បង្ហាញ​នូវ​ក្តី​ព្រួយ​បារម្ភ​យ៉ាង​ជ្រាលជ្រៅ អំពី​សុវត្ថិភាព​សន្តិសុខ​ផ្ទាល់​ខ្លួន​របស់​ជន​រង​គ្រោះ​ទាំង​បី ព្រោះ​កន្លង​មក​មាន​រួម​ទាំង​មេ​ឃុំ មេ​ប៉ូលិស​ឃុំ និង​មន្ត្រី​មួយ​ចំនួន​ទៀត​នៃ​ក្រុង​បាវិត បាន​យក​សំណូក​ទៅ​សូក​ដើម្បី​បំបិទ​មាត់​មិន​ឲ្យ​កម្មការិនី​រង​គ្រោះ​និយាយ​ការ​ពិត​ពី​ការ​បាញ់​ប្រហារ​នោះ។

ការ​ប៉ុនប៉ង​បំបិទ​មាត់​ជន​រង​គ្រោះ​មិន​អោយ​ប្ដឹងផ្ដល់​នៅ​ក្នុង​ដំណាក់កាល​ស៊ើប​អង្កេត​នេះ គឺ​ជា​ការ​ធ្វើ​អោយ​រាំង​ស្ទះ​ដំណើរ​ការ​ស្វែង​រក​យុត្តិធម៌ ហើយ​អំពើ​នេះ​គឺ​ជា​បទល្មើស​ព្រហ្មទណ្ឌ។ ហេតុ​ដូច្នេះ​ជន​ទាំង​ឡាយ​ណា​ដែល​ប្រើ​ឥទ្ធិពល​គាប​សង្កត់​មក​លើ​សាក្សី ត្រូវ​តែ​ផ្ដន្ទាទោស​តាម​ក្រមព្រហ្មទណ្ឌ​កម្ពុជា ដែល​មាន​ជា​ធរមាន។​

សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស​ប្រចាំ​ទ្វីប​អាស៊ី បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​ចាំបាច់​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ នៅ​ទូទាំង​ប្រទេស ឲ្យ​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។