មន្រ្តីអនុវត្តគម្រោងសន្តិសុខស្បៀងនៃធនាគារអភិវឌ្ឍន៍អាស៊ី លោក ឡុង ពិសិទ្ធ អះអាងថា បណ្តឹងទើបប្រមូលបានខ្លះតាមរយៈខ្សែទូរស័ព្ទ Hot line របស់ធនាគារ ប្តឹងផ្ទាល់មាត់និងបណ្តឹងផ្សេៗទៀតបានចោទប្រកាន់មេភូមិជ្រើសរើសអ្នកទទួលស្បៀងមិនចំអ្នកក្រពិត ហើយអង្គការពីរ BFD និង CEDAC ដែលកត់ត្រាកំណត់ហេតុមិនប្រក្រតីក្នុងការចែកស្បៀងមិនទាន់បញ្ជូនរបាយការណ៍និងបណ្តឹងមកដល់ដើម្បីឲ្យងាយស្រួលរៀបចំអនុវត្តជំហានស្បៀងពលកម្មបានឡើយ។
លោក ឡុង ពិសិទ្ធ បានឲ្យដឹងថា ៖ «យើងប្រជុំអំពីថា តើយើងដោះស្រាយពាក្យបណ្ដឹងហ្នឹងយ៉ាងម៉េច? ហើយប្រជុំថា តើគម្រោងហ្នឹងដំណើរការដល់ណា? យើងបានលទ្ធផលពីការបូកសរុបការងារដែលយើងបានធ្វើកន្លងមកក្នុងរយៈចែកអង្ករក្នុង២០០ឃុំហ្នឹង។ ហើយទី២ ថាតើយើងនឹងគួរកែលម្អនីតិវិធីនៃការធ្វើវគ្គក្រោយៗទៀត យ៉ាងម៉េច?»។
លោក ឡុង ពិសិទ្ធ បន្តថា អង្គការកត់ត្រាពីរនោះមានអង្គការព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ ហៅកាត់ថា BFD ដែលស្រង់របាយការណ៍ពីខេត្តកំពង់ធំ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តដទៃទៀត ហើយអង្គការ CEDAC នឹងស្រង់របាយការណ៍ពីខេត្តពោធិ៍សាត់និងកំពង់ឆ្នាំង។
លោក ឡុង ពិសិទ្ធ អះអាងថា មូលហេតុដែលនាំឲ្យមានការតវ៉ាពីប្រជាពលរដ្ឋច្រើននោះបណ្តាលមកពីស្បៀងមានតិចជាងចំនួនអ្នកក្រីក្រ ៖ «លោកស្រីដឹងហើយស្រុកខ្មែរមានអ្នកក្រីក្រច្រើន ហើយដល់ពេលយើងមានចំនួនអង្ករតិច ដូច្នេះម្នាក់បាន ម្នាក់មិនបាន អាហ្នឹងជារឿងមួយទៀតដែលមានការតវ៉ាហ្នឹង»។
លោក ឡុង ពិសិទ្ធ បន្តថា ទន្ទឹមនោះក៏មានបណ្តឹងចោទប្រកាន់ថា មេភូមិដកយកស្បៀងមួយគ្រួសារមួយបាវពីរបាវពីអ្នកមានឈ្មោះបើកអង្ករដែរ ៖ «មេភូមិខ្លះគាត់កាក់ទុកមួយបាវ ឬពីរបាវដើម្បីយក មួយបាវ ពីរបាវហ្នឹង ចែកទៅគ្រួសារដែលអត់មានលក្ខណៈសម្បត្តិទទួលហ្នឹង។ គាត់ថាដើម្បីកុំឲ្យឈ្លោះគ្នា ហ្នឹងខ្ញុំបានសួរមេភូមិ មួយពីរ គាត់ចង់ធ្វើអ៊ីចឹងឲ្យបានគ្នាច្រើន កុំឲ្យបានមនុស្សតិច។ បើសិនជាគាត់ធ្វើអ៊ីចឹង ខ្ញុំជឿថា វាមិនជាខុសអីប៉ុន្មានទេ ក៏ប៉ុន្តែបើសិនជាគាត់យកទៅលក់ទៅអី អាហ្នឹងជារឿងមួយទៀត»។
លោក ឡុង ពិសិទ្ធ បន្តថា គម្រោងសន្តិសុខស្បៀងនេះគ្រោងរៀបចំរយៈពេល៣ឆ្នាំដែលផ្តើមធ្វើពីខែតុលា ឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១១។ វគ្គដំបូងគឺចែកអង្ករនិងអង្ករពលកម្ម ចំពោះការចែកអង្ករវគ្គទី១នេះ អស់អង្ករ១២០០០តោនសម្រាប់ខេត្ត៧នៅជុំវិញបឹងទន្លេសាបលើឃុំ២០០នោះចំនួន៦ម៉ឺន៨ពាន់គ្រួសារ។ ប៉ុន្តែមានការតវ៉ាច្រើនទើបមានកិច្ចប្រជុំរៀបចំ គម្រោងវគ្គទី២ពុំមានចែកអង្ករទៀតទេគឺជាជំហានផ្តល់ស្បៀងពលកម្មនិងលក់ជី លក់គ្រាប់ពូជក្នុងតម្លៃថោកជូនកសិករ ហើយគម្រោងវគ្គទី៣ គឺការសាងសមត្ថភាពរបស់ស្ថាប័នដែលទាក់ទងក្នុងគម្រោងសន្តិសុខស្បៀងនោះ៕
