អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ធ្វើ​ដំណើរ​ទៅ​ក្រុង​ប៉ៃលិន

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក ចូសេហ្វ មូសូមែលី នៅថ្ងៃ​ទី ២៣ មិថុនា បាន​ធ្វើ​ដំណើរ​បំពេញ​ទស្សនកិច្ច នៅ​អតីត​តំបន់​ខ្មែរក្រហម​ក្រុង​ប៉ៃលិន ។

អ្នកយក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក ហ៊ុយ វណ្ណៈ ពីក្រុង​ប៉ៃលិន ធ្វើ​សេចក្តី​រាយការណ៍​រៀបរាប់​ជុំវិញ​ដំណើរ​ទស្សនកិច្ច​នេះ តាមរយៈ​ការសាកសួរ​តាម​ទូរស័ព្ទ ជាមួយ​លោក ម៉ាយ៉ារិទ្ធិ ដែល​មាន​ខ្លឹមសារ​ដូច​តទៅ ៖

ម៉ាយ៉ារិទ្ធិ ៖ លោក ហ៊ុយ វណ្ណៈ លោក​បាន​ធ្វើដំណើរ​ជាមួយ​នឹង​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ចូសេហ្វ មូសូមែលី ទៅ​កាន់​ក្រុង​ប៉ៃលិន ។ តើ​នៅ​ទីនោះ លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក មាន​ប្រសាសន៍​ផ្ដោត​ទៅលើ​បញ្ហា​អ្វី​ខ្លះ​ទៅ ?

ហ៊ុយ វណ្ណៈ ៖ ខ្ញុំ​សូម​ជម្រាប​ជូន​លោក ម៉ាយ៉ារិទ្ធិ ក៏​ដូចជា​អស់​លោក​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី គឺ​ថា​ថ្ងៃ​នេះ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ដែល​អញ្ជើញ​មក​ទីក្រុង​ប៉ៃលិន ដែល​ជា​ក្រុង​ចុងក្រោយ​ដែល​លោក​បាន​ធ្វើដំណើរ​ទស្សនកិច្ច ក្នុង​ចំណោម​ខេត្ត​ក្រុង ២៤ របស់​ប្រទេស​កម្ពុជា ក្នុង​អាណត្តិ​លោក​ដែល​បំពេញ​បេសកកម្ម​ការទូត​នៅក្នុង​ប្រទេស​កម្ពុជា​នេះ គឺ​ដោយឡែក​នៅ​ទីក្រុង​ប៉ៃលិន លោក​បាន​ធ្វើ​កិច្ចការ​ទាក់ទិន​នឹង​បញ្ហា​បោស​សម្អាត​មីន បញ្ហា​សុខភាព​របស់​ពលរដ្ឋ​នៅ​ទីក្រុង​ប៉ៃលិន ហើយ​លោក​ក៏​មាន​ប្រសាសន៍​ទាក់ទង​ទៅ​នឹង​ស្ថានភាព​នយោបាយ​របស់​ស្រុក​ខ្មែរ ដែល​កៀក​ទៅ​នឹង​ការបោះឆ្នោត​ជាតិ អាណត្តិ​ទី​៤​នេះ ផងដែរ ។

ម៉ាយ៉ារិទ្ធិ ៖ ងាក​ទៅ​លើ​បញ្ហា​មីន​នោះ​វិញ តើ​លោក​អាច​រៀបរាប់​លម្អិត​បាន​ដែរ​ឬ​ទេ តើ​លោក​ឯកអគ្គរដ្ឋទូត បាន​សង្កត់​ធ្ងន់​ទៅលើ​អ្វី​ខ្លះ​ទៅ ?

ហ៊ុយ វណ្ណៈ ៖ បញ្ហា​សំខាន់​គឺ​ថា ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​មួយ ក្នុង​ចំណោម​ប្រទេស​បី​នៅលើ​សកលលោក ដែល​មាន​គ្រាប់​មីន​ច្រើន គឺ​បន្ទាប់​ពី​ប្រទេស​អាហ្វហ្កានីស្ថាន និង​អង់គូឡា ។ហើយ​នៅថ្ងៃ​នេះ លោក​ឯកអគ្គរដ្ឋទូត​មាន​ការសោកស្ដាយ ដែល​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​មាន​គ្រាប់មីន​ដោយសារ​តែ​មាន​ការចូលរួម​របស់​សហរដ្ឋ​អាមេរិក កាលពី​ជិត​៣០​ឆ្នាំ​មុន គឺ​ក្នុង​ទសវត្សរ៍ ៧០ ដែល​កម្ពុជា​មាន​ផ្ទុះ​នូវ​សង្រ្គាម ហើយ​បាន​បណ្ដាល​ឲ្យ​មាន​គ្រាប់មីន​ច្រើន ។

ហើយ​បញ្ហា​គ្រាប់មីន​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​ជីវិត ក៏​ដូច​ជា ជីវភាព​របស់​ពលរដ្ឋ ជាពិសេស នៅ​ទីក្រុង​ប៉ៃលិន​នេះ​តែ​ម្ដង ។ ហើយ​លោក​មើល​ឃើញ​ថា ការដោះមីន​នេះ​គឺ​ជា​ការងារ​ផ្នែក​មនុស្សធម៌​មួយ ដែល​ជួយ​ធ្វើ​ឲ្យ​ប្រជាជន​គេច​ផុត​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន ហើយ​ក៏​ជា​ការជួយ​កាត់​បន្ថយ​នូវ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ ដោយ​ការសម្អាត​មីន​និង​ប្រគល់​ដី​នោះ ទៅ​ឲ្យ​ពលរដ្ឋ​នៅ​មូលដ្ឋាន​ដើម្បី​ធ្វើ ។

ម៉ាយ៉ារិទ្ធិ ៖ តើ​មាន​ការចាប់​អារម្មណ៍​អ្វី ពី​មន្រ្តី​ខ្មែរ នៅឯ​ក្រុង​ប៉ៃលិន ជុំវិញ​បញ្ហា​មីន​នេះ​ដែរ ឬទេ ?

ហ៊ុយ វណ្ណៈ ៖ បាទ ថ្ងៃនេះ គឺ​ជា​ដំណើរ​ទស្សនកិច្ច​ឯកជន​របស់​ឯកអគ្គរដ្ឋទូត ក៏​ប៉ុន្តែ នៅ​ទី​នោះ មិន​បាន​ឃើញ​វត្តមាន​មន្រ្តី​ក្រុង​ប៉ៃលិន ទៅ​ចូលរួម​នៅ​ក្នុង​កម្មវិធី​នៃ​យុទ្ធនាការ​ដោះមីន​ទេ គឺថា ជា​ដំណើរ​ទស្សនកិច្ច​ឯកជន​របស់​លោក​ឯកអគ្គរដ្ឋទូត នៅក្នុង​អាណត្តិ​ចុងក្រោយ ដែល​លោក​បំពេញ​ការទូត​នៅក្នុង​ប្រទេស​កម្ពុជា ។

ម៉ាយ៉ារិទ្ធិ ៖ ចុះ​បញ្ហា​ទាក់ទង​នឹង​រឿង​បោះឆ្នោត​នោះ​ទៅ​វិញ តើ​លោក​ឯកអគ្គរដ្ឋទូត​មាន​ប្រសាសន៍​អ្វី​ខ្លះ​ទៅ ?

ហ៊ុយ វណ្ណៈ ៖ ជុំវិញ​ការបោះឆ្នោត​នេះ គឺ​ផ្ដោត​សំខាន់​ទៅ​លើ​អវត្តមាន​របស់​សម្ដេច​ក្រុមព្រះ ប្រធាន​គណបក្ស​នរោត្ដម រណឫទ្ធិ ហើយ​និង​បញ្ហា​ចោទ​ក្ដីក្ដាំ ទាក់ទិន​ទៅ​នឹង​រឿង​បណ្ដឹង លោក ហោ ណាំហុង និង​លោក សម រង្ស៊ី ។

ម៉ាយ៉ារិទ្ធិ ៖ បញ្ហា​នយោបាយ​ទាំង​នោះ តើ​សហរដ្ឋ​អាមេរិក​យល់​ឃើញ​យ៉ាង​ណា​ដែរ ជាពិសេស នៅ​មុន​ការបោះឆ្នោត​នេះ ?

ហ៊ុយ វណ្ណៈ ៖ បាទ លោក​ឯកអគ្គរដ្ឋទូត មើល​ឃើញ​ថា អ្នកនយោបាយ​កំពុងតែ​ងាក​ចេញ​ពី​អ្វី ដែល​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ដែល​បម្រើ​ទៅដល់​ផល​ប្រយោជន៍​រួម​របស់​ប្រជាជន​កម្ពុជា គឺ​ផ្ដោត​ទៅ​លើ​តែ​បញ្ហា ដែល​ក្រៅពី​ការបោះឆ្នោត ដូចជា​ការប្ដឹង​ផ្ដល់​គ្នា​រវាង​លោក ហោ ណាំហុង ឬក៏​ការលើក​ឡើង​អំពី​ការដក​អភ័យ​ឯកសិទ្ធិ​របស់​លោក សម រង្ស៊ី និង​ការស៊ើប​អង្កេត​ទៅលើ​ក្រុម​ដែល​ហៅថា​ភេរវករ​... ជាដើម ដែល​លោក​គិត​ថា នេះ​ជា​បញ្ហា​ក្រៅ​ពី​ការបោះឆ្នោត ដែល​អ្នកនយោបាយ​ទាំង​អស់ គួរ​គិត​ពី​បញ្ហា​ដែល​ទាក់ទិន​នឹង​ការបោះឆ្នោត ជាពិសេស គឺ​ថា គិត​អំពី​យុទ្ធសាស្រ្ដ ៥​ឆ្នាំ ឬ ១០​ឆ្នាំ​ទៅ​មុខ​ទៀត តើ​កម្ពុជា​គួរ​ដោះស្រាយ​អ្វី ជា​បញ្ហា​សំខាន់ ។ ហើយ​លោក​លើក​ឡើង​ថា អ្នក​ទាំងអស់​គួរ​គិត​អំពី​ការប្រឆាំង​ទៅនឹង​អំពើ​ពុករលួយ ការបង្ហិន​បង្ហោច​ភោគ​ទ្រព្យ​ជាតិ​និង​ការ​ដោះ​ស្រាយ​បញ្ហា​ជីវភាព​របស់​ពលរដ្ឋ​ទៅវិញ​ជា​ការប្រសើរ​ជាង ។

ម៉ាយ៉ារិទ្ធិ ៖ ចុះ​បញ្ហា​ផ្នែក​សុខុមាលភាព ជីវភាព​របស់​ប្រជាពលរដ្ឋ តើ​លោក​ឯកអគ្គរដ្ឋទូត មាន​ប្រសាសន៍​យ៉ាងម៉េច​ដែរ ពេល​ទៅ​ដល់​ក្រុង​ប៉ៃលិន​នោះ ?

ហ៊ុយ វណ្ណៈ ៖ បាទ គឺ​លោក​ឯកអគ្គរដ្ឋទូត បាន​រំឭក​ថា ក្រុង​ប៉ៃលិន​ជា​ទីក្រុង​ត្បូង ជា​ទីក្រុង​ពេជ្រ ក៏​ប៉ុន្តែ លោក​បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​នៅ​ទី​នេះ ដូចជា​មិន​មាន​ជីវភាព​ធូរធារ​នៅឡើយ មិន​ទាន់​សមស្រប​ទៅ​នឹង​អ្វី​ដែល​គេហៅ​ថា ទីក្រុង​ពេជ្រ ។ ហើយ​លោក​ឯកអគ្គរដ្ឋទូត រំពឹង​ថា រដ្ឋាភិបាល នឹង​ផ្ដោត​លើ​បញ្ហា​សុខុមាលភាព​និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​ទី​នេះ ឲ្យ​បាន​ច្រើន​ជាង​មុន ។

ម៉ាយ៉ារិទ្ធិ ៖ ក្រៅពី​បញ្ហា​ទាំង​ឡាយ​នោះ តើ​លោក​ឯកអគ្គរដ្ឋទូត មាន​ធ្វើ​ដំណើរ ហើយ​បាន​មាន​ប្រសាសន៍ ផ្តោត​ទៅ​លើ​បញ្ហា​អ្វី​ផ្សេង​ទៀត​ដែរ ឬទេ ?

ហ៊ុយ វណ្ណៈ ៖ បញ្ហា​ដែល​សំខាន់​ចុង​ក្រោយ​គឺ លោក​ឯកអគ្គរដ្ឋទូត បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​នានា ជាពិសេស​ទាក់ទង​នឹង​បញ្ហា​សម្ដេច​ក្រុមព្រះ គឺ​លោក​មាន​ប្រសាសន៍​ថា ព្រះអង្គ​គួរ​មាន​សេចក្ដី​ក្លាហាន ហើយ​គួរ​យាង​ចូល​មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ចូលរួម​ការឃោសនា​ខាងមុខ ។ ហើយ​ទោះបី​យ៉ាងណា ក៏​ឯកអគ្គរដ្ឋទូត មាន​ជំនឿ​ថា បរទេស​អាច​ធ្វើ​កិច្ចការ​តិចតួច​ណាស់​សម្រាប់​ជួយ​កម្ពុជា ក៏​ប៉ុន្តែ សេចក្ដី​ក្លាហាន​គឺ​ជា​ភាពចាំបាច់​របស់​អ្នក​នយោបាយ ដែល​ត្រូវ​តែ​ហ៊ាន​ប្រឈម ហើយ​សង្ឃឹម​ថា អ្នកដទៃ​នឹង​អាច​ធ្វើ​យ៉ាងណា ចូលរួម​ដើម្បី​ធានា​ថា សម្ដេច​ក្រុមព្រះ នឹង​ទទួល​បាន​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់ ជា​ជាង​ការគំរាម​កំហែង​តាម​ផ្លូវ​នយោបាយ ។

ហើយ​ជុំវិញ​បញ្ហា​ទាក់ទង​ទៅនឹង​បណ្ដឹង​របស់​លោក ហោ ណាំហុង និង​លោក សម រង្ស៊ី គឺ​លោក​ឯកអគ្គរដ្ឋទូត បាន​សម្ដែង​សេចក្ដី​ត្រេកអរ​ជុំវិញ​ការដែល​សភា​មិនទាន់​ដក​អភ័យ​ឯកសិទ្ធិ លោក សម រង្ស៊ី ហើយ​លោក​គិត​ថា នេះ​ជា​បញ្ហា​មួយ ដែល​មាន​ការវិវឌ្ឍ​ល្អ នៅក្នុង​ស្ថានភាព​នយោបាយ មុន​ការបោះឆ្នោត ។ ហើយ​សង្ឃឹម​ថា បញ្ហា​នេះ​ប្រហែល​ជា​មិន​ក្លាយ​ជា​ឧបសគ្គ​សំខាន់​ក្នុង​ការបោះឆ្នោត​ទេ ។

ម៉ាយ៉ារិទ្ធិ ៖ ដោយសារ​តែ​ទីក្រុង​ប៉ៃលិន គឺ​ជា​ក្រុង​អតីត​របស់​ក្រុម​ខ្មែរ​ក្រហម តើ​លោក​ឯកអគ្គរដ្ឋទូត មាន​ប្រសាសន៍​ជុំវិញ​បញ្ហា​ដែល​តុលាការ​រៀបចំ​កាត់​ទោស​ពួក​អតីត​មេដឹកនាំ​ខ្មែរក្រហម ដែរ​ឬ​ទេ ?

ហ៊ុយ វណ្ណៈ ៖ បាទ យោង​តាម​ប្រសាសន៍​របស់​លោក​ឯកអគ្គរដ្ឋទូត ដែល​លោក​ទើប​ទទួល​បាន​ដំណឹង​ពី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក គឺ​ថា ថវិកា​សាលាក្ដី​ខ្មែរក្រហម ដែល​គ្រោង​សុំ​ម្ចាស់​ជំនួយ ចំនួន ១១៤​លាន​ដុល្លារ​នោះ គឺ​បាន​បញ្ចុះ​មក​ត្រឹម ៨០​លាន​ដុល្លារ សហរដ្ឋ​អាមេរិក​វិញ​ហើយ ហើយ​ការបញ្ចុះ​នេះ បាន​ធ្វើ​ឲ្យ​ខាង​សភា​សហរដ្ឋ​អាមេរិក មើល​ឃើញ​ថា វា​ជា​ចំណុច​វិជ្ជមាន​មួយ ដែល​គេ​អាច​នឹង​ពិចារណា ក្នុង​ការផ្ដល់​ហិរញ្ញវត្ថុ ទៅ​ដល់​សាលាក្ដី​ដោយ​ផ្ទាល់ ឬ​ក៏​ផ្ដល់​ហិរញ្ញវត្ថុ ទៅ​អង្គការ​នានា ដែល​ធ្វើ​កិច្ចការ​ទាក់ទិន​ទៅ​នឹង​សាលាក្ដី​ខ្មែរក្រហម ។ ក៏ប៉ុន្តែ ជំហរ​នេះ គេ​នឹង​អាច​ដឹង​ច្បាស់​រយៈពេល ២ ឬ​៣​ខែ ក្រោយ​ទៀត ទើប​សហរដ្ឋ​អាមេរិក ប្រកាស​ជំហរ​ថា តើ​នឹង​ត្រូវ​ផ្ដល់​ថវិកា​យ៉ាងណា ដល់​ដំណើរការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​នោះ ៕