ស.រ.អា.​សម្ពោធ​គម្រោង​អប់រំ​នៅ​កម្ពុជា​រយៈ​ពេល​៥​ឆ្នាំ

សហរដ្ឋ​អាមេរិក ​(ស.រ.អា)​ បាន​សម្ពោធ​ជា​ផ្លូវការ​នូវ​គម្រោង​អប់រំ​នៅ​កម្ពុជា ដែល​មាន​រយៈ​ពេល​៥​ឆ្នាំ​និង​មាន​ថវិកា​សរុប​១០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ចេញ​ផ្សាយ​ថ្ងៃ​១២ ខែ​មីនា ឆ្នាំ​២០១០ គម្រោង​នេះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​គុណភាព​និង​ប្រយោជន៍​នៃ​ការ​អប់រំ​ជា​មូលដ្ឋាន និង​បង្កើន​លទ្ធភាព​ចូល​រៀន​សម្រាប់​កុមារ​ទាំង​អស់ ជា​ពិសេស​ ក្រុម​កុមារ​ដែល​ស្ថិត​ក្នុង​គ្រួសារ​ខ្វះ​លទ្ធភាព ដូចជា​ក្រុម​ជនជាតិ​ភាគ​តិច កុមារី​និង​អ្នក​ក្រីក្រ​ខ្លាំង​ជាដើម។

ក្នុង​ពិធី​សម្ពោធ​គម្រោង​កាល​ពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​មីនា នៅ​និវេសនដ្ឋាន​របស់​ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា គឺ​លោកស្រី ខារ៉ល រ៉តលី (Carol A. Rodly) រួម​នឹង​លោក អ៊ឹម សុទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ថ្លែង​សរសើរ​ពី​សក្តានុពល​របស់​គម្រោង​ថ្មី​នេះ។

ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក លោកស្រី ខារ៉ល រ៉តលី មាន​ប្រសាសន៍​ថា ៖ "គម្រោង​នេះ​នឹង​ផ្តល់​ដល់​សិស្សានុសិស្ស​កម្ពុជា​នូវ​ឱកាស​ដែល​ពួកគេ​ត្រូវ​ការ​ដើម្បី​សម្រេច​សក្តានុពល​ពេញ​លេញ​របស់​ពួកគេ ហើយ​សហរដ្ឋ​អាមេរិក​សង្ឃឹម​ថា នឹង​ធ្វើ​ការងារ​ជាមួយ​ដៃគូ​អប់រំ​ទាំង​អស់​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ខាង​មុខ"

ព័ត៌មាន​បន្ត​ថា គម្រោង​នេះ​នឹង​អាច​ជួយ​សិស្សានុសិស្ស​ចំនួន​១២​ម៉ឺន​នាក់​នៅ​ថ្នាក់​បឋម​សិក្សា និង​ មធ្យម​សិក្សា​បឋមភូមិ​ នៅ​ខេត្ត​កំពង់ចាម ក្រចេះ និង​ខេត្ត​សៀមរាប ហើយ​អង្គការ​អប់រំ​ពិភពលោក​ជា​អ្នក​អនុវត្ត​និង​សហការ​ជាមួយ​ក្រសួង​អប់រំ៕