សេចក្តីសម្រេចលេខ៨២០នេះបានត្រូវផ្តួចផ្តើមស្នើឡើងនិងដាក់ជូនទៅរដ្ឋសភាស.រ.អា.កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០០៩កន្លងមកនេះ ដោយលោកតំណាងរាស្ត្រ អេដ រ៉ត (Ed Royce) នៃគណបក្សសាធារណរដ្ឋពីរដ្ឋកាលីហ្វ័រញ៉ា, លោកតំណាងរាស្ត្រ ចូសេហ្វ ចាវ (Joseph Cao) នៃគណបក្សសាធារណរដ្ឋពីរដ្ឋ Luisiana, លោកតំណាងរាស្ត្រ ហ្វ្រេង វ៉ូលហ្វ (Frank Wolf) ពីគណបក្សសាធារណរដ្ឋ និងលោកតំណាងរាស្ត្រ ជេមស៍ ម៉ូរ៉ាន (James Moran) នៃគណបក្សប្រជាធិបតេយ្យពីរដ្ឋ Virginia។
ក្នុងសេចក្តីសម្រេចលេខ៨២០នោះបានធ្វើការអត្ថាធិប្បាយនូវចំណុចសំខាន់ៗជាច្រើន ដោយសំអាងហេតុដូចខាងក្រោមនេះ ៖
រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់យុត្តិវិធីគំរាមកំហែង ដូចជាសម្លាប់អ្នកប្រឆាំងនិងបង្ក្រាបក្រុមនយោបាយអ្នកប្រឆាំង។
របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានឲ្យដឹងថា លោក ឃឹម សម្បូរណ៍ អ្នកសារព័ត៌មាននៃកាសែតមនសិការខ្មែរ ដែលគាំទ្រគណបក្សសមរង្ស៊ីនិងកូនប្រុសរបស់គាត់បានត្រូវគេបាញ់សម្លាប់នៅចំកណ្តាលក្រុងភ្នំពេញ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០០៨។ ការបាញ់ប្រហារនេះគឺក្នុងគោលបំណងចង់ផ្ញើសារថា កុំឲ្យមានអ្នកកាសែតទាក់ទងឬចូលរួមជាមួយគណបក្សប្រឆាំង។
ប្រព័ន្ធតុលាការនៅកម្ពុជាមានការឃុបឃិតប្រព្រឹត្តអំពើពុករលួយ ហើយត្រូវបានប្រើប្រាស់ជាឧបករណ៍ដោយគណបក្សកាន់អំណាចដើម្បីបំបិទមាត់គណបក្សប្រឆាំង។
អង្គការ Freedom House បានចាត់ទុកប្រទេសកម្ពុជាក្នុងចំណាត់លេខពុំមានសេរីភាពឡើយ។
របាយការណ៍របស់អង្គការ Global Witness បានឲ្យដឹងថា ប្រទេសកម្ពុជាបានត្រូវដឹកនាំដោយក្រុមខ្សែស្រឡាយអ្នកលួចជាតិ។ ពួកគេមានទ្រព្យសម្បត្តិស្តុកស្តម្ភ ដោយសារការដណ្តើមរឹបអូសយកទ្រព្យសម្បត្តិរដ្ឋ ជាពិសេសគឺកេងយកផលប្រយោជន៍ពីសម្បត្តិធម្មជាតិ។
របាយការណ៍របស់លោក យ៉ាស្ហ ហ្កាយ (Yash Ghai) អតីតតំណាងពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប.) ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអ.ស.ប. ដោយបានលើកឡើងថា មិនចាំបាច់ជាអ្នកជំនាញយល់ដឹងជ្រៅជ្រះខាងសិទ្ធិមនុស្សដើម្បីទទួលស្គាល់ថា មានការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជានោះ។ គឺគេអាចមើលឃើញដោយងាយនូវគោលនយោបាយទាំងឡាយរបស់រដ្ឋាភិបាលដែលមានចរិតវិទ្ធង្សនាឬបន្ទុចបង្អាក់ការរីកចម្រើន ចំណុចសំខាន់ៗនូវដំណើរការឆ្ពោះទៅលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។ គោលនយោបាយដែលប៉ះពាល់ដល់ធនធានផ្នែកសេដ្ឋកិច្ច ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងគោលនយោបាយទាំងឡាយដែលនាំឲ្យប្រជាពលរដ្ឋបាត់បង់សេចក្តីថ្លៃថ្នូរ។
ករណីលោកស្រី មូរ សុខហួរ តំណាងរាស្ត្រនៃគណបក្សសមរង្សី បានត្រូវសភាដកអភ័យឯកសិទ្ធិនិងដាក់ទោសពិន័យ ដោយសារតែហ៊ានរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយចំហ។
ដូចដែលលោកស្រី មូរ សុខហួរ បានថ្លែងប្រាប់នៅចំពោះមុខគណៈកម្មការសិទ្ធិមនុស្ស ថម លេនថូស (Tom Lantos) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០០៩ ដែលថា លោកស្រីគឺជាបុគ្គលមួយរូបក្នុងចំណោមមនុស្សស្លូតត្រង់រាប់ពាន់នាក់ មានអ្នកកាសែត អ្នកដឹកនាំសហជីព គ្រូបង្រៀននិងអ្នកស្រុក ដែលបានត្រូវកាត់ទោសដោយតុលាការខ្មែរ ដែលគេគ្រប់គ្នាបានដឹងឮថា ប្រព្រឹត្តអំពើពុករលួយ ពុំមានសមត្ថភាព និងធ្វើតាមតែបញ្ជារបស់រដ្ឋាភិបាលនិងអ្នកមានអំណាច មានប្រាក់កាសតែប៉ុណ្ណោះ។
មន្ត្រីរាជរដ្ឋាភិបាលខ្មែរជាញឹកញយតែងតែលូកដៃក្នុងរបររកស៊ីជួញដូរផ្លូវភេទ ហើយបញ្ហាពុករលួយបានធ្វើឲ្យអំពើជួញដូរមនុស្សកាន់តែមានសភាពធ្ងន់ធ្ងរ។
របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសស.រ.អា.សម្រាប់ឆ្នាំ២០០៩ បានឲ្យដឹងថា អំពើពុករលួយដែលរីកសាយភាយខ្លាំងនៅក្នុងប្រទេសកម្ពុជា ហើយក្នុងរឿងការជួញដូរផ្លូវភេទនេះ ត្រូវបានគេជឿថា មានការជាប់ពាក់ព័ន្ធនឹងប៉ូលិស មន្ត្រីតុលាការ ដោយផ្ទាល់ឬដោយប្រយោល។
អាជ្ញាធរមូលដ្ឋាននិងមន្ត្រីរដ្ឋាភិបាលតែងតែទទួលយកប្រាក់សំណូកនិងជំរិតទារប្រាក់ពីម្ចាស់បនពេស្យាដើម្បីអាចនៅតែបន្តបើកកន្លែងផ្ទះបនបាន។
សេចក្តីសម្រេចលេខ៨២០បានបញ្ចប់សេចក្តីដោយសរសេរថា អាស្រ័យដូចបានរៀបរាប់ខាងលើនេះ សភាជាតិស.រ.អា.សូមធ្វើការថ្កោលទោសចំពោះការគាបសង្កត់ទៅលើក្រុមអ្នកប្រឆាំងដោយគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច ហើយសូមអំពាវនាវសុំឲ្យរាជរដ្ឋាភិបាលខ្មែរនិងគ្រប់អង្គការអន្តរជាតិដោះស្រាយនិងរកវិធានការជាក់ស្តែងដើម្បីប្រឆាំងនិងទប់ស្កាត់ចំពោះស្ថានភាពធ្ងន់ធ្ងរស្តីពីការជួញដូរមនុស្សនៅកម្ពុជានេះ៕
