ទូត​អាមេរិក​នៅ​កម្ពុជា​ព្រួយ​បារម្ភ​ចំពោះ​ការចាប់​ខ្លួន ដាំ សិទ្ធិ

មន្រ្តី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ដោយ​បង្ហាញ​ពី​ក្តី​កង្វល់​ទាក់ទងនឹង​ការចាប់​ខ្លួន​លោក ដាំ សិទ្ធិ ចាងហ្វាង​កាសែត​មនសិការខ្មែរ ហើយ​ថា ស្ថានទូត​កំពុងតែ​ពិនិត្យ​មើល​ស្ថានការណ៍​នេះ​ដោយ​យក​ចិត្ត​ទុកដាក់ ។

0:00 / 0:00

លោក ចេហ្វ ដៃហ្គល (Jeff Daigle) មន្ត្រី​ទទួលបន្ទុក​កិច្ចការ​សាធារណៈ​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ភ្នំពេញ បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គេ​មាន​ក្តីបារម្ភ​ណាស់​ដោយសារ​តែ​ការចាប់​ខ្លួន លោក ដាំ សិទិ្ធ នោះ បាន​ធ្វើ​ឡើង នៅពេល​ដែល​មាន​ដំណើរការ​បោះឆ្នោត​ជាតិ នាពេល​ខាង​មុខ​នេះ ។

លោក ចេហ្វ ដៃហ្គល ថ្លែង​ដូច្នេះ​ថា ៖ «យើង​មាន​ការព្រួយ​បារម្ភ​ចំពោះ​ការចាប់​ខ្លួន​នេះ ហើយ​យើង​កំពុង​បន្ត​តាមដាន​ចំពោះ​បញ្ហា​នេះ​ដែរ ពីព្រោះ​ថា ការចាប់ខ្លួន​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​សារព័ត៌មាន​និង​ការផ្សាយ​ព័ត៌មាន​នៅ​មុន​ការបោះឆ្នោត​នៅ​កម្ពុជា»

លោក ដាំ សិទ្ធិ ចាងហ្វាង​ការផ្សាយ​របស់​កាសែត​មនសិការខ្មែរ និង​ជា​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​សមរង្ស៊ី​ប្រចាំ​ក្រុង​ភ្នំពេញ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​អាទិត្យ ទី​៨ មិថុនា កន្លង​ទៅ​នេះ ពី​បទ​ចោទ​ប្រកាន់​រឿង​ផ្សាយ​ព័ត៌មាន​មិន​ពិត​តាម​បណ្តឹង​របស់​លោក ហោ ណាំហុង ឧបនាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស ។

ចប្ចុប្បន្ន​នេះ លោក ដាំ សិទិ្ធ កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន នៅ​ពន្ធនាគារ​ព្រៃ​ស ។

នេះ​អាច​ជា​លើក​ដំបូង​ហើយ​របស់​មន្រ្តី​ទូត​បរទេស​ទាក់ទង​នឹង​ការចាប់​ខ្លួន​លោក ដាំ សិទិ្ធ ដែល​ជា​អ្នកកាសែត​និង​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​រូប​នេះ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ មន្ត្រី​ស្ថានទូត​សហរដ្ឋ​អាមេរិក មិន​បាន​បញ្ជាក់​ថា ការចាប់​ខ្លួន​នោះ​នឹង​អាច​មាន​ផល​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការបោះឆ្នោត នា​ខែ​កក្កដា​ខាង​មុខ​នេះ​ឬ​យ៉ាង​ណា​នោះ​ទេ ។

ការចាប់​ខ្លួន​លោក ដាំ សិទិ្ធ នេះ បាន​រង​ការចោទប្រកាន់​ពី​មជ្ឈដ្ឋាន​នានា​ជា​ច្រើន ទាំង​សហគមន៍​ជាតិ​និង​អន្តរជាតិ ថា ជា​ការខុស​ច្បាប់ និង​មាន​ចរិត​នយោបាយ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​មាន​ការប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត សេរីភាព​នៃ​សារព័ត៌មាន និង​ដំណើរការ​ប្រជាធិបតេយ្យ​ខ្មែរ ហើយ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​នេះ ។

លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យ​រដ្ឋាភិបាល​និង​ជា​រដមន្រ្តី​សារព័ត៌មាន បាន​មាន​ប្រសាសន៍​តប​នឹង​ប្រតិកម្ម​នោះ​ថា វា​ជា​រឿងរ៉ាវ​របស់​តុលាការ តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្រសួង​របស់​លោក​បាន​សុំ​ឲ្យ​តុលាការ​ដោះលែង​លោក ដាំ សិទិ្ធ ឲ្យ​នៅ​ក្រៅឃុំ​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិនទាន់​ឃើញ​មាន​ការឆ្លើយតប​ពី​តុលាការ​នៅ​ឡើយ​ទេ ៕