នេះបើតាមការថ្លែងឲ្យដឹងពីមន្ត្រីស្ថានទូត។
លោក John Johnson ជាមន្ត្រីកិច្ចការសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានថ្លែងនៅថ្ងៃពុធដែរថា លោកក៏មិនមានអ្វីអធិប្បាយតបនឹងការថ្លែងរបស់មន្ត្រីខ្មែរនោះដែរ។
នៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃអង្គារ លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តីនិងជាប្រធានអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយនៃទីស្តីការគណៈរដ្ឋមន្ត្រីបានទទួលស្គាល់ថា នៅកម្ពុជាមានអំពើពុករលួយ ប៉ុន្តែបានចោទការថ្លែងរបស់លោកស្រីឯកអគ្គរដ្ឋទូត Carol Rodley ដែលថា កម្ពុជាបាត់ចំណូលជាតិ ៥០០លានដុល្លារក្នុងមួយឆ្នាំៗនោះ ថា គឺជាការបំភ្លៃការពិតប៉ះពាល់ដល់កិត្តិយសនិងកិត្យានុភាពនៃរដ្ឋាភិបាលខ្មែរ ហើយថា មិនអាចទទួលយកបានឡើយ។
លោក ឱម យ៉ិនទៀង មានប្រសាសន៍ដូច្នេះថា ៖ «បើឲ្យនិយាយថា អំពើពុករលួយនៅកម្ពុជា ធ្ងន់ធ្ងរដល់កម្រិតដែលគេចោទប្រកាន់នោះ យើងខ្ញុំទទួលយកមិនបានទេ។ ទី២ កុំយកលេសប្រឆាំងអំពើពុករលួយទៅជាការប្រឆាំងរដ្ឋាភិបាល មិនអាចទទួលយកបានទេ។ មានតែបក្សប្រឆាំងមួយទេ ប្រឆាំងរដ្ឋាភិបាលជារឿងធម្មតា បើខ្លួនមិនមែនជាបក្សប្រឆាំងទេ កុំយកផ្លាកអំពើពុករលួយធ្វើការប្រឆាំង»។
លោក ឱម យ៉ិនទៀង ថ្លែងថា កម្ពុជាក៏នឹងបន្តតាមដានមើលពីការវិវត្តនៃឥរិយាបទការទូតរបស់សហរដ្ឋអាមេរិកចំពោះកម្ពុជាផងដែរ។
កាលពីថ្ងៃអង្គារដដែលនោះ ក្រសួងការបរទេសនិងទីស្តីការគណៈរដ្ឋមន្ត្រីខ្មែរក៏បាន ធ្វើសេចក្តីថ្លែងការណ៍ស្របគ្នា ច្រានចោលប្រសាសន៍របស់លោកស្រី Carol Rodley ហើយទាមទារថា គួរមានការកែតម្រូវឡើងវិញផងដែរ។
សូមជម្រាបថា នៅក្នុងការប្រគំតន្ត្រីយុទ្ធនាការប្រឆាំងអំពើពុករលួយក្រោមប្រធានបទ «បាតដៃស្អាតស្អំ» លោកស្រី Carol Rodley ថ្លែងថា ផ្អែកតាមការសិក្សាស្រាវជ្រាវជាច្រើនអំពើពុករលួយនៅកម្ពុជា បានធ្វើឲ្យបាត់បង់ចំណូលជាតិដល់ទៅ ៥០០លានដុល្លារក្នុងមួយឆ្នាំៗ ដែលចំនួនថវិកានេះ អាចប្រើដើម្បីបន្ថែមប្រាក់ខែដល់បុគ្គលិកមន្ត្រីរាជការរហូតដល់ ២៦០ដុល្លារក្នុងមួយខែ ហើយអាចយកទៅកសាងសាលារៀនបាន ២ម៉ឺនបន្ទប់និងចំណាយផ្សេងៗទៀតសម្រាប់ប្រយោជន៍ពលរដ្ឋ។
ក្នុងរាត្រីនោះ លោកស្រី Carol Rodley ក៏ថ្លែងដែរថា កម្ពុជាក៏ល្មមដល់ពេលអនុម័តច្បាប់ប្រឆាំងអំពើពុករលួយហើយផងដែរ។
អំពើពុករលួយត្រូវគេមើលឃើញថា កំពុងបន្តញាំញីកម្ពុជានៅឡើយ ហើយរបាយការណ៍ឆ្នាំ២០០៦ របស់អង្គការតម្លាភាពអន្តរជាតិ បានចាត់ចំណាត់ថ្នាក់កម្ពុជាក្នុងចំណោមប្រទេសមានអំពើពុករលួយបំផុត គឺធ្លាក់រហូតដល់ទី១៦៣ ក្នុងចំណោម ១៨០ប្រទេស៕
