អាមេរិក​ផ្ដល់​ទិដ្ឋាការ​ដល់​ទេសចរ​បរទេស​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍

សហរដ្ឋ​អាមេរិក​បាន​ចេញ​គោលការណ៍​ថ្មី ដោយ​ចាប់​ផ្តើម​ផ្តល់​ទិ​ដ្ឋាការ ឬ​វីសា​រយៈពេល​ខ្លី ​ជូន​ដល់​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍។

ក្រុម​សកម្មជន​ការពារ​សិទ្ធិ​ជន​ផ្ទុក​មេរោគ​អេដស៍​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា គោល​ការណ៍​ថ្មី​នេះ​គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​នេះ និង​ជា​ការ​ចាប់​ផ្តើម​ជីវិត​ថ្មី​សម្រាប់​គ្រួសារ​ច្រើន​រាប់​មិន​អស់​ដែល​ត្រូវ​បាន​កាត់​ផ្តាច់​ទំនាក់​ទំនង​ពី​គ្នា ដោយសារ​តែ​បញ្ហា​រឹត​បន្តឹង​ក្នុង​ការ​ផ្តល់​ទិដ្ឋាការ​ក្នុង​រយៈ​ពេល​កន្លង​ទៅ​នេះ។

ចាប់​ពី​ឆ្នាំ​១៩៨៧​មក ជន​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​មិន​ត្រូវ​បាន​ផ្តល់​ទិដ្ឋាការ​ឲ្យ​ចូល​សហរដ្ឋ​អាមេរិក​ឡើយ បន្ទាប់​ពី​សភា​អាមេរិក​បាន​ណែនាំ​ឲ្យ​ក្រសួង​សុខាភិបាល​ដាក់​បញ្ចូល​មេរោគ​អេដស៍​ទៅ​ក្នុង​បញ្ជី​ជំងឺ​ឆ្លង​ដ៏​គ្រោះ​ថ្នាក់​មួយ​មក។

សហរដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៣ ដែល​មាន​ការ​រឹត​ត្បិត​ក្នុង​ការ​ផ្តល់​ទិដ្ឋាការ​ដល់​ជន​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍។

ប្រភព​ព័ត៌មាន CNN បាន​រាយ​ការណ៍​ថា យោង​តាម​គោលការណ៍​ថ្មី​នេះ ជន​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​នឹង​ទទួល​បាន​ទិដ្ឋាការ​ចូល​សហរដ្ឋ​អាមេរិក​ក្នុង​រយៈ​ពេល​៣០​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៤ ខែ​មករា នេះ​ត​ទៅ។ ប៉ុន្តែ​ក្នុង​ទិដ្ឋាការ​នោះ នឹង​មិន​មាន​បង្ហាញ​ជា​សាធារណៈ​ថា អ្នក​ធ្វើ​ដំណើរ​ជា​ជន​ផ្ទុក​មេរោគ​អេដស៍​នោះ​ឡើយ៕