ទាហាន​ជើង​ទឹក​អាមេរិក​មក​ហ្វឹក​ហាត់​ដល់​ទាហាន​ជើង​ទឹក​ខ្មែរ

2009-07-22

កង​នាវិក​នៃ​នាវា USS Safeguard របស់​កង​នាវាចរណ៍​សហរដ្ឋ​អាមេរិក ដែល​មាន​និវេសដ្ឋាន​នៅ​កោះ​ហាវ៉ៃ​សហរដ្ឋ​អាមេរិក​ចំនួន​១៦​នាក់ បាន​មក​ហ្វឹក​ហាត់​និង​ដក​ស្រង់​បទ​ពិសោធន៍​ហែល​ទឹក​និង​មុជ​ទឹក​ដល់​កង​ទាហាន​ជើង​ទឹក​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​នៅ​ទី​បញ្ជាការ​កងទ័ព​ជើង​ទឹក​ឆ្នេរ​សមុទ្រ​រាម​ក្នុង​អំឡុង​ពេល​ចូល​ចត​នោះ។

RFA Photo/Mom Sophonn

លោក​ស្រី Carol Rodley ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ចុះ​ទស្សនា​ទាហាន​ជើង​ទឹក​អាមេរិក​ហ្វឹក​ហាត់​ទាហាន​ជើង​ទឹក​ខ្មែរ​នៅ​ឆ្នេរ​សមុទ្រ​រាម ខេត្ត​ព្រះ​សីហនុ នា​ថ្ងៃ​ទី​២១ កក្កដា ២០០៩។

លោកស្រី Carol Rodley ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ពេល​ដែល​ចុះ​ទៅ​ទស្សន​កិច្ច​ការ​ហ្វឹក​ហាត់​នៅ​ឯ​ឆ្នេរ​សមុទ្រ​រាម នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា​នេះ​ថា ការ​ចុះ​ជួយ​ហ្វឹក​ហាត់​នេះ គឺ​ជា​ការ​បង្កើន​នូវ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​កង​ទ័ព​កម្ពុជា​និង​សហរដ្ឋ​អាមេរិក។

លោកស្រី Carol Rodley ថ្លែង​យ៉ាង​ដូច្នេះ ៖ «ផល​ប្រយោជន៍​គឺ​មិន​បាន​តែ​ផ្នែក​ម្ខាង​ទេ គឺ​ត្រូវ​ទាំង​ពីរ​ខាង។ នៅ​ពេល​ដែល​កង​នាវិក​អាមេរិក​ធ្វើ​វគ្គ​បណ្ដុះ​បណ្ដាល​ទៅ​ប្រទេស​ផ្សេង​ទៀត គឺ​គេ​ក៏​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ពី​ប្រទេស​នោះ​ផង​ដែរ។ គេ​ស្វែង​យល់​ពី​បរិស្ថាន ជា​ទូទៅ​នៅ​កន្លែង​ណា​ក៏​ដោយ ប៉ុន្តែ​នៅ​ទី​នេះ​គេ​នឹង​ស្វែង​យល់​ពី​បរិស្ថាន​នៅ​ទី​នេះ ព្រោះ​អី​អ្នក​នៅ​ទី​នេះ​គឺ​ដឹង​អំពី​បរិស្ថាន​នៅ​ទី​នេះ​ច្រើន​ជាង​អ្នក​នៅ​ពី​ក្រៅ។ ជា​ការ​ពិត​ណាស់ គេ​ផ្ដល់​ផល​ប្រយោជន៍​ដល់​កង​នាវិក​កម្ពុជា ទន្ទឹម​នឹង​នេះ គេ​ក៏​ទទួល​បាន​ផល​ប្រយោជន៍​ពី​កង​នាវិក​កម្ពុជា​ផង​ដែរ»

ទាហាន​អាមេរិក230
ទាហាន​ជើង​ទឹក​ខ្មែរ​រៀប​ចំ​ខ្លួន​ហ្វឹក​ហាត់​មុជ​ទឹក។
លោកស្រី​បាន​ថ្លែង​ទៀត​ថា ក្រៅ​ពី​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​បង្ហាត់​បង្រៀន​ដល់​កង​ទាហាន​ជើង​ទឹក​ខ្មែរ​នេះ ទាហាន​អាមេរិក​មាន​កិច្ច​សហ​ប្រតិបត្តិការ​ផ្សេង​ៗ​ទៀត ដូច​ជា ការ​ថែ​រក្សា​សន្តិសុខ​និង​សន្តិភាព​ជា​ដើម។

ចំណែក​លោក​ឧត្តម​នាវី​ទោ អ៊ុក សីហា មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​រាម បាន​មាន​ប្រសាសន៍​ថា កង​ទាហាន​ជើង​ទឹក​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ចំនួន ២០​នាក់ បាន​ចូល​រួម​ហ្វឹក​ហាត់​និង​ដក​ស្រង់​បទ​ពិសោធន៍​ជំនាញ​ហែល​ទឹក​និង​មុជ​ទឹក​ពី​កង​ទាហាន​ជើង​ទឹក​របស់​សហរដ្ឋ​អាមេរិក។

លោក​បាន​ថ្លែង​ទៀត​ថា នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​កង​នាវិក​នៃ​នាវា USS Safeguard នេះ បាន​មក​បង្ហាត់​បង្រៀន​ដល់​ទាហាន​ជើង​ទឹក​ខ្មែរ។

លោក​ឧត្តម​នាវី​ទោ អ៊ុក សីហា បាន​ថ្លែង​ទៀត​ថា ការ​បង្ហាត់​បង្ហាញ​របស់​ទាហាន​ជើង​ទឹក​អាមេរិក​នេះ គឺ​ជា​ការ​បង្កើន​ចំណេះ​ដឹង​និង​បទ​ពិសោធន៍​ដល់​ទាហាន​ជើង​ទឹក​ខ្មែរ ៖ «ជា​រួម​ឥឡូវ​នេះ យើង​កំពុង​តែ​ហ្វឹកហ្វឺន​រួម​គ្នា​អំពី​ការ​មុជ​ទឹក។ វា​ល្អ​ណាស់​សម្រាប់​កង​ទ័ព​ជើង​ទឹក ព្រោះ​ជា​រួម យើង​បាន​ទទួល​ចំណេះ​ដឹង​បន្ថែម​អំពី​ការ​ហ្វឹក​ហ្វឺន​មុជ​ទឹក។ វា​ជា​បញ្ហា​សំខាន់​សម្រាប់​កង​ទ័ព​ជើង​ទឹក ក្នុង​ការ​ហ្វឹក​ហ្វឺន​នេះ។ ជា​រួម​ទៅ កាលណា​យើង​រៀន​សូត្រ យើង​ទទួល​ការ​ចេះ​ដឹង​ហើយ គ្រាន់​តែ​ឥឡូវ​នេះ យើង​កំពុង​តែ​ឲ្យ​បង​ប្អូន​ជំរុញ​ការ​ស្វែង​យល់​បន្ថែម ហើយ​ខិត​ខំ​យក​ពេល​វេលា​សម្រាប់​ការ​ហ្វឹកហ្វឺន​នេះ ដើម្បី​បង្កើន​សមត្ថភាព»

លោក Charles Ennes មន្ត្រី​ទទួល​បន្ទុក​ការងារ​សង្គ្រោះ​និង​ក្រុម​មុជ​ទឹក​របស់​នាវា USS Safeguard បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ជំនាញ​របស់​នាវា USS Safeguard គឺ​បង្ហាត់​លើ​ផ្នែក​មុជ​ទឹក ការ​ប្រើប្រាស់​ឧបករណ៍ ការ​ជួយ​សង្គ្រោះ​នៅ​ក្នុង​ទឹក ការ​ជួស​ជុល​គ្រឿង​ម៉ាស៊ីន ជា​ដើម។

សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី​ប្រាំ​ហើយ​ដែល​នាវា​កង​ទ័ព​ជើង​ទឹក​របស់​សហរដ្ឋ​អាមេរិក​បាន​មក​ចូល​ចត​ជា​ផ្លូវការ​នៅ​ក្នុង​កំពង់​ផែ​ប្រទេស​កម្ពុជា ដែល​គ្រា​មុនៗ​មាន​កម្មវិធី​មនុស្ស​ធម៌​នានា ដូច​ជា​ជំនួយ​ផ្នែក​សុខាភិបាល ជួយ​ជួស​ជុល​មន្ទីរ​ពេទ្យ​និង​សាលារៀន​ជា​ដើម៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អតីត​ប្រធានាធិបតី​អាមេរិក​សម្ពោធ​ផ្ទះ​សម្រាប់​ជន​ក្រី​ក្រ​នៅ​ខែត្រ​កណ្ដាល

ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា​និង​វៀតណាម​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ

នាយក​រដ្ឋមន្ត្រី​ខ្មែរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​-​អាមេរិក​នៅ​សិង្ហបុរី

ហោ ណាំហុង នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​អ៊ីតាលី

រដ្ឋាភិបាល​កម្ពុជា​គ្រោង​ចរចា​ជាមួយ​រុស្ស៊ី​ស្ដីពី​បញ្ហា​បំណុល

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ប្រកាស​ជា​ថ្មី​ទៀត​ក្នុង​ការ​ផ្តល់​ជំនួយ​ដល់​កម្ពុជា

នាយក​រដ្ឋមន្ត្រី​ជប៉ុន​បារម្ភ​ពី​បញ្ហា​ទំនាស់​រវាង​កម្ពុជា​និង​ថៃ

នាយក​រដ្ឋមន្ត្រី​ខ្មែរ​គ្រោង​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ជប៉ុន

កម្ពុជា​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​លើក​ដំបូង

កូរ៉េ​ខាង​ត្បូង​នឹង​ទទួល​យក​ពលករ​ខ្មែរ​៣.៥០០​នាក់​បន្ថែម​ទៀត