សមាជិកសភាអាមេរិកដែលបានបញ្ចប់ទស្សនកិច្ចរយៈពេលខ្លីក្នុងប្រទេសកម្ពុជា នៅថៃ្ង ៧ មករានេះ បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យពួកលោកបានមកចូលរួមក្នុងពិធីរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីរំឭកខួបលើកទី៣១ នៃថៃ្ងជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ និងឆ្នាំ២០១០នេះ គឺគ្រាន់តែជាការរំឭកពីការដួលរលំនៃរបបវាលពិឃាតខែ្មរក្រហមតែប៉ុណ្ណោះ។
ពីឆ្វេង៖ សមាជិកសភាសហរដ្ឋអាមេរិក លោក ចូសេហ្វ កាវ (Joseph Cao), លោក អេនី ហ្វេឡូមេវេហ្គា (Eni Faleomavaega) និងលោក ម៉ែក ហិនដា (Mike Honda) ក្នុងអំឡុងពេលធ្វើសន្និសីទកាសែតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃ៧ មករា ២០១០
របបខែ្មរក្រហមត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិស្តីបន្ទោសថា បានសម្លាប់រង្គាលប្រជាពលរដ្ឋចំនួនជិត ២លាននាក់នៅចន្លោះឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩ ដោយសារការធ្វើទារុណកម្ម ពលកម្មលើសកម្លាំង និងការបង្អត់អាហារជាដើម។
លោក អេនី ហ្វេឡូមេវេហ្គា (Eni Faleomavaega) ជាសមាជិកសភាម្នាក់នៅក្នុងចំណោមសមាជិកសភាអាមេរិកចំនួន ៣នាក់ដែលទើបតែបានបញ្ចប់ទស្សនកិច្ចរយៈពេល ២ថៃ្ងនៅក្នុងប្រទេសកម្ពុជា នៅថៃ្ងព្រហស្បតិ៍នេះ បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញថា ៖ "អ្វីដែលខ្ញុំបានចាប់អារម្មណ៍នៅក្នុងពិធីថ្ងៃ ៧ មករានេះ គឺជាថ្ងៃដួលរលំនៃរបបប៉ុលពត ក្រោយពីការកាប់សម្លាប់មនុស្សនិងធ្វើទារុណកម្មយ៉ាងសាហាវអស់ចំនួនជិត ២លាននាក់ ហើយអំពើបែបនេះមិនត្រូវឲ្យកើតមានជាថ្មីទៀតចំពោះប្រជាពលរដ្ឋស្លូតត្រង់នោះទេ"។
លោក អ៊ុច បូរិទ្ធ ជារដ្ឋលេខាធិនៃក្រសួងការបរទេសកម្ពុជា ដែលបានចូលរួមនៅក្នុងសន្និសីទកាសែតនោះដែរ បានមានប្រសាសន៍ថា ៖ «ជាថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នា។ ប្រជាជនយើងទាំងអស់គ្នាគាត់បានបញ្ជាក់ច្បាស់ណាស់ថា គាត់ចូលរួមនេះដើម្បីអបអរសាទរនូវការដួលរលំនៃរបបប្រល័យពូជសាសន៍ប៉ុលពតខ្មែរក្រហម»។
វត្តមានរបស់សមាជិកសភានៃសហរដ្ឋអាមេរិកនៅក្នុងពិធីខួបលើកទី៣១ នៃថៃ្ងជ័យជម្នះ ៧ មករា របស់គណបក្សប្រជាជនកម្ពុជានោះ គឺថៃ្ងដែលមតិមួយចំនួនបានពណ៌នាថា ជាថៃ្ងដែលកងទ័ពវៀតណាមបានចូលឈ្លានពានប្រទេសកម្ពុជា។
សមាជិកសភា ២រូបនៃសហរដ្ឋអាមេរិក គឺលោក ម៉ែក ហិនដា (Mike Honda) និងលោក ចូសេហ្វ កាវ (Joseph Cao) មិនបានចូលរួមនៅក្នុងពិធីនោះទេ ប៉ុន្តែលោកទាំងពីរបានទៅទស្សនកិច្ចនៅវាលពិឃាតខែ្មរក្រហមនៅបឹងជើងឯក នៅថៃ្ងព្រហស្បតិ៍នេះ។
លោក យឹម សុវណ្ណ ជាតំណាងរាស្រ្តនៃគណបក្សសមរង្ស៊ី និងជាអ្នកនាំពាក្យផងដែរនោះ បានមានប្រសាសន៍ប្រតិកម្មថា គេបានរំឭកពីប្រវត្តិសាស្រ្តនៃអតីតកាល ប៉ុន្តែគេគប្បីពិនិត្យអំពីបច្ចុប្បន្នកាលផងដែរ។
លោក យឹម សុវណ្ណ បានបញ្ជាក់ថា ៖ «ការរំលោភសិទ្ធិមនុស្ស ការបំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋ ការបាញ់សម្លាប់អ្នកកាសែត ការដាក់គុកកសិករដែលរងគ្រោះដោយសារបាត់បង់ដីធ្លីសុទ្ធតែជាបទពិសោធន៍ដែលគាត់ត្រូវចងចាំ ហើយគាត់នឹងធ្វើយ៉ាងម៉េចជួយផ្ដល់យោបល់កុំឲ្យមានការកើតឡើងបែបនេះទៀតនៅក្នុងសង្គមខ្មែរ»។
លោក រាជ សម្បត្តិ ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខែ្មរក្រហម បានមានប្រសាសន៍ថា សាលាក្តីខែ្មរក្រហមមានគម្រោងការប្រកាសសាលក្រមរបស់ ឌុច អតីតប្រធានគុកទួលស្លែង នៅក្នុងអំឡុងត្រីមាសទី១ ឆ្នាំ២០១០នេះ ក្រោយពីបានបើកសវនាការជម្រះក្តីសំណុំរឿង ០០១ រយៈពេល ៧៧ថៃ្ង តាំងថៃ្ងទី៣០ ខែមីនា ឆ្នាំ២០០៩កន្លងទៅនេះ ក្រោមបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងឧក្រិដ្ឋកម្មសង្គ្រាម។
លោកបានបន្តថា សហចៅក្រមស៊ើបអង្កេតនៃសាលាក្ដីខ្មែរក្រហមនឹងបិទសំណុំរឿងស៊ើបអង្កេតលើសំណុំរឿង០០២ នៅសប្តាហ៍ក្រោយនេះ ក្រោមបទចោទអំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍៕
សភាសម្រេចកាត់ប្រាក់ខែមូរសុខហួរដើម្បីសងជំងឺចិត្តហ៊ុនសែន
សកម្មជនបក្សសមរង្ស៊ីចោទប៉ូលិសថាតាមឃ្លាំមើលសកម្មភាពខ្លួន
មូរ សុខហួរ យល់ព្រមទទួលថវិកាពីក្រុមចលនាស្ត្រី
មេភូមិនៅស្ទឹងត្រែងរងការចោទថាបង្ខំអ្នកភូមិឲ្យបោះឆ្នោតឲ្យបក្សប្រជាជន
មន្ត្រីរដ្ឋាភិបាលប្រតិកម្មទៅនឹងរបាយការណ៍របស់ខុមហ្វ្រែល
ហ៊ុន សែន ទៅធ្វើទស្សនកិច្ចនៅសិង្ហបុរី
ក្រុមអ្នកគាំទ្រ មូរ សុខហួរ រៃអង្គាសប្រាក់បានជាង១០លានរៀល
បក្សហ៊្វុនស៊ីនប៉ិច-ជាតិនិយម រៀបចំរចនាសម្ព័ន្ធថ្មី
បក្សប្រឆាំងស្នើអាមេរិកជួយឲ្យលោកសមរង្ស៊ីបានចូលស្រុក
សង្គមស៊ីវិលសុំឲ្យបញ្ឈប់ការចោទសកម្មជនបក្សសមរង្ស៊ីពីបទភេរវកម្ម
មតិ
បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។
មើលមតិទាំងអស់.