ខាងក្រោមនេះ គឺជាសេចក្ដីរាយការណ៍របស់លោក សុខ សេរី អំពីកិច្ចប្រជុំរវាងអនុរដ្ឋមន្ត្រីការបរទេសអាមេរិកនិងរដ្ឋមន្ត្រីការបរទេសខ្មែរ តាមរយៈការសាកសួររបស់លោក ហ៊ុយ វណ្ណៈ ៖
ហ៊ុយ វណ្ណៈ ៖ លោកបានតាមយកព័ត៌មានទាក់ទងនឹងអនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក John Negroponte ដែលលោកបានជួបជាមួយឧបនាយករដ្ឋមន្ត្រីខ្មែរ លោក ហោ ណាំហុង និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ តើកិច្ចប្រជុំនោះដំណើរការយ៉ាងដូចម្ដេចហើយ?
សុខ សេរី ៖ ឥឡូវនេះ ខ្ញុំកំពុងស្ថិតនៅឯក្រសួងការបរទេសកម្ពុជាក្នុងទីក្រុងភ្នំពេញ ហើយជំនួបរវាងលោក John Negroponte អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រីខ្មែរ ហោ ណាំហុង ជារដ្ឋមន្ត្រីការបរទេសកម្ពុជា បានចប់ហើយ ក្រោយពីការជួបពិភាក្សាគ្នាអស់រយៈពេល ១ម៉ោងក្រោយមក។
ផ្អែកតាមលោក គុយ ហួង អនុរដ្ឋលេខាធិការនៃក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតឲ្យដឹងថា លោក ហោ ណាំហុង បានលើកឡើងនូវ៤ចំណុច ជម្រាបជូនលោក John Negroponte អំពីសភាពការណ៍នៅកម្ពុជា។ ទី១ គឺអំពីលទ្ធផលនៃការបោះឆ្នោត ទី២ ការស្នើឲ្យសហរដ្ឋអាមេរិកទទួលយកទំនិញវាយនភណ្ឌពីប្រទេសកម្ពុជា ទី៣ កម្ពុជាបានស្នើទៅសហរដ្ឋអាមេរិកឲ្យគាំទ្របេក្ខភាពរបស់ប្រទេសកម្ពុជាជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ហើយលោក John Negroponte បានគាំទ្រសំណើរបស់កម្ពុជា ដែលលោក ហោ ណាំហុង បានលើកឡើងនេះ។
ហើយចំណុចទី៤ ចុងក្រោយ គឺជាដំណឹងថ្មីគឺថា ផ្អែកតាមលោក គុយ ហួង អនុរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានដកស្រង់ប្រសាសន៍របស់លោក ហោ ណាំហុង និងលោក John Negroponte ឲ្យដឹងថា សហរដ្ឋអាមេរិកបានគាំទ្រសំណើរបស់កម្ពុជា មានន័យថា សហរដ្ឋអាមេរិកសន្យានឹងផ្ដល់ប្រាក់ជួយដល់សាលាក្ដីខ្មែរក្រហមក្នុងការកាត់ទោសអតីតមេខ្មែរក្រហម ហើយការសន្យានេះនឹងចេញជាសេចក្ដីប្រកាសជាផ្លូវការនៅថ្ងៃស្អែក ហើយអ្វីដែលលោក គុយ ហួង បានមានប្រសាសន៍ប្រាប់សន្និសីទកាសែតនាថ្ងៃនេះ គ្រាន់តែឲ្យដឹងថា សហរដ្ឋអាមេរិកសន្យានឹងផ្ដល់ប្រាក់ជំនួយដល់សាលាក្ដីខ្មែរក្រហម ប៉ុន្តែមិនបានបញ្ជាក់ឲ្យដឹងថា បា្រក់នោះនឹងមានចំនួនប៉ុន្មាន ហើយនឹងចាប់ផ្ដើមផ្ដល់ជំនួយនោះនៅពេលណានោះទេ។
ហ៊ុយ វណ្ណៈ ៖ ជុំវិញលទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា តើមន្ត្រីសហរដ្ឋអាមេរិកវាយតម្លៃយ៉ាងដូចម្ដេចដែរ?
សុខ សេរី ៖ ផ្អែកតាមលោក គុយ ហួង បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកហាក់ដូចជាមានការគាំទ្រចំពោះលទ្ធផលនៃការបោះឆ្នោតនៅកម្ពុជានាពេលកន្លងមកនេះ ប៉ុន្តែមិនបានបញ្ជាក់ឲ្យពិស្ដារច្បាស់លាស់ទេ ដោយលោក គុយ ហួង បានមានប្រសាសន៍ថា កន្លងមកនេះ ក្នុងអំឡុងនៃការបោះឆ្នោតកាលពីថ្ងៃទី២៧ កក្កដា កន្លងទៅនេះ មានអ្នកសង្កេតការណ៍ជាច្រើនពាន់នាក់ មកពីប្រទេសនានាដូចជាប្រទេសជប៉ុន សហភាពអឺរ៉ុប និងអ្នកសង្កេតការណ៍មកពីប្រទេសដទៃទៀត បានឯកភាពថា ទទួលយកនូវលទ្ធផលនៃការបោះឆ្នោតនេះ បើទោះបីជាលទ្ធផលនេះមិនទាន់បានស្របតាមស្តង់ដារអន្តរជាតិកម្រិតខ្ពស់ក៏ដោយ៕
