មន្រ្តី​អាមេរិក​និយាយ​អំពី​ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា

ប្រធាន​ការិយាល័យ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា នៅ​ឯ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ​ថា ការ​កើត​មាន​និង​ការ​កើន​ឡើង​នៃ​អំពើ​ជួញដូរ​មនុស្ស គឺ​មក​ពី​កត្តា​ជា​ច្រើន ដូច​ជា​ការ​ជំពាក់​លុយ​គេ ការ​រក​លុយ​មិន​បាន​ពេល​សេដ្ឋកិច្ច​ពិភព​លោក​ធ្លាក់​ចុះ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​តែ​មាន​វិធានការ​ទប់​ស្កាត់​ឲ្យ​បាន​ខ្លាំង​ក្លា។

0:00 / 0:00

លោក លូអ៊ីស ស៊ីដឺបាកា (Luis CdeBaca) ប្រធាន​ការិយាល័យ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​មាន​ប្រសាសន៍​ទៀត​ថា ភាគ​ច្រើន​ជន​រង​គ្រោះ​នោះ​គឺ​ជា​ស្ត្រី​ដែល​ការ​ជំពាក់​លុយ​មេ​បន ហើយ​បាន​ក្លាយ​ជា​ជន​រង​គ្រោះ​ក្នុង​អំពើ​ជួញ​ដូរ​នោះ។

លោក លូអ៊ីស ស៊ីដឺបាកា មាន​ប្រសាសន៍​ដូច្នេះ ៖ «គាត់​ក៏​បាន​និយាយ​អំពី​ការ​បញ្ជូន​ចេញ​នូវ​ជន ៣​នាក់ ទៅ​អាមេរិក​ថ្មីៗ​នេះ គាត់​ថា ការ​បញ្ជូន​ចេញ​ជន​ដែល​រំលោភ​ផ្លូវ​លើ​ភេទ​កុមារ​នេះ គឺ​ជា​សហ​ប្រតិបត្តិការ​ដ៏​ល្អ​មួយ ប្រសិន​បើ​គ្មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​កម្ពុជា​ទេ ការ​បញ្ជូន​ពួក​គេ​ទៅ​វិញ​នោះ គឺ​មិន​អាច​កើត​ឡើង​បាន​ទេ។ ហើយ​គាត់​បាន​ទស្សន​កិច្ច​នៅ​ម៉ាឡេស៊ី នៅ​ប្រទេស​ថៃ ក៏​បាន​ពិភាក្សា​ជាមួយ​មន្រ្តី​នៅ​ទី​នោះ ហើយ​ក៏​បាន​លើក​ឡើង​អំពី​ការ​ការពារ​ជន​រង​គ្រោះ ជា​ពិសេស​ជន​រង​គ្រោះ​ពី​កម្ពុជា​ទៅ»

លោក​បាន​ថ្លែង​ទៀត​ថា ជន​រង​គ្រោះ​មួយ​ចំនួន​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ថៃ ឬ​ម៉ាឡេស៊ី​នោះ គឺ​ជា​ទាសករ​នៅ​លើ​ទូក​នេសាទ។

កាល​ពី​ឆ្នាំ​កន្លង​ទៅ សហរដ្ឋ​អាមេរិក​បាន​ដាក់​ប្រទេស​កម្ពុជា​ក្នុង​បញ្ជី​លើ​លំដាប់​លេខ​ពីរ​ក្នុង​ការ​ឃ្លាំ​មើល​ពី​អំពើ​ជួញដូរ​មនុស្ស ប៉ុន្តែ​លោក​បញ្ជាក់​ទៀត​ថា ឆ្លង​កាត់​តាម​ការ​ប្រជុំ​នានា ប្រទេស​កម្ពុជា​បាន​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ទប់​ស្កាត់​លើ​ករណី​នេះ។

លោក លូអ៊ីស ស៊ីដឺបាកា (Luis CdeBaca) បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នៅ​មិន​ទាន់​បាន​ចាត់​លំដាប់​ថ្នាក់​ការ​ឃ្លាំ​មើល​ការ​ជួញដូរ​មនុស្ស​ក្នុង​ឆ្នាំ​២០០៩ លើ​ប្រទេស​កម្ពុជា​នេះ​ថា​យ៉ាង​ណា​នៅ​ឡើយ ដោយសារ​តែ​របាយ​ការណ៍​ឃ្លាំ​មើល​នៅ​មិន​ទាន់​បាន​ចេញ​នោះ។

មន្ត្រី​រដ្ឋាភិបាល​នៅ​ល្ងាច​ថ្ងៃ​ទី​២ ខែ​កញ្ញា នៅ​មិន​ទាន់​អាច​ទំនាក់​ទំនង​ដើម្បី​សុំ​ការ​បំភ្លឺ​លើ​ករណី​នេះ​នៅ​ឡើយ​ទេ។

ចំណែក​ឯ​លោកស្រី ពុង ឈីវ​កេក ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស លីកាដូ បាន​មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ព្យាយាម​ទប់​ស្កាត់​ខ្លាំង​ក៏​ដោយ ក៏​ប៉ុន្តែ​អំពើ​ជួញ​ដូរ​ទាំង​នោះ​នៅ​តែ​កើត​មាន​នៅ​ឡើយ។

លោកស្រី ពុង ឈីវ​កេក ថ្លែង​យ៉ាង​ដូច្នេះ ៖ «ឃើញ​ថា រដ្ឋាភិបាល​លោក​ចាប់​អារម្មណ៍ ក៏​ប៉ុន្តែ​នៅ​តែ​មាន​បញ្ហា​ដោយសារ​តែ​មូល​ហេតុ​ជា​ច្រើន។ ទី​១ ច្បាប់​យើង យើង​មិន​ទាន់​បាន​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ ដូច្នេះ​បើ​អ្នក​ដែល​ជួញ​ដូរ​មនុស្ស​ហ្នឹង​នៅ​តែ​អត់​ជាប់​ទោស​អ៊ីចឹង អត់​រាង​ចាល​ទេ»

លោកស្រី​បាន​បញ្ជាក់​ថា វិធានការ​ដើម្បី​ទប់​ស្កាត់​នោះ គឺ​រដ្ឋាភិបាល​ត្រូវ​អនុវត្ត​ច្បាប់​ជួញ​ដូរ​ឲ្យ​បាន​តឹង​រ៉ឹង និង​ពង្រឹង​កិច្ច​សហ​ប្រតិបតិ្តការ​ជាមួយ​ប្រទេស​ជិត​ខាង និង​អន្តរជាតិ ដោយសារ​តែ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ងាយ​រង​គ្រោះ​នោះ។

សូម​ជម្រាប​ថា កាល​ពី​ថ្ងៃ​ទី​៣០ សីហា ក្រសួង​មាន​សមត្ថកិច្ច​របស់​ប្រទេស​កម្ពុជា​បាន​សហការ​ជាមួយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស ដោយ​ចាប់​ជន​ជាតិ​អាមេរិក​ចំនួន​៣​នាក់ បញ្ជូន​ទៅ​កាត់​ទោស​នៅ​សហរដ្ឋ​អាមេរិក ដោយសារ​ពួក​គេ​បាន​រួម​ភេទ​ជាមួយ​កុមារ​នៅ​កម្ពុជា៕