មន្ត្រី​អាមេរិក៖ កម្ពុជា​-​ថៃ​គួរ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី

ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​​រយៈពេល​១​ថ្ងៃ​នៅ​កម្ពុជា លោក ស្កត ម៉ាសេល ឧប​ការី​រង​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក និង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​អាស៊ាន មាន​ប្រសាសន៍​ថា ជម្លោះ​ព្រំដែន​រវាង​កម្ពុជា​ថៃ ប្រទេស​ទាំង​ពីរ​គួរតែ​ស្វែងរក​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​ទ្វេ​ភាគី ជា​ជាង​ប្រើ​កម្លាំង​ទ័ព។

លោក​ថ្លែង​ឲ្យ​ដឹង​ដូច្នេះ​ធ្វើ​ឡើង​តាមរយៈ​អ្នក​បកប្រែ​ភាសា​ក្នុង​សន្និសីទ​កាសែត កាល​ពី​ល្ងាច​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ នា​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ។

ក្នុង​សន្និសីទ​កាសែត លោក ស្កត ម៉ាសេល (Scot Marciel) មិន​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​អ្នក​កាសែត​ដែល​សួរ​ថា តើ​សហរដ្ឋ​អាមេរិក​នឹង​មាន​អន្តរាគមន៍​បែប​ណា​ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា​ថៃ? លោក ស្កត ម៉ាសេល មិន​មាន​ចម្លើយ​ពិស្តារ​នោះ​ទេ ដោយ​គ្រាន់តែ​បញ្ជាក់​ខ្លី​ថា ទាំង​ភាគី​កម្ពុជា​និង​ថៃ​សុទ្ធតែ​ជា​មិត្ត​ជិតស្និទ្ធ​ជាមួយ​អាមេរិក។

លោក ស្កត ម៉ាសេល បាន​មាន​ប្រសាសន៍​តាម​រយៈ​អ្នក​បកប្រែ​ថា ៖ "...ជម្លោះ​ព្រំដែន​កម្ពុជា​ថៃ​ហ្នឹង សហរដ្ឋ​អាមេរិក​សម្ដែង​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​ពី​ភាព​តានតឹង​ហ្នឹង ហើយ​សង្ឃឹម​ថា ប្រទេស​ទាំង​ពីរ​នឹង​បន្ត​ដោះស្រាយ​ភាព​តានតឹង​ហ្នឹង​ដោយ​សន្តិវិធី..."។

មន្ត្រី​អាមេរិក scot marciel
០៩-កុម្ភៈ-២០១០: ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អាស៊ាន និង​ជា​ឧបការី​រង​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​អាគ្នេយ៍ លោក ស្កត ម៉ាសេល (Scot Marciel) ក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទ​កាសែត នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក ក្នុង​រាជធានី​ភ្នំពេញ។ (RFA Photo/Den Ayuthyea)

លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​ព្រំដែន​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន មាន​ប្រសាសន៍​ថា ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​មក​កម្ពុជា​នៅ​ចំ​កាលៈទេសៈ​ដែល​កម្ពុជា​មាន​ជម្លោះ​តានតឹង​ខាង​ព្រំដែន​នេះ។

លោក រ៉ុង ឈុន បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​ចង់​ឲ្យ​គាត់​ជួយ​អន្តរាគមន៍​ជុំវិញ​ករណី​សៀម​ឈ្លានពាន​មក​លើ​​អធិបតេយ្យ​នៃ​កម្ពុជា»

ទោះ​យ៉ាង​នេះ​ក្តី ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​មាន​ប្រសាសន៍​ថា ជម្លោះ​ព្រំដែន​កម្ពុជា​ថៃ​នេះ កម្ពុជា​គ្រោង​នឹង​​នាំ​យក​ទៅ​កាន់​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ​ធ្វើ​ការ​ដោះស្រាយ ប្រសិន​បើ​ប្រទេស​ថៃ​នៅតែ​ទាមទារ​ថា មាន​ដី​ថៃ​ចំនួន ៤,៦​គីឡូម៉ែត្រ​ក្រឡា នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ទៀត​នោះ។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ នា​ខេត្ត​ឧត្តរមានជ័យ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជំហ​រថា កម្ពុជា​នឹង​នាំ​យក​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ឡើង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ និង​ក្រុមប្រឹក្សា​សន្តិសុខ​សហ​ប្រជាជាតិ ប្រសិន​បើ​ថៃ​នៅតែ​ប្រកាស​ថា មាន​ដី​ទំហំ ៤,៦​គីឡូម៉ែត្រ​ក្រឡា​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ជា​របស់​ថៃ​ទៀត​នោះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ ៖ «ខ្ញុំ​បញ្ជាក់​ប៉ុណ្ណឹង​ទៅ​ចុះ! អត់​មាន​តំបន់​ត្រួត​គ្នា ៤,៦ ទេ ព្រោះ​កម្ពុជា​មិន​បាន​ទទួល​ស្គាល់​ផែនទី​ជា​ឯកតោ​ភាគី​ដែល​អ្នក​ឯង​គូស​ដោយ​ខ្លួន​ឯង ហើយ​បើ​ចង់​ដោះស្រាយ និយាយ​គ្នា​លែង​កើត គឺ​ត្រូវ​ទៅ​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ​ឡើង​វិញ ហើយ​ក៏​ត្រៀម​ខ្លួន​ដើម្បី​បញ្ចូល​បញ្ហា​នេះ​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​សា​ជា​ថ្មី​ម្ដង​ទៀត»

បន្ទាប់​ពី​បញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា លោក ស្កត ម៉ាសេល ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​នេះ លោក​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​កាន់​ប្រទេស​ថៃ ដោយ​មាន​គម្រោង​ជួប​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ថៃ ជួប​ជាមួយ​មន្ត្រី​បក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដូច​អ្វី​ដែល​រូប​លោក​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ដូច្នេះ​ដែរ មុន​នឹង​បន្ត​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ឥណ្ឌូណេស៊ី​បន្ត​ទៀត៕