លោកថ្លែងឲ្យដឹងដូច្នេះធ្វើឡើងតាមរយៈអ្នកបកប្រែភាសាក្នុងសន្និសីទកាសែត កាលពីល្ងាចថ្ងៃទី៩ ខែកុម្ភៈ នាស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ។
ក្នុងសន្និសីទកាសែត លោក ស្កត ម៉ាសេល (Scot Marciel) មិនបានឆ្លើយទៅនឹងសំណួររបស់អ្នកកាសែតដែលសួរថា តើសហរដ្ឋអាមេរិកនឹងមានអន្តរាគមន៍បែបណាក្នុងជម្លោះព្រំដែនកម្ពុជាថៃ? លោក ស្កត ម៉ាសេល មិនមានចម្លើយពិស្តារនោះទេ ដោយគ្រាន់តែបញ្ជាក់ខ្លីថា ទាំងភាគីកម្ពុជានិងថៃសុទ្ធតែជាមិត្តជិតស្និទ្ធជាមួយអាមេរិក។
លោក ស្កត ម៉ាសេល បានមានប្រសាសន៍តាមរយៈអ្នកបកប្រែថា ៖ "...ជម្លោះព្រំដែនកម្ពុជាថៃហ្នឹង សហរដ្ឋអាមេរិកសម្ដែងការព្រួយបារម្ភរបស់ខ្លួនពីភាពតានតឹងហ្នឹង ហើយសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តដោះស្រាយភាពតានតឹងហ្នឹងដោយសន្តិវិធី..."។

លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលព្រំដែនកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀន មានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមកកម្ពុជានៅចំកាលៈទេសៈដែលកម្ពុជាមានជម្លោះតានតឹងខាងព្រំដែននេះ។
លោក រ៉ុង ឈុន បានបញ្ជាក់ថា ៖ «ខ្ញុំចង់ឲ្យគាត់ជួយអន្តរាគមន៍ជុំវិញករណីសៀមឈ្លានពានមកលើអធិបតេយ្យនៃកម្ពុជា»។
ទោះយ៉ាងនេះក្តី ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ថា ជម្លោះព្រំដែនកម្ពុជាថៃនេះ កម្ពុជាគ្រោងនឹងនាំយកទៅកាន់តុលាការអន្តរជាតិក្រុងឡាអេធ្វើការដោះស្រាយ ប្រសិនបើប្រទេសថៃនៅតែទាមទារថា មានដីថៃចំនួន ៤,៦គីឡូម៉ែត្រក្រឡា នៅក្បែរតំបន់ប្រាសាទព្រះវិហារខ្មែរទៀតនោះ។
កាលពីថ្ងៃទី៩ ខែកុម្ភៈ នាខេត្តឧត្តរមានជ័យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជំហរថា កម្ពុជានឹងនាំយកជម្លោះព្រំដែនជាមួយប្រទេសថៃឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ និងក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ ប្រសិនបើថៃនៅតែប្រកាសថា មានដីទំហំ ៤,៦គីឡូម៉ែត្រក្រឡានៅជុំវិញប្រាសាទព្រះវិហារជារបស់ថៃទៀតនោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដូច្នេះ ៖ «ខ្ញុំបញ្ជាក់ប៉ុណ្ណឹងទៅចុះ! អត់មានតំបន់ត្រួតគ្នា ៤,៦ ទេ ព្រោះកម្ពុជាមិនបានទទួលស្គាល់ផែនទីជាឯកតោភាគីដែលអ្នកឯងគូសដោយខ្លួនឯង ហើយបើចង់ដោះស្រាយ និយាយគ្នាលែងកើត គឺត្រូវទៅតុលាការអន្តរជាតិទីក្រុងឡាអេឡើងវិញ ហើយក៏ត្រៀមខ្លួនដើម្បីបញ្ចូលបញ្ហានេះទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសាជាថ្មីម្ដងទៀត»។
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសកម្ពុជា លោក ស្កត ម៉ាសេល ឲ្យដឹងថា នៅថ្ងៃទី១០ ខែកុម្ភៈនេះ លោកនឹងធ្វើដំណើរទស្សនកិច្ចនៅកាន់ប្រទេសថៃ ដោយមានគម្រោងជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលថៃ ជួបជាមួយមន្ត្រីបក្សប្រឆាំង និងមន្ត្រីអង្គការសង្គមស៊ីវិល ដូចអ្វីដែលរូបលោកមកធ្វើទស្សនកិច្ចនៅកម្ពុជាដូច្នេះដែរ មុននឹងបន្តធ្វើទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូណេស៊ីបន្តទៀត៕
