អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ចន នីហ្ក្រូផុនថេ (John Negroponte) បានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងសន្និសីទសារព័ត៌មាននៅឯស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញដើម្បីបញ្ចប់ទស្សនកិច្ចរបស់លោក ចំនួនបីថ្ងៃនៅប្រទេសកម្ពុជា។
លោក John Negroponte បានមានប្រសាសន៍ថា ប្រទេសថៃនិងកម្ពុជាគួរតែជៀវវាងការប្រើកម្លាំងទ័ពដើម្បីដោះស្រាយជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ៖ «យើងគិតថា នេះគឺជាជម្លោះនិងការខ្វែងគំនិតគ្នា ដែលគួរតែត្រូវដោះស្រាយដោយសន្តិវិធីរវាងប្រទេសកម្ពុជានិងថៃ។ យើងគិតថា ការដោះស្រាយដូច្នេះ ជាមធ្យោបាយដែលមានប្រសិទ្ធភាពបំផុត ហើយប្រទេសទាំងពីរគួរតែជៀសវាងការប្រើកម្លាំងទ័ព ពីព្រោះវាអាចធ្វើឲ្យខូចដល់ការរីកចម្រើនផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់»។
ទាក់ទងនឹងជម្លោះព្រំដែនរវាងកម្ពុជានិងថៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អ្នកកាសែត បន្ទាប់ពីជំនួបជាមួយនឹងអនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក John Negroponte កាលពីល្ងាចថ្ងៃច័ន្ទថា ប្រទេសកម្ពុជានឹងដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិនិងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីឲ្យមានកិច្ចអន្តរាគមន៍ ប្រសិនណាបើមានការផ្ទុះអាវុធណាមួយកើតឡើង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដូច្នេះថា ៖ «យើងក៏បានប្រាប់ទៅខាងភាគីអាមេរិក ទាក់ទិនជាមួយនឹងគោលបំណងរបស់កម្ពុជា អំពីបញ្ហាទប់ស្កាត់មិនឲ្យមានការផ្ទុះអាវុធ ក៏ប៉ុន្តែយើងក៏បានប្រាប់អំពីលទ្ធភាពដែរថា យើងនឹងអាចបញ្ជូនបញ្ហានេះ ទៅតុលាការអន្តរជាតិណាមួយ ឬក៏ប្រសិនបើមានជម្លោះប្រដាប់អាវុធកើតឡើង យើងប្រាប់គាត់ [អនុរដ្ឋមន្ត្រីការបរទេសអាមេរិក] ដោយសារគាត់ជាសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខ ដូច្នេះយើងត្រូវតែមានភារកិច្ចថា បើសិនមានការផ្ទុះអាវុធកើតឡើង ដោយការឈ្លានពាន យើងនឹងបញ្ជូនបញ្ហាហ្នឹង ទៅក្រុមប្រឹក្សាសន្តិសុខ»។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសម្រេចចិត្តឲ្យមានការរៀបចំឯកសារដើម្បីសុំអន្តរាគមន៍ពីស្ថាប័នអន្តរជាតិនានា ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយនឹងប្រទេសថៃនោះ ដោយឆ្លើយតបទៅនឹងសកម្មភាពរបស់ប្រទេសថៃដែលហាក់ដូចជាមិនមានចេតនាក្នុងការដោះស្រាយបញ្ហាព្រំដែននោះ។
ក្រុមសិទ្ធិមនុស្សនិងប្រជាពលរដ្ឋខ្មែរ ចង់ឲ្យរដ្ឋាភិបាលដាក់ពាក្យបណ្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពីការឈ្លានពានរបស់ប្រទេសថៃ មកលើអធិបតេយ្យនិងបូរណភាពដែនដីខ្មែរ ដោយមើលឃើញថា ការចរចាទ្វេភាគីមិនមានផ្លែផ្កាអ្វីនោះ។
គួរជម្រាបថា កងទាហានឈុតខ្មៅថៃ បានចូលមកកាន់តំបន់ប្រាសាទព្រះវិហាររបស់ខ្មែរចាប់តាំងពីពាក់កណ្ដាលខែកក្កដា គឺនៅបន្ទាប់ពីអង្គការយូណេស្កូ បានសម្រេចដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោករួចមក។
បន្ទាប់ពីបានចូលកាន់កាប់តំបន់ជិតប្រាសាទព្រះវិហាររួចហើយ ទាហានថៃក៏បានចូលមកកាន់កាប់ជាបន្តបន្ទាប់នូវប្រសាទតាមាន់និងប្រាសាទតាក្របី ដែលស្ថិតនៅក្នុងខេត្តឧត្តរមានជ័យរបស់កម្ពុជាជាប់នឹងព្រំដែនថៃ៕
