លោក John Negroponte ថ្លែងបន្ថែមថា នេះគឺជាពេលសមរម្យដ៏ល្អមួយហើយ ដែលសហរដ្ឋអាមេរិកត្រូវគាំទ្រផ្នែកថវិកាដល់សាលាក្តីខ្មែរក្រហម ៖ «ក្រសួងការបរទេសសហរដ្ឋអាមេរិកកំពុងធ្វើកិច្ចការជាមួយសភាកុងហ្ក្រេស ដើម្បីធានាថា នឹងមានថវិកាចំនួន ១,៨លានដុល្លារអាមេរិកដើម្បីផ្តល់ឲ្យសាលាក្តីសម្រាប់ឆ្នាំនេះ។ ការសម្រេចចិត្តរបស់យើងក្នុងការស្វែងរកថវិកា ដើម្បីគាំទ្រដល់សាលាក្តីនោះ គឺដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការចង់ឃើញដំណើរការស្វែងរកយុត្តិធម៌អាចធ្វើដំណើរចប់ចុងចប់ដើម និងជួយឲ្យកម្ពុជាកសាងសង្គមមួយដែលមាននីតិរដ្ឋ»។
ជាមួយនឹងការប្រកាសផ្តល់ថវិកាសម្រាប់ឆ្នាំនេះ លោកអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក John Negroponte ក៏បានថ្លែងសង្ឃឹមថា ប្រទេសផ្តល់ជំនួយដទៃទៀតនឹងបន្តផ្តល់ថវិកាបន្ថែមទៀតដល់សាលាក្តីខ្មែរក្រហម។
លោក John Negroponte បានគូសបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកអាចនឹងផ្តល់ថវិកាសម្រាប់គម្រោងឆ្នាំបន្តទៀត ក៏ប៉ុន្តែលោកថា បញ្ហាពុករលួយនៅក្នុងផ្នែករដ្ឋបាលនៃសាលាក្តី ត្រូវតែដោះស្រាយ ពីព្រោះទាំងសហរដ្ឋអាមេរិកនិងម្ចាស់ជំនួយដទៃទៀតចង់ឃើញថវិកាជំនួយរបស់ខ្លួនត្រូវបានប្រើប្រាស់ដោយត្រឹមត្រូវ។
លោក រាជ សម្បត្តិ មន្ត្រីនាំពាក្យនៃសាលាក្តីខ្មែរក្រហម បានថ្លែងថា ក្នុងផែនការចំណាយសម្រាប់ឆ្នាំ២០០៩ ភាគីកម្ពុជាត្រូវការថវិកាជាង ៦លានដុល្លារអាមេរិក ចំណែកឯភាគីអង្គការសហប្រជាជាតិ ត្រូវការជាង ៣៩លានដុល្លារសហរដ្ឋអាមេរិក ៖ «ឥឡូវនេះ យើងឃើញថា ផ្នែកអន្តរជាតិរបស់សាលាក្ដី គឺខាងអង្គការសហប្រជាជាតិ បានន័យថា នៅសល់ចម្ងាយដែលត្រូវរត់តិចណាស់ បើយើងគិតពីរឿងថវិកា គឺគាត់អាចនឹងដាច់ដង្ហើមមុនពេលឆ្នាំ២០០៩ឈានមកដល់។ អ៊ីចឹង យើងយល់ថា បើសិនមានការចង់ផ្ដល់ថវិកា គួរតែសម្រេចធ្វើឲ្យបានលឿនដើម្បីឲ្យអ្នកដែលធ្វើការរកយុត្តិធម៌នៅក្នុងផ្នែកច្បាប់គេមានសង្ឃឹម។ ខាងកម្ពុជាយើង យើងអាចដោះស្រាយបានមួយគន្លាក់ទៀត ដោយសារយើងមានខាងជប៉ុន គាត់បានផ្ដល់ ២,៩លាន[ដុល្លារ] ហើយរដ្ឋាភិបាលសន្យាផ្ដល់មក ១លានទៀត អ៊ីចឹងប្រាក់ហ្នឹងវាអាចធ្វើឲ្យយើងធ្វើដំណើរទៅមុខបានឆ្ងាយជាងខាងអន្តរជាតិ»។
សូមជម្រាបថា សាលាក្តីវិសាមញ្ញដែលចូលរួមដោយអង្គការសហប្រជាជាតិ គ្រោងនឹងបំពេញការងាររបស់ខ្លួនរហូតដល់ឆ្នាំ២០១១។
រហូតមកទល់ពេលនេះ មានអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ចំនួន៥នាក់ហើយ ដែលកំពុងជាប់ឃុំនៅឯសាលាក្តី ហើយការវិនិច្ឆ័យទោសជាលើកដំបូងចំពោះករណីអតីតមេគុកទួលស្លែង កាំង ហ្កិចអ៊ាវ ហៅ ឌុច ត្រូវគេគ្រោងធ្វើនៅខែវិច្ឆិកាខាងមុខនេះ៕
