មន្រ្តីរដ្ឋាភិបាល អ្នកតំណាងរាស្រ្ត មន្រ្តីអង្គការក្រៅរដ្ឋាភិបាលនិងអ្នកជំនួញបានសម្តែងការស្វាគមន៍ចំពោះការប្រកាសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកដែលបានដកប្រទេសកម្ពុជាចេញពីបញ្ជីខ្មៅនៃនយោបាយពាណិជ្ជកម្មសហរដ្ឋអាមេរិក។
កិច្ចស្វាគមន៍នេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានប្រកាសកាលពីថ្ងៃសុក្រថា ព្រះរាជាណាចក្រកម្ពុជាលែងជាប្រទេសនិយមលទ្ធិម៉ាក្សលេនីនទៀតហើយ។ ការប្រកាសនេះនឹងបើកទូលាយដល់គោលនយោបាយពាណិជ្ជកម្មថ្មីរបស់សហរដ្ឋអាមេរិកជាមួយនិងប្រទេសកម្ពុជា ដែលនឹងផ្តល់ឲ្យមានកិច្ចការពារដល់ក្រុមហ៊ុននានារបស់សហរដ្ឋអាមេរិកអាចខ្ចីលុយពីធនាគារអាមេរិកនៅក្នុងមុខជំនួញមកកាន់ប្រទេសនេះ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងជាអ្នកនាំពាក្យរដ្ឋាភិបាល បានមានប្រសាសន៍ថា នេះគឺជាប្រការដ៏ល្អមួយក្នុងការបង្កើនទំនាក់ទំនងទាំងផ្នែកនយោបាយ ក៏ដូចជាសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ថ្លែងយ៉ាងដូច្នេះថា ៖ «ចាប់ពីពេលប្រធានាធិបតី Reagan មក ប្រទេសដែលគេចាត់ទុកថាជាប្រទេសកុម្មុយនីស្ត គឺគេមិនឲ្យមានទំនាក់ទំនងផ្លាស់ប្ដូរទំនាក់ទំនងពាណិជ្ជកម្ម ប៉ុន្តែយើងឃើញថា តាំងពីឆ្នាំ១៩៩១មកម៉្លេះ អាមេរិកក៏ជាម៉ូយធំរបស់កម្ពុជា អាមេរិកបានទិញអីវ៉ាន់ច្រើនពីស្រុកខ្មែរផង ហើយអាមេរិកក៏បានជួយសម្រួលប្រទេសកម្ពុជាក្នុងការទាក់ទងជាមួយស្ថាប័នរូបិយវត្ថុអន្តរជាតិនានា ក៏ដូចជាមានក្រុមហ៊ុនអាមេរិកមួយចំនួនក៏បានមកវិនិយោគហើយដែរ អ៊ីចឹងគឺគ្រាន់តែដូចថា ទ្វារដោះសោររួចហើយ ហើយគ្រាន់តែបើកឲ្យរបើកតែប៉ុណ្ណឹងទេ ប៉ុន្តែយើងក៏ស្វាគមន៍ ពីព្រោះការលុបចេញនេះ វានឹងអនុញ្ញាតឲ្យវិនិយោគិនតូចៗ ឬក្រុមហ៊ុនល្មមៗអាចមករកស៊ីនៅកម្ពុជាបានដោយងាយជាង»។
ដូចគ្នានេះដែរ លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្មនៃរដ្ឋសភាបានសម្ដែងសេចក្តីត្រេកអរយ៉ាងដូច្នេះថា ៖ «ក្នុងនាមជាកូនខ្មែរ ក៏ដូចជាតំណាងរាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជាមួយរូប ខ្ញុំសូមអបអរសាទរនិងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្ដមប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលជាប្រធានាធិបតីថ្មីរបស់អាមេរិកដែលលោកមានសមានចិត្តបើកទូលាយចំពោះប្រទេសតូចតាចក្រីក្រដូចជា កម្ពុជា លាវ ហើយបានផាត់ចោលពីបញ្ជីខ្មៅដែលអាមេរិកចាត់ទុកថាជាប្រទេសទន់ខ្សោយ អន់ខ្សោយគ្រប់បែបយ៉ាងនោះ»។
លោក ជាម យៀប ក៏បានបង្ហាញពីសុទិដ្ឋិនិយមចំពោះការធ្វើជំនួញរវាងប្រទេសទាំងពីរ នៅក្រោយការប្រកាសនេះយ៉ាងដូច្នេះថា ៖ «ខ្ញុំយល់ឃើញថា នេះគឺជារង្វាន់មួយជូនដល់ប្រជាជនកម្ពុជានិងមាតុភូមិកម្ពុជាយើងក្នុងការបើកទូលាយនូវទីផ្សារពាណិជ្ជកម្ម ឧស្សាហកម្ម កសិឧស្សាហកម្មរបស់កម្ពុជាចូលទៅទីផ្សារអាមេរិក។ ទីពីរ គឺអាចជំរុញវិនិយោគរបស់អាមេរិកមកធ្វើវិនិយោគច្រើន មិនមែនមានតែ Chevron ដែលកន្លងមករុករកប្រេងកាតនៅតាមបណ្ដោយឆ្នេរសមុទ្រខ្មែរនោះទេ អាចមកធ្វើវិនិយោគផ្សេងទៀត តាមដែលអាចមានលទ្ធភាព សមត្ថភាព»។
រីឯលោក សុន ឆ័យ អ្នកតំណាងរាស្រ្តគណបក្សសមរង្ស៊ី ដែលជាគណបក្សប្រឆាំងធំជាងគេនៅក្នុងរដ្ឋសភា បានមានប្រសាសន៍ថា ការប្រកាសនេះនឹងអាចជាការលើកទឹកចិត្តដ៏ល្អមួយទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជា ៖ «គួរតែដកយូរណាស់ហើយដែរ ពីព្រោះរឿងហ្នឹងវាទាក់ទងនឹងរបបគ្រប់គ្រងរបស់ប្រទេសកម្ពុជានិងប្រទេសឡាវដែលកាន់លទ្ធិកុម្មុយនីស្តផ្ដាច់ការ ហើយយើងដឹងហើយថា តាំងពីឆ្នាំ១៩៩៣មក ប្រទេសកម្ពុជាតម្រូវឲ្យអនុវត្តលទ្ធិថ្មី គឺលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ហើយប្រហែលជាការអនុវត្តលទ្ធិប្រជាធិបតេយ្យទើបតែមានលក្ខណៈបង្ហាញថា ប្រទេសកម្ពុជាមិនមានលំនាំនៃការបន្តនូវលទ្ធិម៉ាក្សលេនីនតទៅទៀត ឬយ៉ាងដូចម្ដេច បានជាមានការបន្ធូរបន្ថយ ហើយយើងស្វាគមន៍ឲ្យមានការបន្ធូរបន្ថយដែលបានប្រកាសនេះ ហើយយើងចង់ឃើញឲ្យមានការជំរុញឲ្យប្រទេសយើងអនុវត្តលទ្ធិប្រជាធិបតេយ្យឲ្យត្រឹមត្រូវ ពីព្រោះបើទោះបីយើងបានបោះបង់ចោលនូវលទ្ធិកុម្មុយនីស្តផ្ដាច់ការហើយក៏ដោយ ក៏លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនេះមិនទាន់អនុវត្តឲ្យបានត្រឹមត្រូវ ឬសមល្មមនៅឡើយទេ»។
លោក ច័ន្ទ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា បានសម្តែងទស្សនៈថា នេះគឺជាព័ត៌មានដ៏ល្អសម្រាប់កម្ពុជាដែលត្រូវការអ្នកវិនិយោគពីប្រទេសអ្នកមានច្រើនថែមទៀតដើម្បីអភិវឌ្ឍប្រទេសនោះ ៖ «កាលដែលកន្លងមក អាមេរិកដាក់យើងនៅក្នុងបញ្ជីខ្មៅនោះ ក៏មិនមែនធ្វើឲ្យយើងរាំងស្ទះដំណើរការអ្វីៗទាំងស្រុងដែរ គឺប្រទេសមួយចំនួន វិនិយោគទុនមួយចំនួន នៅតែចូលមកដំណើរការធុរកិច្ច ឬពាណិជ្ជកម្មរបស់គេនៅក្នុងប្រទេសកម្ពុជាយើងដដែលទេ ប៉ុន្តែអាចថា អ្នកមួយចំនួននៅប្រទេសអាមេរិកស្ថិតនៅក្នុងការរង់ចាំសិន។ អ៊ីចឹង យើងសង្ឃឹមថា ដំណឹងល្អនេះនឹងធ្វើឲ្យពួកគេសម្រេចចិត្តចូលភាគហ៊ុន ឬក៏ចូលមកបណ្ដាក់ទុនដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជាយើង»។
ចំពោះលោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មខ្មែរ បានមានប្រសាសន៍ថា ការផ្លាស់ប្តូរនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនេះគឺជារឿងល្អសម្រាប់កម្ពុជា ៖ «ជាសញ្ញាមួយល្អ ដែលប្រធានាធិបតីអាមេរិក អូបាម៉ា លុប[កម្ពុជាចេញពីបញ្ជីខ្មៅ]ហ្នឹង បង្ហាញថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រីមានការរីកចម្រើនយ៉ាងខ្លាំង ដូច្នេះបានខាងសហរដ្ឋអាមេរិក គេលុប[កម្ពុជា]ចេញពីបញ្ជីខ្មៅ។ ខ្ញុំគិតថា វាមានវិជ្ជមានល្អ និងក្រុមហ៊ុនអាមេរិកធំៗនឹងចូលមក នឹងមានFDI [វិនិយោគទុនផ្ទាល់ពីក្រៅប្រទេស]ច្រើន»។
មន្រ្តីរដ្ឋាភិបាលនិងអ្នកជំនួញបានឲ្យដឹងថា ជាច្រើនឆ្នាំមកហើយ ថ្វីត្បិតតែអ្នកជំនួញសហរដ្ឋអាមេរិកជាច្រើនមិនអើពើនឹងបំរាមពាណិជ្ជកម្ម ហើយបានដាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជារួចហើយក្តី ប៉ុន្តែការតម្លៃវិនិយោគមកពីប្រទេសនេះនៅតែមានកម្រិតទាបជាងប្រទេសនានានៅឡើយ ដូច្នេះ ការប្រកាសនេះអាចនឹងធ្វើឲ្យមានការហក់ឡើងនៃការវិនិយោគ៕
ក្រុមហ៊ុនវៀតណាមគ្រោងមករាវរកប្រេងកាតនៅក្នុងបឹងទន្លេសាប
WB៖ GDPរបស់កម្ពុជាធ្លាក់ចុះ-២%ក្នុងឆ្នាំ២០០៩
កម្ពុជា-ថៃគ្រោងអនុញ្ញាតឲ្យទេសចរចេញចូលដោយពុំចាំបាច់មានទិដ្ឋាការ
ក្រុមហ៊ុនវៀតណាមស្នើសុំអាជ្ញាប័ណ្ណរកដីសម្បទានកាន់តែច្រើនឡើងៗ
អ្នកជំនាញនិយាយពីផលប៉ះពាល់របស់កម្ពុជាក្នុងពេលមានវិបត្តិពិភពលោក
រោងចក្រ៧៧នៅកម្ពុជាបិទទ្វារក្នុងដើមឆ្នាំនេះដោយសារវិបត្តិពិភពលោក
IMF៖ សេដ្ឋកិច្ចកម្ពុជានឹងថយចុះច្រើនជាងការរំពឹងទុក
ស.រ.អា.ផ្ដល់ថវិកាជិត៨លានដុល្លារដើម្បីជំរុញការលូតលាស់ផ្នែកសេដ្ឋកិច្ចនៅកម្ពុជា
ចៅហ្វាយខេត្តនៃប្រទេសGMSជួបជុំគ្នាអំពីរឿងសេដ្ឋកិច្ច
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.