កម្ពុជា​អប​អរ​ការ​ប្រកាស​របស់​អាមេរិក​ដក​កម្ពុជា​ចេញ​ពី​បញ្ជី​ខ្មៅ

2009-06-16

មន្រ្តី​រដ្ឋាភិបាល អ្នក​តំណាង​រាស្រ្ត មន្រ្តី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​អ្នក​ជំនួញ​បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​ការ​ប្រកាស​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែល​បាន​ដក​ប្រទេស​កម្ពុជា​ចេញ​ពី​បញ្ជី​ខ្មៅ​នៃ​នយោបាយ​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក។

កិច្ច​ស្វាគមន៍​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ថា ព្រះ​រាជា​ណាចក្រ​កម្ពុជា​លែង​ជា​ប្រទេស​និយម​លទ្ធិ​ម៉ាក្ស​លេនីន​ទៀត​ហើយ។ ការ​ប្រកាស​នេះ​នឹង​បើក​ទូលាយ​ដល់​គោល​នយោបាយ​ពាណិជ្ជ​កម្ម​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​និង​ប្រទេស​កម្ពុជា ដែល​នឹង​ផ្តល់​ឲ្យ​មាន​កិច្ច​ការពារ​ដល់​ក្រុមហ៊ុន​នានា​របស់​សហរដ្ឋ​អាមេរិក​អាច​ខ្ចី​លុយ​ពី​ធនាគារ​អាមេរិក​នៅ​ក្នុង​មុខ​ជំនួញ​មក​កាន់​ប្រទេស​នេះ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល បាន​មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​ប្រការ​ដ៏​ល្អ​មួយ​ក្នុង​ការ​បង្កើន​ទំនាក់​ទំនង​ទាំង​ផ្នែក​នយោបាយ ក៏​ដូចជា​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ។

លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «ចាប់​ពី​ពេល​ប្រធានាធិបតី Reagan មក ប្រទេស​ដែល​គេ​ចាត់​ទុក​ថា​ជា​ប្រទេស​កុម្មុយនីស្ត គឺ​គេ​មិន​ឲ្យ​មាន​ទំនាក់​ទំនង​ផ្លាស់​ប្ដូរ​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម ប៉ុន្តែ​យើង​ឃើញ​ថា តាំង​ពី​ឆ្នាំ​១៩៩១​មក​ម៉្លេះ អាមេរិក​ក៏​ជា​ម៉ូយ​ធំ​របស់​កម្ពុជា អាមេរិក​បាន​ទិញ​អីវ៉ាន់​ច្រើន​ពី​ស្រុក​ខ្មែរ​ផង ហើយ​អាមេរិក​ក៏​បាន​ជួយ​សម្រួល​ប្រទេស​កម្ពុជា​ក្នុង​ការ​ទាក់ទង​ជាមួយ​ស្ថាប័ន​រូបិយ​វត្ថុ​អន្តរជាតិ​នានា ក៏​ដូច​ជា​មាន​ក្រុមហ៊ុន​អាមេរិក​មួយ​ចំនួន​ក៏​បាន​មក​វិនិយោគ​ហើយ​ដែរ អ៊ីចឹង​គឺ​គ្រាន់​តែ​ដូច​ថា ទ្វារ​ដោះ​សោរ​រួច​ហើយ ហើយ​គ្រាន់​តែ​បើក​ឲ្យ​របើក​តែ​ប៉ុណ្ណឹង​ទេ ប៉ុន្តែ​យើង​ក៏​ស្វាគមន៍ ពីព្រោះ​ការ​លុប​ចេញ​នេះ វា​នឹង​អនុញ្ញាត​ឲ្យ​វិនិយោគិន​តូចៗ ឬ​ក្រុមហ៊ុន​ល្មមៗ​អាច​មក​រក​ស៊ី​នៅ​កម្ពុជា​បាន​ដោយ​ងាយ​ជាង»

ដូច​គ្នា​នេះ​ដែរ លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ​និង​សវនកម្ម​នៃ​រដ្ឋ​សភា​បាន​សម្ដែង​សេចក្តី​ត្រេក​អរ​យ៉ាង​ដូច្នេះ​ថា ៖ «ក្នុង​នាម​ជា​កូន​ខ្មែរ ក៏​ដូច​ជា​តំណាង​រាស្ត្រ​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា​មួយ​រូប ខ្ញុំ​សូម​អបអរ​សាទរ​និង​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ចំពោះ​ឯកឧត្ដម​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែល​ជា​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក​ដែល​លោក​មាន​សមាន​ចិត្ត​បើក​ទូលាយ​ចំពោះ​ប្រទេស​តូច​តាច​ក្រីក្រ​ដូច​ជា កម្ពុជា លាវ ហើយ​បាន​ផាត់​ចោល​ពី​បញ្ជី​ខ្មៅ​ដែល​អាមេរិក​ចាត់​ទុក​ថា​ជា​ប្រទេស​ទន់​ខ្សោយ អន់​ខ្សោយ​គ្រប់​បែប​យ៉ាង​នោះ»

លោក ជាម យៀប ក៏​បាន​បង្ហាញ​ពី​សុទិដ្ឋិ​និយម​ចំពោះ​ការ​ធ្វើ​ជំនួញ​រវាង​ប្រទេស​ទាំង​ពីរ នៅ​ក្រោយ​ការ​ប្រកាស​នេះ​យ៉ាង​ដូច្នេះ​ថា ៖ «ខ្ញុំ​យល់​ឃើញ​ថា នេះ​គឺ​ជា​រង្វាន់​មួយ​ជូន​ដល់​ប្រជាជន​កម្ពុជា​និង​មាតុភូមិ​កម្ពុជា​យើង​ក្នុង​ការ​បើក​ទូលាយ​នូវ​ទីផ្សារ​ពាណិជ្ជ​កម្ម ឧស្សាហកម្ម កសិ​ឧស្សាហ​កម្ម​របស់​កម្ពុជា​ចូល​ទៅ​ទីផ្សារ​អាមេរិក។ ទី​ពីរ គឺ​អាច​ជំរុញ​វិនិយោគ​របស់​អាមេរិក​មក​ធ្វើ​វិនិយោគ​ច្រើន មិន​មែន​មាន​តែ Chevron ដែល​កន្លង​មក​រុករក​ប្រេង​កាត​នៅ​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​ខ្មែរ​នោះ​ទេ អាច​មក​ធ្វើ​វិនិយោគ​ផ្សេង​ទៀត តាម​ដែល​អាច​មាន​លទ្ធភាព សមត្ថភាព»

រីឯ​លោក សុន ឆ័យ អ្នក​តំណាង​រាស្រ្ត​គណបក្ស​សម​រង្ស៊ី ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​ក្នុង​រដ្ឋ​សភា បាន​មាន​ប្រសាសន៍​ថា ការ​ប្រកាស​នេះ​នឹង​អាច​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​ល្អ​មួយ​ទាំង​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​កម្ពុជា ៖ «គួរ​តែ​ដក​យូរ​ណាស់​ហើយ​ដែរ ពីព្រោះ​រឿង​ហ្នឹង​វា​ទាក់ទង​នឹង​របប​គ្រប់​គ្រង​របស់​ប្រទេស​កម្ពុជា​និង​ប្រទេស​ឡាវ​ដែល​កាន់​លទ្ធិ​កុម្មុយនីស្ត​ផ្ដាច់​ការ ហើយ​យើង​ដឹង​ហើយ​ថា តាំង​ពី​ឆ្នាំ​១៩៩៣​មក ប្រទេស​កម្ពុជា​តម្រូវ​ឲ្យ​អនុវត្ត​លទ្ធិ​ថ្មី គឺ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ហើយ​ប្រហែល​ជា​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ទើប​តែ​មាន​លក្ខណៈ​បង្ហាញ​ថា ប្រទេស​កម្ពុជា​មិន​មាន​លំនាំ​នៃ​ការ​បន្ត​នូវ​លទ្ធិ​ម៉ាក្ស​លេនីន​ត​ទៅ​ទៀត ឬ​យ៉ាង​ដូចម្ដេច បាន​ជា​មាន​ការ​បន្ធូរ​បន្ថយ ហើយ​យើង​ស្វាគមន៍​ឲ្យ​មាន​ការ​បន្ធូរ​បន្ថយ​ដែល​បាន​ប្រកាស​នេះ ហើយ​យើង​ចង់​ឃើញ​ឲ្យ​មាន​ការ​ជំរុញ​ឲ្យ​ប្រទេស​យើង​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ឲ្យ​ត្រឹម​ត្រូវ ពីព្រោះ​បើ​ទោះ​បី​យើង​បាន​បោះ​បង់​ចោល​នូវ​លទ្ធិ​កុម្មុយនីស្ត​ផ្ដាច់​ការ​ហើយ​ក៏​ដោយ ក៏​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​នេះ​មិន​ទាន់​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ ឬ​សម​ល្មម​នៅ​ឡើយ​ទេ»

លោក ច័ន្ទ សុផល ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា បាន​សម្តែង​ទស្សនៈ​ថា នេះ​គឺ​ជា​ព័ត៌មាន​ដ៏​ល្អ​សម្រាប់​កម្ពុជា​ដែល​ត្រូវការ​អ្នក​វិនិយោគ​ពី​ប្រទេស​អ្នក​មាន​ច្រើន​ថែម​ទៀត​ដើម្បី​អភិវឌ្ឍ​ប្រទេស​នោះ ៖ «កាល​ដែល​កន្លង​មក អាមេរិក​ដាក់​យើង​នៅ​ក្នុង​បញ្ជី​ខ្មៅ​នោះ ក៏​មិន​មែន​ធ្វើ​ឲ្យ​យើង​រាំង​ស្ទះ​ដំណើរការ​អ្វីៗ​ទាំង​ស្រុង​ដែរ គឺ​ប្រទេស​មួយ​ចំនួន វិនិយោគ​ទុន​មួយ​ចំនួន នៅ​តែ​ចូល​មក​ដំណើរការ​ធុរកិច្ច ឬ​ពាណិជ្ជកម្ម​របស់​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ដដែល​ទេ ប៉ុន្តែ​អាច​ថា អ្នក​មួយ​ចំនួន​នៅ​ប្រទេស​អាមេរិក​ស្ថិត​នៅ​ក្នុង​ការ​រង់​ចាំ​សិន។ អ៊ីចឹង យើង​សង្ឃឹម​ថា ដំណឹង​ល្អ​នេះ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​សម្រេច​ចិត្ត​ចូល​ភាគ​ហ៊ុន ឬ​ក៏​ចូល​មក​បណ្ដាក់​ទុន​ដោយ​ផ្ទាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង»

ចំពោះ​លោក គិត ម៉េង ប្រធាន​សភា​ពាណិជ្ជ​កម្ម​ខ្មែរ បាន​មាន​ប្រសាសន៍​ថា ការ​ផ្លាស់​ប្តូរ​នយោបាយ​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​នេះ​គឺ​ជា​រឿង​ល្អ​សម្រាប់​កម្ពុជា ៖ «ជា​សញ្ញា​មួយ​ល្អ ដែល​ប្រធានាធិបតី​អាមេរិក អូបាម៉ា លុប​[កម្ពុជា​ចេញ​ពី​បញ្ជី​ខ្មៅ]​ហ្នឹង បង្ហាញ​ថា ប្រទេស​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ដូច្នេះ​បាន​ខាង​សហរដ្ឋ​អាមេរិក គេ​លុប​[កម្ពុជា]​ចេញ​ពី​បញ្ជី​ខ្មៅ។ ខ្ញុំ​គិត​ថា វា​មាន​វិជ្ជមាន​ល្អ និង​ក្រុមហ៊ុន​អាមេរិក​ធំៗ​នឹង​ចូល​មក នឹង​មាន​FDI [វិនិយោគ​ទុន​ផ្ទាល់​ពី​ក្រៅ​ប្រទេស]​ច្រើន»

មន្រ្តី​រដ្ឋាភិបាល​និង​អ្នក​ជំនួញ​បាន​ឲ្យ​ដឹង​ថា ជា​ច្រើន​ឆ្នាំ​មក​ហើយ ថ្វី​ត្បិត​តែ​អ្នក​ជំនួញ​សហរដ្ឋ​អាមេរិក​ជា​ច្រើន​មិន​អើពើ​នឹង​បំរាម​ពាណិជ្ជកម្ម ហើយ​បាន​ដាក់​ទុន​រក​ស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា​រួច​ហើយ​ក្តី ប៉ុន្តែ​ការ​តម្លៃ​វិនិយោគ​មក​ពី​ប្រទេស​នេះ​នៅ​តែ​មាន​កម្រិត​ទាប​ជាង​ប្រទេស​នានា​នៅ​ឡើយ ដូច្នេះ ការ​ប្រកាស​នេះ​អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​ហក់​ឡើង​នៃ​ការ​វិនិយោគ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ក្រុមហ៊ុន​វៀតណាម​គ្រោង​មក​រាវ​រក​ប្រេងកាត​នៅ​ក្នុង​បឹង​ទន្លេសាប

WB៖ GDP​របស់​កម្ពុជា​ធ្លាក់ចុះ​-២%​ក្នុង​ឆ្នាំ​២០០៩

កម្ពុជា​-​ថៃ​គ្រោង​អនុញ្ញាត​ឲ្យ​ទេសចរ​ចេញ​ចូល​ដោយ​ពុំ​ចាំបាច់​មាន​ទិដ្ឋាការ

ក្រុមហ៊ុន​វៀតណាម​ស្នើសុំ​អាជ្ញាប័ណ្ណ​រក​ដី​សម្បទាន​កាន់តែ​ច្រើន​ឡើងៗ

អ្នក​ជំនាញ​និយាយ​ពី​ផល​ប៉ះពាល់​របស់​កម្ពុជា​ក្នុង​ពេល​មាន​វិបត្តិ​ពិភព​លោក

រោងចក្រ​៧៧​នៅ​កម្ពុជា​បិទ​ទ្វារ​ក្នុង​ដើម​ឆ្នាំ​នេះ​ដោយសារ​វិបត្តិ​ពិភពលោក

IMF៖ សេដ្ឋកិច្ច​កម្ពុជា​នឹង​ថយ​ចុះ​ច្រើន​ជាង​ការ​រំពឹង​ទុក

ស.រ.អា.​ផ្ដល់​ថវិកា​ជិត​៨​លាន​ដុល្លារ​ដើម្បី​ជំរុញ​ការ​លូត​លាស់​ផ្នែក​សេដ្ឋកិច្ច​នៅ​កម្ពុជា

ចៅហ្វាយ​ខេត្ត​នៃ​ប្រទេស​GMS​ជួប​ជុំ​គ្នា​អំពី​រឿង​សេដ្ឋកិច្ច

កម្ពុជា​ចូល​ជា​សមាជិក​សមាគម​ប្រទេស​ផលិត​កៅស៊ូ​ធម្មជាតិ