ក្រសួងការបរទេសអាមេរិកបានវាយតម្លៃស្ថានការណ៍គោរពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងឆ្នាំ២០០៩កន្លងទៅនេះថា មានការបោះជំហានទៅមុខក្នុងការទប់ស្កាត់អំពើជួញដូរមនុស្សយ៉ាងខ្លាំងក្លា ប៉ុន្តែសហរដ្ឋអាមេរិកនៅមានការព្រួយបារម្ភលើបញ្ហាមួយចំនួន រាប់ទាំងការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ ការចាប់បញ្ជូនដោយបង្ខំជនជាតិភាគតិចអ៊ុយហ្គរ៍ទៅកាន់ប្រទេសចិនវិញ បញ្ហាជម្លោះដីធ្លីនិងអំពើពុករលួយរីករាលដាល។
យោងតាមការចេញផ្សាយរបាយការណ៍សិទ្ធិមនុស្សឆ្នាំ២០០៩ របស់ក្រសួងការបរទេសអាមេរិកដែលវិទ្យុអាស៊ីសេរី ទទួលបាននៅថៃ្ងសៅរ៍ ១៣ មីនានេះ ចំពោះប្រទេសកម្ពុជា របាយការណ៍នេះបានកត់សម្គាល់ឃើញថា រដ្ឋាភិបាលកម្ពុជាបានលើកកម្ពស់សិទ្ធិជនពិការជាជំហានវិជ្ជមានទៅមុខ រួមជាមួយនឹងការខិតខំប្រឹងប្រែងថ្នាក់ជាតិ សម្រាប់ការពារជនរងគ្រោះក្នុងការជួញដូរមនុស្ស ដែលជាការជួយដល់អ្នកងាយរងគ្រោះខ្លាំងជាងគេ។
ក្រៅពីនេះទៀត វិន័យនិងការបណ្តុះបណ្តាលបានល្អរបស់អ្នកដឹកនាំកម្លាំងសន្តិសុខ បានធ្វើឲ្យបទល្មើសធ្ងន់ធ្ងរ ដូចជាការសម្លាប់មនុស្សដោយទំនើងចិត្ត ដោយកម្លាំងសន្តិសុខបានថយចុះជាងឆ្នាំ២០០៨កន្លងទៅ។
របាយការណ៍ដដែលបានបន្តថា សហរដ្ឋអាមេរិកមានការកង្វល់អំពីការរឹតត្បិតរបស់រដ្ឋាភិបាលកម្ពុជា លើសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពសារព័ត៌មានទាក់ទងនឹងការប្ដឹងបរិហារកេរ្តិ៍និងផ្សាយព័ត៌មានមិនពិត ការចាប់បញ្ជូនជនជាតិភាគតិចអ៊ុយហ្គរ៍ចំនួន២០នាក់ ដែលស្វែងរកសិទ្ធិជ្រកកោនទៅកាន់ប្រទេសចិនវិញដោយគ្មាននីតិវិធីត្រឹមត្រូវ។
របាយការណ៍បានបន្ទោសទៀតថា សហរដ្ឋអាមេរិកមានកង្វល់អំពីជម្លោះដីធ្លី ការបណ្តេញប្រជាពលរដ្ឋដោយបង្ខំចេញពីលំនៅ អំពើពុករលួយមានជាទូទៅនិងប្រព័ន្ធយុត្តិធម៌នៅតែទន់ខ្សោយនៅក្នុងប្រទេសកម្ពុជា។
មន្រ្តីអ្នកនាំពាក្យរបស់ក្រសួងការបរទេសប្រទេសកម្ពុជា លោក កុយ គួង បានមានប្រសាសន៍ពន្យល់ថា រដ្ឋាភិបាលកម្ពុជាកំពុងតែបន្តដោះសា្រយបញ្ហាទាំងទ្បាយនោះ ៖ «ចំពោះបញ្ហាចាប់បញ្ជូនជនអ៊ុយហ្គរ៍ត្រឡប់ទៅវិញ គឺយើងបានបញ្ជាក់ម្ដងហើយម្ដងទៀតកន្លងមកថា យើងបានអនុវត្តច្បាប់អន្តោប្រវេសន៍ជាធម្មតាទេ។ ករណីផ្សេងទៀត រដ្ឋាភិបាលខិតខំប្រឹងប្រែងរហូតដល់ ឧទាហរណ៍ថា ច្បាប់ប្រឆាំងអំពើពុករលួយ រដ្ឋាភិបាលខំជំរុញឲ្យចេញឲ្យបានលឿនដើម្បីដោះស្រាយបញ្ហាអវិជ្ជមានទាំងឡាយ»។
ជាមួយគ្នានេះលោកស្រី ពុង ឈីវកេក ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍ថា ៖ «ជាទូទៅ គឺអំពើហិង្សាលើស្រ្ដីនិងកុមារនៅខ្វះខាត ប៉ុន្តែឃើញថា រដ្ឋាភិបាលខំធ្វើបានខ្លះដែរ។ ចំណែកបីចំណុចទៀតដែលសហរដ្ឋអាមេរិកមិនទទួលយកបាន គឺថា មិនពេញចិត្តយើងហ្នឹង ខ្ញុំជឿជាក់ថា នេះគឺជាបញ្ហាដែរ ព្រោះអីរឿងដីធ្លីមិនមែនតែខ្ញុំ ឬអ្នកផ្សេងនិយាយទេ រដ្ឋាភិបាលក៏លោកទទួលស្គាល់ដែរថា ជាបញ្ហាធំណាស់»។
កាលពីខែធ្នូ ឆ្នាំ២០០៩កន្លងទៅ រដ្ឋាភិបាលកម្ពុជាបានចាប់បញ្ជូនដោយបង្ខំជនជាតិភាគតិចអ៊ុយហ្គរ៍ចំនួន២០នាក់ ដែលស្វែងរកសិទ្ធិជ្រកកោនពីអង្គការ UNHCR នៅក្នុងប្រទេសកម្ពុជា ទៅកាន់ប្រទេសចិនវិញ ដែលសកម្មជនការពារសិទ្ធិមនុស្សមានការព្រួយបារម្ភយ៉ាងខ្លាំងថា ពួកគេទាំងនោះនឹងប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត ដោយសារតែមានការចោទថា មានការពាក់ព័ន្ធក្នុងការបះបោរដោយហិង្សានៅក្នុងខេត្តស៊ិនជាំង កាលពីឆ្នាំ២០០៩កន្លងទៅ។ ការចាប់បញ្ជូនដោយបង្ខំនោះហើយ បានរងការរិះគន់ជាច្រើនពីសកម្មជនការពារសិទ្ធិមនុស្សជាតិនិងអន្តរជាតិ៕
