តួនាទី​របស់​អាមេរិក​នៅ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ឲ្យ​ជន​រង​គ្រោះ​នៃ​របប​ខ្មែរ​ក្រហម

សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​គាំទ្រ​ឲ្យ​បើក​ការស៊ើប​អង្កេត​ចំពោះ​បទឧក្រិដ្ឋ​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជា​និង​គាំទ្រ​ឲ្យ​បង្កើត​សាលាក្តី​វិសាមញ្ញ​កាត់ទោស​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម។

0:00 / 0:00

នៅ​ពេល​ដែល​សួរ​ថា តើ​សហរដ្ឋ​អាមេរិក​បាន​ជួយ​អ្វី​ជា​សំខាន់​ដល់​កិច្ច​ប្រឹងប្រែង​ស្វែង​រក​យុត្តិធម៌​ពី​អំពើ​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​នោះ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ បាន​អធិប្បាយ​យ៉ាង​ដូច្នេះ​ថា ៖ «ចំណុច​សំខាន់​គឺ​អាមេរិក​ជា​អ្នក​ធ្វើ​ឲ្យ​មាន​មូលដ្ឋាន ក្នុង​ការ​បង្កើត​តុលាការ ជា​អ្នក​ផ្តួចផ្ដើម​គំនិត​ជា​ដំបូង ដែល​មាន​ការគាំទ្រ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា។ អ៊ីចឹង​តាំង​ពី​ដើម​មក គឺ​ថា មាន​តែ​រដ្ឋាភិបាល​ទាំង​ពីរ​ទេ គឺ​រដ្ឋាភិបាល​កម្ពុជា​និង​សហរដ្ឋ​អាមេរិក ដែល​ផ្ដួចផ្ដើម​បង្ក​ឲ្យ​មាន​ការកកើត ឲ្យ​មាន​តុលាការ​នេះ។ ហើយ​តួនាទី​នេះ វា​ផ្សា​ភ្ជាប់​មក​ដល់​ការ​ស្រាវជ្រាវ​រក​ភស្តុតាង ដែល​មាន​ការគាំទ្រ​ទាំង​ស្រុង យ៉ាង​ទូលំ​ទូលាយ​រវាង​រដ្ឋាភិបាល​ទាំង​ពីរ​ដែរ។ ហើយ​ឈាន​មក​ដល់​បច្ចុប្បន្ន​នេះ គឺ​ថា សហរដ្ឋ​អាមេរិក​បាន​បន្ត​ដល់​ដំណាក់កាល​ទី​៣ គឺ​ផ្ដល់​ជា​ថវិកា អ៊ីចឹង​ដោយសារ​ថា តួនាទី​នេះ​វា​នៅ​លក្ខណៈ​ជា​មូលដ្ឋាន ជា​ទស្សនៈ អ៊ីចឹង​ជា​ទូទៅ សាធារណជន​ពិបាក​នឹង​ប្រមើល​មើល​អំពី​សារសំខាន់​នៃ​តួនាទី​នេះ»

ជុំវិញ​តួនាទី​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ដំណើរការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​១៩៩៤ ក្នុង​ខែ​មេសា សភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​ច្បាប់​ស្តីអំពី​ការ​ស្វែង​រក​យុត្តិធម៌​ចំពោះ​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជា។ ច្បាប់​នេះ បាន​ចែង​យ៉ាង​សំខាន់​ថា សហរដ្ឋ​អាមេរិក​មាន​គោល​នយោបាយ​គាំទ្រ​កិច្ច​ខំ​ប្រឹងប្រែង​នាំ​សមាជិក​ខ្មែរ​ក្រហម​មក​កាត់ទោស​ចំពោះ​អំពើ​ឧក្រិដ្ឋ​របស់​ពួក​គេ។

នៅ​ក្នុង​ឆ្នាំ​១៩៩៤ ដដែល បន្ទាប់​ពី​ច្បាប់​ខាង​លើ​បាន​សម្រេច​ចេញ​មក ក្រសួង​ការបរទេស​អាមេរិក បាន​បង្កើត​ការិយាល័យ​ស៊ើប​អង្កេត​អំពើ​ប្រល័យ​ពូជសាសន៍​សម្រាប់​ប្រទេស​កម្ពុជា ដែល​មាន​គោលដៅ​ជា​ចម្បង​៣ គឺ​ទី​១ ស៊ើប​អង្កេត​បទ​ឧក្រិដ្ឋ​ដែល​ប្រព្រឹត្ត​ដោយ​មេ​ខ្មែរ​ក្រហម​ថ្នាក់​ជាតិ។ ទី​២ គឺ​ផ្តល់​ឯកសារ​កំណត់ហេតុ​និង​ភស្តុតាង​ផ្សេងៗ​ទៀត ដែល​ប្រមូល​បាន​តាមរយៈ​ការស៊ើប​អង្កេត​នេះ​ដល់​ប្រជាជន​កម្ពុជា។ និង​ទី​៣ គឺ​រៀបចំ​សំណើ​សម្រាប់​បង្កើត​តុលាការ​អន្តរជាតិ​ដើម្បី​កាត់ទោស​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ការប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជា។

នៅ​ខែ​មករា ឆ្នាំ​១៩៩៥ ការិយាល័យ​ស៊ើប​អង្កេត​អំពើ​ប្រល័យ​ពូជសាសន៍​សម្រាប់​កម្ពុជា​បាន​ផ្តល់​ថវិកា​ចំនួន​៥​សែន​ដុល្លារ​អាមេរិក ដល់​កម្មវិធី​ស្តីពី​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា​នៃ​សកល​វិទ្យាល័យ Yale (យ៉េល) សម្រាប់​ធ្វើការ​ស្រាវជ្រាវ​បណ្តុះ​បណ្តាល​និង​ចងក្រង​ឯកសារ​ស្តី​អំពី​របប​ខ្មែរ​ក្រហម ហើយ​នៅ​ខែ​មិថុនា ឆ្នាំ​១៩៩៧ ក្រសួង​ការបរទេស​អាមេរិក​បាន​ផ្តល់​ថវិកា​១​លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​កម្មវិធី​ស្រាវជ្រាវ​នេះ។

នៅ​ខែ​មករា ឆ្នាំ​១៩៩៥ ផង​ដែរ កម្មវិធី​ស្តីពី​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា​នៃ​សកល​វិទ្យាល័យ Yale បាន​បង្កើត​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នៅ​ក្រុង​ភ្នំពេញ ដែល​ក្រោយ​មក នៅ​ខែ​មករា ឆ្នាំ​១៩៩៧ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ក្លាយ​ជា​វិទ្យាស្ថាន​ស្រាវជ្រាវ​ឯករាជ្យ​មួយ។

លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ពន្យល់​បន្ថែម​អំពី​គោលដៅ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​យ៉ាង​ដូច្នេះ​ថា ៖ «គឺ​មាន​ពីរ​ដដែល គឺ​ការចងចាំ​និង​យុត្តិធម៌ ហើយ​ពាក្យ​ថា យុត្តិធម៌​នេះ​គឺ​ថា យើង​គាំទ្រ​តុលាការ​ស្រាវជ្រាវ​រក​ព័ត៌មាន​សម្រាប់​បម្រើ​ដល់​តុលាការ ហើយ​យើង​កំពុង​ធ្វើ​កិច្ចការ​នេះ។ ហើយ​ការចងចាំ​របស់​យើង គឺ​ឈាន​ទៅ​រក​ការ​អប់រំ ដែល​យើង​កំពុង​ធ្វើ​ជាមួយ​នឹង​ក្រសួង​អប់រំ​ក្នុង​ការធ្វើ​ជា​សៀវភៅ​សម្រាប់​ថ្នាក់​មធ្យម​សិក្សា ហើយ​និង​ការបង្កើត​ឲ្យ​ទៅ​ជា​កន្លែង​ស្រាវជ្រាវ​អចិន្រ្តៃយ៍​មួយ ដើម្បី​ជា​ការទប់​ស្កាប់​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​តំបន់​អាស៊ី ក៏​ដូចជា​ពិភពលោក​ដែរ»

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០១​មក ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា USAID បាន​ផ្តល់​ថវិកា​ចំនួន ៤,៤៦​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដើម្បី​ជួយ​ដល់​សកម្មភាព​ការងារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នេះ។

នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០០៣ សហរដ្ឋ​អាមេរិក​ក៏​បាន​ចូលរួម​គាំទ្រ​នូវ​សេចក្តី​សម្រេច​ចិត្ត​មួយ​ក្នុង​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ ដើម្បី​បង្កើត​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​ហៅ​ថា សាលាក្តី​ខ្មែរ​ក្រហម​នោះ។

បើ​ទោះ​បី​ជា​សហរដ្ឋ​អាមេរិក​បាន​គាំទ្រ​ឲ្យ​បង្កើត​សាលាក្តី​ខ្មែរ​ក្រហម​ក៏​ដោយ ក៏​ប៉ុន្តែ​ សហរដ្ឋ​អាមេរិក​មិន​បាន​ផ្តល់​ថវិកា​ផ្ទាល់​ដល់​សាលាក្តី​នោះ​ឡើយ ដោយ​រង់ចាំ​ដរាប​ណា សាលាក្តី​វិសាមញ្ញ​នេះ អនុវត្ត​តាម​បទដ្ឋាន​យុត្តិធម៌​អន្តរជាតិ។

បន្ទាប់​ពី​ការត្រួត​ពិនិត្យ​ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ដំណើរ​វិវឌ្ឍន៍​របស់​សាលាក្តី​នេះ នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០០៨​នេះ អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក គឺ​លោក John Negroponte បាន​ប្រកាស​ថា ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​មាន​បំណង​នឹង​ផ្តល់​ថវិកា​ចំនួន ១,៨​លាន​ដុល្លារ​អាមេរិក​ដល់​ភាគី​អង្គការ​សហប្រជាជាតិ​នៃ​សាលាក្តី​ខ្មែរ​ក្រហម ៖ «ការសម្រេច​ចិត្ត​របស់​យើង ក្នុង​ការស្វែង​រក​ថវិកា​គាំទ្រ​ដល់​សាលាក្ដី​នោះ គឺ​ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​ការប្ដេជ្ញា​ចិត្ត​របស់​យើង ក្នុង​ការចង់​ឃើញ​ដំណើរការ​ស្វែង​រក​យុត្តិធម៌ អាច​ធ្វើ​ដំណើរ​ចប់​ចុង​ចប់​ដើម និង​ជួយ​ឲ្យ​កម្ពុជា​កសាង​សង្គម​មួយ ដែល​មាន​នីតិ​រដ្ឋ»

ស្ថានទូត​សហរដ្ឋ​អាមេរិក ក៏​គូស​បញ្ជាក់​ដែរ​ថា ការផ្តល់​ថវិកា​ផ្ទាល់​នេះ នឹង​ធ្វើ​ឡើង​ដរាប​ណា​មាន​ការ​យល់ព្រម​ផ្លូវការ​ពី​សភា​អាមេរិក។

ចំណែក​ឯ​មន្ត្រី​នាំ​ពាក្យ​សាលាក្តី​ខ្មែរក្រហម គឺ​លោក រាជ សម្បត្តិ ធ្លាប់​ថ្លែង​ថា រហូត​មក​ទល់​ពេល​នេះ ប្រទេស​អ្នក​ផ្តល់​ជំនួយ​នៅ​មាន​ការ​វិនិច្ឆ័យ​ខុស​គ្នា​អំពី​ដំណើរ​វិវឌ្ឍន៍​នៃ​សាលាក្តី​ខ្មែរ​ក្រហម។

ជាមួយ​គ្នា​នេះ លោក រាជ សម្បត្តិ បាន​ហៅ​ជំហរ​សហរដ្ឋ​អាមេរិក​យ៉ាង​ដូច្នេះ​ថា ៖ «មាន​មន្រ្តី​គ្រាក់ៗ របស់​សហរដ្ឋ​អាមេរិក ក៏​គាត់​បាន​អញ្ជើញ​មក​ចូលរួម​ដែរ មក​ធ្វើ​ការសាកសួរ​ពី​រឿង​សាលាក្ដី ប៉ុន្តែ​យើង​សង្កេត​ឃើញ​ថា សហរដ្ឋ​អាមេរិក​ដូចជា​នៅ​រារែក​នៅ​ក្នុង​ការផ្ដល់​ជំនួយ​ដោយ​ផ្ទាល់​មក​កាន់​សាលាក្ដី សូម្បី​តែ​យើង​ឃើញ​ប្រទេស​ជប៉ុន​ដែល​ស្ថិត​នៅក្នុង​ទ្វីប​អាស៊ី​ហ្នឹង គាត់​បាន​សម្រេច​ផ្ដល់​ថវិកា​ជាង​២០​លាន​ដុល្លារ​នោះ​ហើយ​ក៏​ដោយ»

សូម​ជម្រាប​ថា សហរដ្ឋ​អាមេរិក​ធ្លាប់​ពាក់ព័ន្ធ​យ៉ាង​ជ្រៅ​ទៅ​ក្នុង​នយោបាយ​កម្ពុជា​នា​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០។ ពួក​អតីត​មេដឹកនាំ​មនោគមន៍​វិជ្ជា​ខ្មែរ​ក្រហម ដែល​រួម​មាន នួន ជា និង ខៀវ សំផន ផង​នោះ ធ្លាប់​ថ្លែង​ក្នុង​បទ​សម្ភាសន៍​ផ្ទាល់​ជាមួយ​វិទ្យុ​អាស៊ីសេរី​ថា កម្ពុជា​គឺ​ធ្លាប់​ជា​ប្រទេស​រង​គ្រោះ​នៃ​សង្គ្រាម​វៀតណាម ដែល​បង្ក​ឡើង​ដោយ​សហរដ្ឋ​អាមេរិក។ ក៏​ប៉ុន្តែ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ដែល​ទើប​តែ​បញ្ចប់​តំណែង គឺ​លោក Joseph Mussomeli បាន​ថ្លែង​ថា គ្មាន​នរណា​ដែល​អាច​ទទួល​ខុស​ត្រូវ​ជំនួស​ពួក​មេដឹកនាំ​ខ្មែរ​ក្រហម ដែល​បាន​បង្ក​នូវ​វិនាសកម្ម​និង​ការ​សម្លាប់​រង្គាល​មនុស្ស នា​អំឡុង​សម័យ​កាល​ដែល​ពួកគេ​កាន់​អំណាច​នោះ​ឡើយ។

រហូត​មក​ទល់​ពេល​នេះ សាលាក្តី​ខ្មែរ​ក្រហម បាន​ចាប់​ឃុំ​ខ្លួន​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម ចំនួន​៥​នាក់​ហើយ ដែល​ក្នុង​នោះ​រួម​មាន ខៀវ សំផន, នួន ជា, អៀង សារី, អៀង ធីរីទ្ធ និង កាំង ហ្កិចអ៊ាវ ហៅ ឌុច។

សវនាការ​ដំបូង​លើ​អតីត​មេគុក​ទួលស្លែង កាំង ហ្កិចអ៊ាវ ហៅ ឌុច ត្រូវ​គេ​រំពឹង​ថា នឹង​ចាប់​ផ្តើម​ធ្វើ​នៅ​ចុង​ឆ្នាំ​២០០៨​នេះ៕