នាយក​រដ្ឋមន្ត្រី​ខ្មែរ​ជម្រាប​អនុ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​អំពី​បញ្ហា​ជម្លោះ​ជាមួយ​ថៃ

កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ជួប​លោក​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ចន នីហ្ក្រូផុនថេ (Jonh Negroponte) ដែល​បាន​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​ភ្នំពេញ​បន្ទាប់​ពី​លោក​បាន​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​អាទិត្យ។

នៅ​ក្នុង​សន្និសីទ​កាសែត បន្ទាប់​ពី​បាន​ទទួល​ជួប​ប្រាស្រ័យ​ជាមួយ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​នោះ​មក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយ​បំភ្លឺ​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​ស្តីពី​បញ្ហា​សំខាន់ៗ​មួយ​ចំនួន។

ក្នុង​ចំណោម​បញ្ហា​ដែល​បាន​លើក​យក​មក​ពិភាក្សា លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ ឲ្យ​ដឹង​ថា ៖ «ក្រៅ​ពី​នោះ យើង​ក៏​បាន​គិត​ទៅ​ដល់​បញ្ហា​ដទៃ​ទៀត ដូច​ជា​បញ្ហា​ខាង​មិត្ត​លើក​ទឹក​ចិត្ត ទាក់ទិន​ជាមួយ​នឹង​ការអត់ធ្មត់​របស់​កម្ពុជា ក្នុង​បញ្ហា​ប្រាសាទ​ព្រះវិហារ​ដែល​ថៃ​ទន្រ្ទាន​នេះ។ ហើយ​ចាត់​ទុក​ថា នេះ​ជា​ការអត់ធ្មត់​មួយ​ក្នុង​ការដោះស្រាយ​បញ្ហា។ ហើយ​យើង​ក៏​បាន​ប្រាប់​ទៅ​ខាង​ភាគី​អាមេរិក ទាក់ទិន​ជាមួយ​នឹង​គោលបំណង​របស់​កម្ពុជា​អំពី​បញ្ហា​ទប់ស្កាត់​មិន​ឲ្យ​មាន​ការផ្ទុះ​អាវុធ ក៏​ប៉ុន្តែ​យើង​ក៏​បាន​ប្រាប់​អំពី​លទ្ធភាព​ដែរ​ថា យើង​នឹង​អាច​បញ្ជូន​បញ្ហា​នេះ ទៅ​តុលាការ​អន្តរជាតិ​ណា​មួយ ឬ​ក៏​ប្រសិន​បើ​មាន​ជម្លោះ​ប្រដាប់​អាវុធ​កើត​ឡើង យើង​ប្រាប់​គាត់ ដោយសារ​គាត់​ជា​សមាជិក​អចិន្រ្តៃយ៍​ក្រុមប្រឹក្សា​សន្តិសុខ ដូច្នេះ​យើង​ត្រូវតែ​មាន​ភារកិច្ច ថា បើ​សិន​មាន​ការផ្ទុះ​អាវុធ​កើត​ឡើង ដោយ​ការ​ឈ្លានពាន យើង​នឹង​បញ្ជូន​បញ្ហា​ហ្នឹង ទៅ​ក្រុមប្រឹក្សា​សន្តិសុខ»

ស្តីពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ដែល​នៅ​អូស​បន្លាយ​ដោយ​ខាង​ថៃ អះអាង​ថា កំពុង​មាន​បញ្ហា​នយោបាយ​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អធិប្បាយ​ពី​ជំហរ​របស់​កម្ពុជា​ដូច្នេះ ៖ «រដ្ឋាភិបាល​ថៃ​យើង​បាន​ដឹង​ហើយ​ថា សាម៉ាក់ នៅ​ពេល​ដែល​គាត់​មិន​ទាន់​មាន​បញ្ហា​នោះ គឺ​យើង​នៅ​អាច​និយាយ​គ្នា​បាន​ជាមួយ សាម៉ាក់ ប៉ុន្តែ​ដោយសារ​មាន​វិបត្តិ​នៅ​ក្នុង​ប្រទេស​ថៃ ការចរចា​ក៏​ត្រូវតែ​មាន​ការផ្អាក។ អ៊ីចឹង​ទេ ឥឡូវ​នេះ នៅ​ប្រទេស​ថៃ មិន​ទាន់​មាន​នាយក​រដ្ឋមន្រ្តី​ផ្លូវការ។ ប៉ុន្តែ​នាយក​រដ្ឋមន្រ្តី​ស្ដីទី អាច​ធ្វើ​ការងារ​បាន ក៏​ប៉ុន្តែ​ទី​ចុង​បំផុត ឥឡូវ Channel ធ្វើការ​នៅ​កន្លែង​ណា? តែ​អម្បាញ់​មិញ ខ្ញុំ​បាន​និយាយ​ប្រាប់​អនុរដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ដែរ​ថា នៅ​ប្រទេស​ថៃ​រក Channel និយាយ​មិន​បាន ចុះ​ទ័ព​នេះ អ្នក​ណា​បញ្ជា​មក? ទ័ព​ដែល​មក​ប្រាសាទ​មួយ​ចំនួន ដូច​ជា​ប្រាសាទ​តាក្របី និង​ប្រាសាទ​តាមាន់ នរណា​បញ្ជា​មក? ឬ​ក៏​វា​ជា​ទ័ព​ចោរ? បើ​វា​ជា​ទ័ព​ចោរ គឺ​ត្រូវ​ខាង​ភាគី​ថៃ និង​ភាគី​កម្ពុជា​សហការ​គ្នា​វ៉ៃ​តែ​ម្ដង។ អ៊ីចឹង​ទេ​ដោយសារ​ថា ថៃ​ដូចថា​រដ្ឋាភិបាល វា​ពិបាក ប៉ុន្តែ​ហេតុអី​បាន​ទ័ព​ចេះ​តែ​មក? នរណា​បញ្ជា? បញ្ហា​វា​ស្ថិត​នៅ​កន្លែង​ហ្នឹង។ ប៉ុន្តែ​ទោះ​បី​មាន​សភាព​ការណ៍​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​បន្ត​អំពាវនាវ​ឲ្យ​មាន​ការអត់ធ្មត់​ជា​បន្ត​ទៀត ហើយ​រង់ចាំ​ដំណោះស្រាយ​ជាក់លាក់​ក្នុង​ករណី​ការចរចា​ត្រូវ​តែ​ធ្វើ​ឲ្យ​អស់​លទ្ធភាព​នៃ​ការចរចា​សិន»

ព័ត៌មាន​ចុងក្រោយ​បាន​ឲ្យ​ដឹង​ថា ទាហាន​ថៃ​ឈុត​ខ្មៅ​និង​ទាហាន​ខ្មែរ​បាន​ដក​ថយ​ចម្ងាយ​៣០០​ម៉ែត្រ ពី​ប្រាសាទ​តាក្របី ដែល​ឋិត​នៅ​ខាង​កើត​ប្រាសាទ​តាមាន់ លើ​ខ្នង​ភ្នំ​ដងរែក ក្នុង​ខេត្ត​ឧត្តរមានជ័យ កាល​ពី​ថ្ងៃ​ច័ន្ទ៕