ស.រ.អា.​ផ្ដល់​ថវិកា​ជាង​១៣​លាន​ដុល្លារ​ដល់​កម្មវិធី​អេដស៍​ក្នុង​សហគមន៍​ខ្មែរ

សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ថវិកា​ចំនួន​ជាង ១៣​លាន​ដុល្លារ​សម្រាប់​ដំណើរការ​កម្មវិធី​សកម្មភាព​ប្រឆាំង​នឹង​មេរោគ​និង​ជំងឺ​អេដស៍​នៅ​ក្នុង​សហគមន៍​ដែល​មាន​រយៈពេល ៥​ឆ្នាំ​ដើម្បី​លើក​កម្ពស់​សុខភាព​និង​គុណភាព​ជីវិត​របស់​ពលរដ្ឋ​ខ្មែរ។

សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​ស្ថានទូត​អាមេរិក​នៅ​រាជធានី​ភ្នំពេញ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ បាន​ឲ្យ​ដឹង​ថា កម្មវិធី​នេះ​ដែល​អនុវត្ត​ដោយ​អង្គការ KHANA នឹង​ផ្តល់​កិច្ច​រក្សា​គាំពារ​ដល់​ពលរដ្ឋ​ដែល​ផ្ទុក​មេរោគ​អេដស៍​និង​អ្នក​ជំងឺ​អេដស៍ ព្រមទាំង​ប្រឹងប្រែង​ទប់ស្កាត់​កាត់​បន្ថយ​អត្រា​ឆ្លង​ថ្មី ជា​ពិសេស​ក្នុង​ចំណោម​ក្រុម​ជន​ដែល​ងាយ​រង​គ្រោះ។

នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ខេត្ត​តាកែវ​នៅ​ថ្ងៃ​អង្គារ​នេះ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក​ស្រី ខារ៉ល រ៉តលី (Carol Rodley) បាន​មាន​ប្រសាសន៍​ថា ដោយ​សហការ​គ្នា​ជាមួយ​នឹង​ព្រះសង្ឃ​នៃ​វត្ត​អូរព័ទ្ធ ក្នុង​ខេត្ត​តាកែវ​នេះ អង្គការ KHANA នឹង​ចូលរួម​យ៉ាង​ធំធេង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​មេរោគ​និង​ជំងឺ​អេដស៍​នៅ​ក្នុង​សហគមន៍​នានា ទូទាំង​ប្រទេស​កម្ពុជា។

លោក​ស្រី ខារ៉ល រ៉តលី បាន​គូស​បញ្ជាក់​បន្ថែម​ថា សហរដ្ឋ​អាមេរិក​រំពឹង​ថា នឹង​ផ្តល់​ការ​ឧបត្ថម្ភ​គាំទ្រ​ជា​បន្ត​ទៀត​ដល់​សហគមន៍​ទាំង​ឡាយ​ណា​ដែល​មាន​ការ​ផ្តួចផ្តើម​ការងារ​បែប​នេះ៕