យោងតាមឯកសារពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាបានឲ្យដឹងថា កប៉ាល់ចម្បាំងឈ្មោះ Mustin គឺជាប្រភេទនាវាពិឃាតដែលអាចប្រើដើម្បីបើកការវាយប្រយុទ្ធទាំងលើផ្ទៃទឹក លើដី និងអាកាស។
នាវាពិឃាតនេះមានមូលដ្ឋាននៅប្រទេសជប៉ុននិងជាផ្នែកមួយនៃកងនាវាទី៧របស់សហរដ្ឋអាមេរិក ហើយនាវាពិឃាតនេះបំពាក់ដោយកំាំជ្រួចពិសេសតម្រង់ទិស ព្រមទាំងឧទ្ធម្ភាគចក្រប្រយុទ្ធចំនួនពីរគ្រឿង។
នាវាពិឃាតនេះត្រូវបានដាក់ឲ្យប្រើនៅឆ្នាំ២០០៣ ហើយដែលមានបណ្តោយ១៥៥ម៉ែត្រនិងទទឹង២០ម៉ែត្រ ព្រមទាំងមានពលទាហានចំនួន៣៤៨នាក់និងនាយទាហានចំនួន៣២នាក់។
នៅក្នុងអំឡុងពេលបំពេញបេសកកម្មមនុស្សធម៌នៅកម្ពុជានេះក្រុមកងវិស្វកម្មនៃនាវាក៏គ្រោងនឹងជួយជួសជុលសាលាបឋមសិក្សា ហ៊ុន សែន ក្រុងព្រះសីហនុ ហើយក៏នឹងមានក្រុមវេជ្ជបណ្ឌិតអាមេរិកគ្រោងនឹងចុះជួយព្យាបាលជំងឺជូនពលរដ្ឋខ្មែរផងដែរ៕
