អង្គការ​សិទ្ធិ​មនុស្ស​​ស្នើ​ឲ្យ​ស.រ.អា​ធានា​ថា​កម្ពុជា​ប្រើប្រាស់​ជំនួយ​យោធា​ត្រឹមត្រូវ

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​ទី​៦ វិច្ឆិកា បាន​ស្នើ​សុំ​ឲ្យ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក (ស.រ.អា) ធានា​ថា ជំនួយ​យោធា​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា នឹង​មិន​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​រំលោភ​សិទ្ធិ​មនុស្ស។

សំណើ​របស់​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស ធ្វើ​ឡើង​មុន​ពេល​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋអាមេរិក លោក ឡេអូន ផានិតតា (Leon Panetta) នឹង​ធ្វើ​ទស្សនកិច្ច​លើក​ដំបូង​ទៅ​កាន់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ផ្នែក​យោធា​រវាង​ប្រទេស​ទាំង​ពីរ។

ប្រធាន​ក្រុម​អ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា កន្លង​មក ជំនួយ​យោធា​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ប្រើប្រាស់​ដោយ​មន្ត្រី​យោធា​កម្ពុជា មួយ​ចំនួន ដើម្បី​ការពារ​ក្រុមហ៊ុន​ឯកជន និង​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន។

លោក អំ សំអាត៖ «ក្រុមហ៊ុន​មួយ​ចំនួន​ហ្នឹង គេ​តែងតែ​​ប្រើប្រាស់​កង​កម្លាំង​យោធា ឬ​កង​កម្លាំង​កង​រាជ​អាវុធហត្ថ ដើម្បី​ផលប្រយោជន៍​ក្រុមហ៊ុន​ឯកជន ដើម្បី​ការពារ​ក្រុមហ៊ុន​ឯកជន។ យើង​ឃើញ​កន្លង​មក​ដែរ ដូចជា​រថយន្ត​ដែល​សហរដ្ឋ​អាមេរិក​ផ្ដល់​ឲ្យ​កង​កម្លាំង​យោធា​ហ្នឹង មាន​បុគ្គល​ប្រើប្រាស់​ខុស​គោលដៅ ដឹក​យោធា​ការពារ​ក្រុមហ៊ុន​ឯកជន និង​រើ​រុះ​ផ្ទះ​ពលរដ្ឋ»

ក្រសួង​ការពារ​ជាតិ​ខ្មែរ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៥ ខែ​វិច្ឆិកា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នោះ លោក ឡេអូន ផានិតតា នឹង​ជួប​ជាមួយ​ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ក្នុង​ខេត្ត​សៀមរាប។ កិច្ច​ពិភាក្សា​នឹង​ផ្ដោត​លើ​សហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៃ​វិស័យ​យោធា និង​ការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិកាំង ដែល​បាត់​ខ្លួន​ក្នុង​សង្គ្រាម​ជាដើម។

ដំណើរ​ទស្សនកិច្ច​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋអាមេរិក គឺ​ស្រប​ពេល​គ្នា​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ដែល​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ទី​១៧ ខែ​វិច្ឆិកា នេះ នៅ​ខេត្ត​សៀមរាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។