ស្ថានទូត​អាមេរិក​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​បញ្ហា​បុរីកីឡា

មន្ត្រី​ជាន់​ខ្ពស់​នៃ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ប្រកាស​ជា​ថ្មី​ម្ដង​ទៀត ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ដោះ​ស្រាយ​បញ្ហា​បណ្ដេញ​ប្រជា​ពល​រដ្ឋ​ចេញ​ពី​លំនៅឋាន។

0:00 / 0:00

ភារធារី​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ មករា ថា ស្ថានទូត​សហ​រដ្ឋ​អាមេរិក​បាន​តាម​ដាន​លើ​ការ​បណ្ដេញ​ប្រជា​ពល​រដ្ឋ​បុរី​កីឡា​ចេញ​ពី​លំនៅឋាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ មន្ត្រី​ស្ថាន​ទូត​អាមេរិក​រូប​នេះ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ​ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​នេះ​ឲ្យ​យុត្តិធម៌ និង​មាន​តម្លាភាព។

ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​ដូច្នេះ នៅ​ក្នុង​ពិធី​សម្ពោធ​គម្រោង​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ជា​ផ្លូវ​ការ​ជំហាន​ទី​២ នៅ​សណ្ឋាគារ​ឡឺរូយ៉ាល់ (Le Royal) រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មករា ឆ្នាំ​២០១២។

លោក ចេហ្វ ដាយហ្គល (Jeff Daigle) ជា​ភារធារី​ស្ថានទូត​សហ​រដ្ឋ​ប្រចាំ​នៅ​កម្ពុជា បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​ដៃ​គូ​​ពាក់ព័ន្ធ​ទាំង​អស់ ត្រូវ​ដោះ​ស្រាយ​បញ្ហា​បណ្ដេញ​ចេញ​អ្នក​ភូមិ​បុរី​កីឡា​នេះ ប្រកប​ដោយ​តម្លាភាព និង​ការ​ទទួល​ខុស​ត្រូវ ៖ "ហើយ​យើង​បាន​តាម​ដាន​សភាព​ការណ៍​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដូច​ដែល​យើង​បាន​និយាយ​កាល​ពី​មុន​ហើយ ទាក់ទង​ទៅ​នឹង​សេចក្ដី​ថ្លែង​ការណ៍​របស់​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក គឺ​ថា បញ្ហា​ទំនាស់​ដីធ្លី បញ្ហា​បណ្ដេញ​ប្រជា​ពល​រដ្ឋ​ហ្នឹង​អាច​នឹង​នាំ​ឲ្យ​អស្ថិរភាព​នៅ​ក្នុង​សង្គម"

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​លេខាធិការ លោក ផៃ ស៊ីផាន បាន​ស្វាគមន៍​ចំពោះ​ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​នេះ ដែល​លោក​ចាត់​ទុក​ថា ការ​លើក​ឡើង​នេះ ជា​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ និង​ជា​ដៃ​គូ​​រវាង​រដ្ឋាភិបាល​អាមេរិក និង​រដ្ឋាភិបាល​កម្ពុជា។ ប៉ុន្តែ​លោក ផៃ ស៊ីផាន បញ្ជាក់​ថា ករណី​បណ្ដេញ​អ្នក​ភូមិ​បុរី​កីឡា​ចេញ​នេះ​វា​ស្ថិត​នៅ​លើ​លោក កែប ជុតិមា ជា​អភិបាល​រាជ​ធានី​ភ្នំពេញ ដែល​ជា​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​លើ​ករណី​នេះ។

លោក កែប ជុតិមា ជា​អភិបាល​រាជ​ធានី​ភ្នំពេញ ​មិន​បាន​បំភ្លឺ​លើ​ករណី​បណ្ដេញ​ចេញ​អ្នក​ភូមិ​បុរី​កីឡា​ទេ នៅ​ថ្ងៃ​ទី​១៩ មករា។

ប៉ុន្តែ​យ៉ាង​នេះ​ក្ដី សាលា​រាជ​ធានី​ភ្នំពេញ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ជា​លើក​ដំបូង​មួយ ដែល​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី​៦ មករា បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ធ្វើ​ការ​ដោះ​ស្រាយ​តាម​បែប​ចាត់​វិធានការ​សម​ស្រប ចំពោះ​ប្រជា​ពល​រដ្ឋ​បុរី​កីឡា និង​បាន​ធ្វើ​ការ​រុះរើ​សំណង់​ដែល​មិន​មាន​លក្ខណៈ​សម្បត្តិ​ក្នុង​ការ​ទទួល​បាន​ផ្ទះ​ពី​រដ្ឋ។ ការ​ធ្វើ​ដូច្នេះ ដើម្បី​ធានា​ឲ្យ​មាន​នីតិ​រដ្ឋ និង​ផ្ដល់​ភាព​យុត្តិធម៌​សម្រាប់​ប្រជា​ពល​រដ្ឋ​ជាង ១​ពាន់​គ្រួសារ ដែល​បាន​ស្ម័គ្រ​ចិត្ត​ទទួល​ផ្ទះ​ពី​រដ្ឋ​នៅ​សហគមន៍​បូរី​កីឡា។

នាយក​លេខាធិការដ្ឋាន​ពិសេស​នៃ​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ មាន​ប្រសាសន៍​ថា សាលា​រាជ​ធានី​បាន​កម្ទេច​ផ្ទះ​ប្រជា​ពល​រដ្ឋ​នោះ​ជា​រឿង​ខុស​ច្បាប់។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ដោះ​ស្រាយ​លើ​ករណី​បណ្ដេញ​ប្រជា​ពល​រដ្ឋ​ចេញ​ឲ្យ​បាន​ឆាប់​រហ័ស និង​សន្តិវិធី ជៀស​វាង​បញ្ហា​ធំ​នឹង​កើត​មាន​ដោយ​សារ​តែ​ទំនាស់​ដីធ្លី​នេះ។

លោក សៀ ភារម្យ បាន​អះអាង​ថា មក​ទល់​ថ្ងៃ​ទី​១៩ មករា អ្នក​ភូមិ​បុរី​កីឡា​រាប់​រយ​គ្រួសារ​កំពុង​រស់​នៅ​រប៉ាត់រប៉ាយ​គ្មាន​ទី​ជម្រក​ស្នាក់​នៅ ពិសេស​គឺ​អ្នក​ភូមិ​ចំនួន ១៨​នាក់ ក្នុង​នោះ​រួម​ទាំង​កុមារ​ផង ដែល​ពួក​គាត់​លោត​ផ្លោះ​របង​ចេញ​ពី​មណ្ឌល​ឃុំ​ឃាំង​ព្រៃ​ស្ពឺ កាល​ពី​ថ្ងៃ​ទី​១៨ មករា នោះ។

អ្នក​ភូមិ​បុរី​កីឡា​ចំនួន ១៨​នាក់ ក្នុង​ចំណោម ៣០​នាក់ រួម​ទាំង​កុមារ ត្រូវ​បាន​សមត្ថកិច្ច​សាលា​រាជ​ធានី​ភ្នំពេញ​ចាប់​ខ្លួន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​មជ្ឈ​មណ្ឌល​សង្គម​កិច្ច​រាជ​ធានី កាល​ពី​ថ្ងៃ​ទី​១១ មករា នៅ​ខណៈ​ពួក​គាត់​បាន​នាំ​គ្នា​ទៅ​ដាក់​ញត្តិ ដើម្បី​សុំ​ឲ្យ​លោក កែប ជុតិមា រក​យុត្តិធម៌​ជូន​ពួក​គាត់​អំពី​ការ​បណ្ដេញ​ចេញ​នោះ។

ការ​នាំ​គ្នា​ទៅ​សាលា​រាជ​ធានី​ភ្នំពេញ​របស់​អ្នក​ភូមិ​បុរី​កីឡា​នេះ នៅ​បន្ទាប់​ពី​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន​ផាន​អ៊ីម៉ិច បាន​ទៅ​ឈូស​កម្ទេច​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​បុរី​កីឡា​ប្រមាណ ៣០០​ខ្នង កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២៕