អាមេរិក​បារម្ភ​ពី​បញ្ហា​គ្រឿង​ញៀន​នៅ​កម្ពុជា

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​សំដែង​ការ​ព្រួយ​បារម្ភ​ថា ប្រទេស​កម្ពុជា នៅ​តែ​មាន​បញ្ហា​នៃ​ការ​ប្រើប្រាស់​គ្រឿង​ញៀន ណាកូតិក (Narcotics) ការ​ជួញដូរ​គ្រឿង​ញៀន និង​ការ​ផលិត​គ្រឿន​ញៀន​នៅ​ឡើយ។

0:00 / 0:00

បន្ថែម​លើ​នេះ​ទៀត ប្រទេស​កម្ពុជា នៅ​តែ​ជា​គោលដៅ​សំរាប់​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿង​ញៀន ប្រើប្រាស់ ឲ្យ​ក្លាយ​ជា​ទីកន្លែង​ផលិត​គ្រឿង​ញៀន និង​ឆ្លង​កាត់​គ្រឿង​ញៀន​តាម​ផ្លូវ​គោក ផ្លូវ​ទឹក និង​ផ្លូវ​អាកាស​ជាដើម។

របាយការណ៍​ប្រចាំ​ឆ្នាំ​២០១២ ស្ដីពី​យុទ្ធសាស្ត្រ​គ្រប់គ្រង​គ្រឿង​ញៀន​ណាកូតិក​អន្តរជាតិ ចេញ​ផ្សាយ​ដោយ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​ព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង​នូវ​ការ​ជួញដូរ​គ្រឿង​ញៀន ផលិត​គ្រឿង​ញៀន និង​ប្រើប្រាស់​គ្រឿង​ញៀន ហើយ​រដ្ឋាភិបាល​នៅ​តែ​ប្ដេជ្ញា​ចិត្ត​លុប​បំបាត់​ឧក្រិដ្ឋកម្ម​នេះ។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា អំពើ​ពុករលួយ​កម្រិត​អប់រំ​ទាប ប្រាក់​ខែ​តិច​តួច និង​ថវិកា​មាន​កម្រិត​ទាប ការ​សម្រេច​ចិត្ត​ធ្វើ​តាម​ឋានានុក្រម និង​ការ​ចែក​រំលែក​ព័ត៌មាន​នៅ​មាន​កម្រិត​ទាប​រវាង​ទីភ្នាក់ងារ​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​នោះ។ ទាំង​អស់​នេះ​ហើយ​បាន​ញ៉ាំង​ឲ្យ​សមត្ថភាព​ប្រឆាំង​គ្រឿងញៀន​អនុវត្ត​ច្បាប់ និង​ពង្រឹង​ច្បាប់​នោះ​នៅ​ទន់​ខ្សោយ។

ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​របស់​ក្រសួងមហាផ្ទៃ លោក​ឧត្ដមសេនីយ៍ទោ ខៀវ សាម៉ន បាន​មាន​ប្រសាសន៍​ថា របាយការណ៍​នេះ​គឺ​មិន​ទាន់​បាន​ឆ្លុះ​បញ្ចាំង​នូវ​ការ​ពិត​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយ​ទេ។

លោក​បញ្ជាក់​ថា សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿង​ញៀន កំពុង​តែ​អនុវត្ត​យ៉ាង​សកម្ម និង​ម៉ឺងម៉ាត់​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល៖ «សម្ដេច​តេជោ​ហ្នឹង​គឺ​បាន​បញ្ជា​ដាច់​ខាត​ថា ក្នុង​ឆ្នាំ​នេះ គឺ​ធ្វើ​ម៉េច​បង្ក្រាប​ឲ្យ​ចំ​គឺ​ថា មេខ្លោង​ធំៗ ហើយ​និង​បង្ក្រាប​ហើយ គឺ​ថា តាម​ដាន​បង្ក្រាប​ចាប់​ឲ្យ​អស់​មុខ​សញ្ញា​សេសសល់​ក្នុង​ករណី​ហ្នឹង​ឲ្យ​ដល់​ឫស​គល់»

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​សង្គ្រោះ​ជន​រង​គ្រោះ​ដោយសារ​គ្រឿង​ញៀន​កម្ពុជា លោក មាស សុវណ្ណ បាន​មាន​ប្រសាសន៍​ថា ការ​បង្ក្រាប​អំពើ​ពុករលួយ​យ៉ាង​ខ្លាំងក្លា​កន្លង​មក​នេះ បាន​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​តាម​ជន​បទ​ថយ​ចុះ តាម​រយៈ​ភូមិ​ឃុំ​សុវត្ថិភាព៖ «សង្កេត​មើល​នៅ​តាម​ជនបទ​មាន​ការ​ថយ​ចុះ ប៉ុន្តែ​នៅ​តាម​ទីក្រុង​មិន​មាន​ការ​ថយ​ចុះ​ទេ... នៅ​ទីក្រុង​មាន​ការ​បង្ក្រាប​ច្រើន​ដែរ ប៉ុន្តែ​វា​ពោរពេញ​ទៅ​ដោយ​ទីតាំង​ដែល​ប្រើប្រាស់​ហ្នឹង​គឺ​មាន​ច្រើន»

របាយការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​កត់​សំគាល់​ទៀត​ថា ការ​ចាប់​រឹប​អូស​គ្រឿង​ញៀន​នៅ​ក្នុង​អំឡុង​ពេល ៨​ខែ ឆ្នាំ​២០១១ កន្លង​ទៅ​នេះ គឺ​មាន​ចំនួន​ជិត ២,២​សែន​គ្រាប់ នៃ​ថ្នាំ​ញៀន​មេតំហ្វេតាមីន ( Methamphetamine)។

រឹប​អូស​បាន​ម្សៅ​មេតំហ្វេតមីន​ចំនួន​ជិត ១៥​គីឡូក្រាម។ រឹប​អូស​គ្រឿង​ញៀន​ហេរ៉ូអ៊ីន ( Heroin ) ចំនួន​ជាង ២​គីឡូក្រាម រឹប​អូស​ថ្នាំ​ញៀន​អិចស្តាស៊ី (Ecstasy) ចំនួន​ជាង ១.៣០០​គ្រាប់ និង​រឹប​អូស​គ្រឿង​ញៀន​កូកាអ៊ីន (Cocaine) ចំនួន ៥៦៥​ក្រាម ព្រម​ទាំង​រឹប​អូស​គ្រឿង​ញៀន​ផ្សេងៗ​ទៀត។

នៅ​ក្នុង​អំឡុង​ពេល ៨​ខែ ឆ្នាំ​២០១១ កន្លង​ទៅ​នេះ​ដែរ នគរបាល​ប្រឆាំង​គ្រឿង​ញៀន បាន​បង្ក្រាប​ការ​ជួញដូរ​គ្រឿង​ញៀន​ចំនួន ៧៥៤​ករណី ស្មើ​នឹង ១.៨២០​នាក់។

ប៉ុន្តែ​លោក​ឧត្តមសេនីយ៍ទោ ខៀវ សាម៉ន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា រយៈពេល​ពេញ​មួយ​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ នគរបាល​ប្រឆាំង​គ្រឿង​ញៀន​បាន​បង្ក្រាប​ការ​ជួញដូរ​គ្រឿង​ញៀន​ចំនួន ៨៣៤​ករណី ស្មើ​នឹង ២.០៣០​នាក់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស។

ទីតាំង​ផលិត​គ្រឿង​ញៀន​ចំនួន ៦​កន្លែង ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប និង​បាន​រឹប​អូស​ឧបករណ៍​ផលិត​គ្រឿង​ញៀន និង​ចាប់​ខ្លួន​ជនសង្ស័យ​ជា​ច្រើន​នាក់។

ជនសង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​ទាំង​នោះ រួម​មាន​ជន​ជាតិ​ខ្មែរ ថៃ ឡាវ ជនជាតិ​ចិន​តៃវ៉ាន់ និង​ចិន​ដី​គោក។ ច្បាប់​ប្រឆាំង​គ្រឿង​ញៀន​ថ្មី​ដែល​បាន​ចូល​ជា​ធរមាន​នៅ​ដើម​ឆ្នាំ​២០១២ កន្លង​ទៅ​នេះ គឺ​បាន​ចែង​ឲ្យ​មាន​ការ​ផ្ដន្ទាទោស​យ៉ាង​តឹងរ៉ឹង​លើ​ជនសង្ស័យ​ឲ្យ​ជាប់​គុក​មួយ​ជីវិត និង​រឹប​អូស​ទ្រព្យ​សម្បត្តិ​ស្ទើរ​អស់​រលីង។

ជាមួយ​គ្នា​នេះ​ដែរ របាយការណ៍​ប្រចាំ​ឆ្នាំ​២០១២ របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ក៏​បាន​សំដែង​ការ​ព្រួយ​បារម្ភ​ថា ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​រង​គ្រោះ​ធ្ងន់ធ្ងរ​មួយ​នៃ​អំពើ​លាង​លុយ​កខ្វក់​នៃ​រូបិយប័ណ្ណ​ដុល្លារ (Dollar) នៅ​គ្រា​ដែល​មាន​ការ​កើន​ឡើង​នូវ​វិស័យ​ធនាគារ និង​ប្រព័ន្ធ​យុត្តិធម៌​ទន់​ខ្សោយ ព្រម​ទាំង​មាន​ការ​រីក​រាល​ដាល​នៃ​អំពើ​ពុករលួយ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។