អាជ្ញាធរ​ចាប់​ជន​សង្ស័យ​បាញ់​លោក ឈុត វុទ្ធី និង​ ប៉េអឹម ​បញ្ជូន​ទៅ​តុលាការ

ករណី​ឃាតកម្ម​លើ​សកម្មជន​ការពារ​ព្រៃ​ឈើ លោក ឈុត វុទ្ធី និង​មន្ត្រី​កង​រាជ​អាវុធហត្ថ (ប៉េអឹម) មួយ​រូប​ទៀត ឈ្មោះ អ៊ិន រតនា នោះ ត្រូវ​បាន​គេ​ចាប់​ជន​សង្ស័យ​ជា​ឃាតក​បញ្ជូន​ទៅ​កាន់​តុលាការ​ខែត្រ​កោះកុង​ហើយ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី ៣ ឧសភា។

0:00 / 0:00

ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​បាន​ឲ្យ​ដឹង​ថា ក្រុម​ស៊ើបអង្កេត​ចម្រុះ​របស់​រដ្ឋាភិបាល បាន​ជញ្ជួន​ជន​សង្ស័យ​បុរស​ឈ្មោះ រ៉ាន់ បូរ័ត្ន ទៅ​កាន់​តុលាការ​ខែត្រ​កោះកុង ដើម្បី​បន្ត​នីតិវិធី​សាកសួរ​ជុំវិញ​អំពើ​ឃាតកម្ម​សកម្មជន​ការពារ​ព្រៃឈើ និង​មន្ត្រី​ប៉េអឹម​មួយ​រូប​ទៀត។

លោក អំ សំអាត បាន​បញ្ជាក់​ទៀត​ថា ការ​បញ្ជូន​ជន​សង្ស័យ​នេះ​រួម​មាន ភស្តុតាង​មួយ​ចំនួន​ដែរ ដូចជា រថយន្ត​របស់​លោក ឈុត វុទ្ធី និង​កាំភ្លើង​អាកា ៤៧ ដែល​ជា​កាំភ្លើង​ជន​ល្មើស និង​កាំភ្លើង​ខ្លី​របស់​លោក ឈុត វុទ្ធី ផង​ដែរ។

ជន​សង្ស័យ​ឈ្មោះ រ៉ាន់ បូរ័ត្ន នេះ​ជា​កូន​ប្រុស​របស់​លោក ហ៊ុន រ៉ាន់ ដែល​លោក​អតីត ជា​មន្រ្តី​រដ្ឋបាល​ព្រៃ​ឈើ​ខែត្រ​កោះកុង។

ដោយ​ឡែក ជន​សង្ស័យ​មួយ​រូប​ទៀត ដែល​ជា​មន្ត្រី​ប៉េអឹម​ឈ្មោះ សូ សុភាព នោះ គេ​មិន​បាន​បញ្ជូន​ទៅ​តុលាការ​ទេ។

ប៉ុន្តែ ប្រភព​ពី​ខាង​មន្ត្រី​ស៊ើបអង្កេត​របស់​សមាគម​សិទ្ធិមនុស្ស អាដហុក និង​មន្ត្រី​ស៊ើបអង្កេត​អង្គការ លីកាដូ បន្ថែម​ថា នៅ​ព្រឹក​ថ្ងៃ​ទី ៣ ឧសភា នៅ​មុន​ពេល​គេ​បញ្ជូន​លោក រ៉ាន់ បូរ័ត្ន ទៅ​តុលាការ គណៈកម្មការ​ស៊ើប​អង្កេត​បាន​យក លោក រ៉ាន់ បូរ័ត្ន ទៅ​កន្លែង​កើត​ហេតុ ដើម្បី​បង្ហាញ​ពី​សកម្មភាព​នៅ​ពេល​កើត​ហេតុ​នោះ។ ប៉ុន្តែ​គេ​មិន​បាន​បញ្ជាក់​ច្បាស់ លាស់​ទេ​ថា តើ​ធ្វើ​សកម្មភាព​យ៉ាង​ដូចម្ដេច​នោះ​ទេ។

ប្រធាន​ក្រុម​ស៊ើបអង្កេត លោក ម៉ក់ ជីតូ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​យុត្តិធម៌​នៃ​អគ្គ​ស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក្រសួង​មហាផ្ទៃ។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី ៣ ឧសភា​ថា គណៈកម្មការ​របស់​លោក បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​នៅ​ឃុំ​បាក់ខ្លង ស្រុក​មណ្ឌល​សីមា ខែត្រ​កោះកុង ដើម្បី​ស៊ើបអង្កេត​លើ​ករណី​ឃាតកម្ម​នេះ ហើយ​បាន​សាក​សួរ​សាក្សី និង​ប្រជា​ពលរដ្ឋ នៅ​កន្លែង​កើត​ហេតុ​ជា​ច្រើន​នាក់​ទៀត​នៅ​ទីនោះ។ ប៉ុន្តែ លោក ម៉ក់ ជីតូ មិន​បាន​បញ្ជាក់​ច្បាស់លាស់​ទេ។ លោក​គ្រាន់​តែ​បញ្ជាក់​ថា សមត្ថកិច្ច​របស់​លោក​កំណត់​មុខ​សញ្ញា​ឃាតកម្ម​នេះ​បាន​ហើយ ដែល​គេ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ត។

អនុ​ប្រធាន​ក្រុម​ស៊ើបអង្កេត​នៃ​សមាគម​សិទ្ធិមនុស្ស អាដហុក លោក ចាន់ សុវ៉េត បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ខ្លាច​ការ​ស៊ើបអង្កេត​គ្មាន​តម្លាភាព និង​មិន​ឯករាជ្យ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ស្ថានទូត​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្ដីថ្លែងការណ៍​ជា​ផ្លូវការ ស្ដីពី​ការ​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី នៅ​ថ្ងៃ​ទី ៣ ឧសភា ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើបអង្កេត​ឲ្យ​បាន​ពេញ​លេញ ប្រកប​ដោយ​តម្លាភាព និង​ភាព​អាច​ជឿ​ទុក​ចិត្ត​បាន​លើ​ករណី​នេះ។

មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក សន ម៉ាកអិនតស្ស (Sean McIntosh) មាន​ប្រសាសន៍​តាម​សារ​អេឡិចត្រូនិក​ថា សហរដ្ឋ​អាមេរិក សម្ដែង​ក្ដី​កង្វល់​យ៉ាង​ខ្លាំង​ក្នុង​អំពើ​ឃាតកម្ម​នេះ។

លោក សន ម៉ាកអិនតស្ស៖ «សហរដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​សមស្រប​នានា ដើម្បី​បញ្ចប់​ការ​ស៊ើបអង្កេត​មួយ ដែល​ធ្វើ​ឡើង​ពេញលេញ មាន​តម្លាភាព និង​ភាព​អាច​ជឿ​ទុក​ចិត្ត​បាន»។

លោក សន ម៉ាកអិនតស្ស បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នៅ​តែ​ព្រួយបារម្ភ​អំពី​ការ​ប្រើប្រាស់​កម្លាំង ដើម្បី​ចាត់​វិធានការ​ចំពោះ​បុគ្គល ដែល​ស្វែងរក​ដំណោះស្រាយ​ទៅ​លើ​បញ្ហា​សំខាន់ៗ ដោយ​សន្តិវិធី។ លោក​បន្ថែម​ថា សហរដ្ឋ​អាមេរិក​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ធានា​ដល់​ការ​ការពារ​សិទ្ធិពលរដ្ឋ​ជា​មូលដ្ឋាន និង​សេរីភាព​ខាង​ព័ត៌មាន​របស់​បុគ្គល​ទាំង​នេះ។

សេចក្ដីថ្លែងការណ៍​ស្ថានទូត​សហរដ្ឋអាមេរិក​ចេញ នៅ​ថ្ងៃ​ទី ៣ ឧសភា សម្ដែង​មរណៈ​ទុក្ខ​ដ៏​ស្មោះ​ដល់​គ្រួសារ​របស់​លោក ឈុត វុទ្ធី។ សេចក្ដីថ្លែងការណ៍​ដដែល បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ស្វែងរក​ឃាតក​សម្លាប់​លោក ឈុត វុទ្ធី ពីព្រោះ​ថា លោក ឈុត វុទ្ធី បាន​បំពេញ​ការងារ​ដ៏​មាន​តម្លៃ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា និង​ធ្វើ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ភាព​ចាំបាច់​សម្រាប់​រដ្ឋាភិបាល​មួយ ដែល​មាន​តម្លាភាព ដើម្បី​បម្រើ​ប្រជា​ពលរដ្ឋ។ សហរដ្ឋ​អាមេរិក​នៅ​តែ​មាន​កង្វល់​ទៅ​លើ​ការ​ប្រើ​កម្លាំង ដើម្បី​រារាំង​សកម្មភាព​របស់​បុគ្គល​ម្នាក់ៗ ដែល​មាន​បំណង​បង្ហាញ​ឲ្យ​គេ​ឃើញ​នូវ​បញ្ហា​សំខាន់​នានា ប្រកប​ដោយ​សន្តិវិធី ដូចជា​ការ​កាប់​ឈើ​ខុស​ច្បាប់​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។