សហរដ្ឋ​អាមេរិក​អំពាវនាវ​ឲ្យ​កម្ពុជា​ដោះលែង​លោក ម៉ម សូណង់ដូ

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ នៅ​ថ្ងៃ​ទី២ តុលា ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះ​លែង​លោក ម៉ម សូណង់ដូ ជា​បន្ទាន់។

ការ​អំពាវនាវ​នេះ គឺ​ដើម្បី​បញ្ជាក់​ឲ្យ​ឃើញ​ថា ប្រព័ន្ធ​តុលាការ​នៅ​ប្រទេស​កម្ពុជា មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ និង​ដើម្បី​បញ្ជាក់​សា​ជា​ថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន ក្នុង​ការ​ធានា​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន សម្រាប់​ពលរដ្ឋ​របស់​ខ្លួន។

អ្នកស្រី វិចទូរីយ៉ា នួលេន (Victoria Nuland) អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ ដោយ​លើក​ពី​ក្ដី​កង្វល់​យ៉ាង​ខ្លាំង ចំពោះ​ការ​កាត់​ទោស​លោក ម៉ម សូណង់ដូ ជា​ម្ចាស់​វិទ្យុ​សំបុក​ឃ្មុំ ដែល​ជា​វិទ្យុ​ឯករាជ្យ​នៅ​កម្ពុជា ឲ្យ​ជាប់​ទោស​ធ្ងន់ធ្ងរ រយៈពេល ២០ឆ្នាំ ក្រោម​បទ​ចោទ​ប្រកាន់​បះបោរ​នោះ។

អ្នកស្រី​បាន​លើក​ឡើង​ថា អ្នក​សង្កេតការណ៍​មួយ​ចំនួន​នៅ​កម្ពុជា បាន​កត់​សម្គាល់​ឃើញ​ថា ការ​ចោទ​ប្រកាន់​ប្រឆាំង​លើ​រូប​លោក ម៉ម សូណង់ដូ មើល​ទៅ​មាន​លក្ខណៈ​នយោបាយ ដោយ​ផ្អែក​លើ​ការ​រិះគន់​ជា​ញឹកញាប់​របស់​លោក​ទៅ​លើ​រដ្ឋាភិបាល។

អ្នកស្រី​បាន​អះអាង​ថា អ្នកស្រី​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ រួម​ទាំង​សេរីភាព​អ្នក​សារព័ត៌មាន ក្នុង​ការ​បញ្ចេញ​ទស្សនៈ​នយោបាយ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ពី​ការ​ធ្វើ​ទុក្ខទោស ការ​សងសឹក ក្នុង​ការ​បំភិតបំភ័យ ស្រប​តាម​អនុសញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ និង​សេចក្ដី​ប្រកាស​ជា​សាកល ស្ដីពី​សិទ្ធិ​មនុស្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។