សហរដ្ឋអាមេរិកបានបើកទូលាយដល់ពលរដ្ឋគ្រប់រូបលើជំនឿសាសនាផ្សេងៗ ដោយមិនរើសអើងជាតិសាសន៍ ដើម្បីពង្រឹងសន្តិភាពនៅលើពិភពលោក និងការអត់ឱនឲ្យគ្នាទៅវិញទៅមក។
ការលើកឡើងដូច្នេះនៅក្នុងកម្មវិធីស្រាយបួស ដែលឯកអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជាបានរៀបចំឲ្យក្រុមយុវជនជនជាតិចាមប្រមាណ ៤០នាក់ ក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៧ កញ្ញា។
លោកស្រី ខារ៉ល រ៉តលី (Carol Rodley) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានសម្ដែងនូវសុទិដ្ឋិនិយមចំពោះក្រុមយុវជន ដែលបានចូលរួមក្នុងកម្មវិធីបរិភោគអាហារស្រាយបួសនៅគេហដ្ឋានរបស់លោកស្រីថា ទោះបីជាសហរដ្ឋអាមេរិកមានប្រវត្តិ និងវប្បធម៌ខុសគ្នាក្តី ប៉ុន្តែសហរដ្ឋអាមេរិកមានជំនឿរួមគ្នា គឺសន្តិភាព និងការអាណិតស្រឡាញ់គ្នា។
នៅខណៈនោះដែរ អ្នករៀបចំកម្មវិធីស្រាយបួសក៏បានចាក់ខ្សែអាត់វីដេអូរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានថ្លែងថា សហរដ្ឋអាមេរិកជាប្រទេសបើកទូលាយលើជំនឿសាសនា ហើយសាសនិកអ៊ិស្លាមនៅសហរដ្ឋអាមេរិកមានសិទ្ធិពេញលេញក្នុងការកសាងកន្លែងគោរពសាសនា និងកន្លែងផ្សេងៗទៀត។
លោក បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍តាមរយៈអ្នកបកប្រែដូច្នេះ ៖ «...ក្នុងនាមជាប្រធានាធិបតី ខ្ញុំជឿថា សាសនិកអ៊ិស្លាមមានសិទ្ធិក្នុងការប្រតិបត្តិសាសនារបស់គេ ដូចមនុស្សគ្រប់គ្នាដទៃទៀត នៅក្នុងប្រទេសរបស់យើងដែរ ...ហើយរួមទាំងមានសិទ្ធិក្នុងការសាងកន្លែងគោរពសាសនា និងមជ្ឈមណ្ឌលសហគមន៍»។
មន្ត្រីច្បាប់នៃសាលាក្តីខ្មែរក្រហម លោក នាគ សាគីរីន ដែលបានចូលរួមក្នុងកម្មវិធីស្រាយបួសនោះ បានលើកឡើងថា នេះជាឱកាសល្អដែលឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីនេះឡើង ហើយនេះជាការបង្ហាញអំពីសិទ្ធិសេរីភាពអំពីជំនឿសាសនា នៅក្នុងប្រទេសអ្នកកាន់របបលិទ្ធិប្រជាធិបតេយ្យ។
លោកស្រី ខារ៉ល រ៉តលី ក៏បានផ្ញើសារជូនពរដល់អ្នកកាន់សាសនាអ៊ិស្លាមនៅកម្ពុជាផងដែរ នៅក្នុងពិធីបុណ្យបញ្ចប់ខែបួស ដែលហៅថា រ៉យ៉ា អ៊ីទិលហ្វិទ្រី ដែលនឹងមកដល់នៅពេលខាងមុខ ៖ «ខ្ញុំសូមជូនពរឲ្យប្រកបដោយសុភមង្គល និងសន្តិភាព និងសុំឲ្យថែរក្សាសម្បត្តិវប្បធម៌ និងទំនៀមទម្លាប់ ហើយបញ្ជូនការថែរក្សានេះ ទៅកាន់កូនចៅរបស់ពួកគេទៀត ដើម្បីថែរក្សាប្រពៃណីរបស់ខ្លួន»។
លោកស្រី ខារ៉ល រ៉តលី បានបញ្ជាក់ទៀតថា កាលពីសប្ដាហ៍មុនលោកស្រីបានរៀបចំកម្មវិធីស្រាយបួសឲ្យសាសនិកអ៊ិស្លាមនៅក្នុងខែត្រកំពង់ឆ្នាំងផងដែរ ដែលមានអ្នកចូលរួមប្រមាណ ១៥០នាក់ ហើយកាលពីឆ្នាំទៅ លោកស្រីបានរៀបចំនៅគេហដ្ឋានរបស់លោកស្រី ដែលអញ្ជើញថ្នាក់ដឹកនាំខ្មែរអ៊ិស្លាម ឲ្យចូលរួមក្នុងកម្មវិធីស្រាយបួសនេះ ប៉ុន្តែឆ្នាំនេះលោកស្រីបានផ្លាស់ប្ដូរ ដោយអញ្ជើញយុវជនវិញ ព្រោះលោកស្រីយល់ថា យុវជនក៏នឹងក្លាយជាអ្នកដឹកនាំផងដែរនាពេលអនាគត៕
