អាមេរិក​មិន​មក​វិនិយោគ​នៅ​កម្ពុជា​ដោយសារ​បញ្ហា​សិទ្ធិ​មនុស្ស​និង​នីតិរដ្ឋ

មូលហេតុ​ដែល​បណ្ដាល​ឲ្យ​សាជីវកម្ម​ក្រុមហ៊ុន​ធំៗ របស់​អាមេរិក មិន​មក​វិនិយោគ​នៅ​កម្ពុជា គឺ​ដោយសារ​ការ​គោរព​សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា នៅ​មាន​កម្រិត​នៅ​ឡើយ។
ដោយ វណ្ណ វិចារ
2012-12-26
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
វីល្លៀម ថត ៣០៥
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ថត (William Todd) [ឆ្វេង] ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២០ មិថុនា ឆ្នាំ​២០១២។
RFA/Den Ayuthyea

ចំណុច​ទាំង​នេះ​ត្រូវ​បាន​លាត​ត្រដាង​ជា​សាធារណៈ​ដោយ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក វីល្លៀម ថត (William E. Todd) នៅ​ក្នុង​គេហទំព័រ​របស់​លោក​ប្រចាំ​សប្ដាហ៍​កន្លង​ទៅ​នេះ។

មន្ត្រី​ឯកអគ្គរដ្ឋទូត​អាមេរិក​រូប​នេះ​ឲ្យ​ដឹង​ថា លោក​ជួប​ក្រុម​អ្នក​វិនិយោគ​ជា​ច្រើន​របស់​អាមេរិក​នៅ​ប្រទេស​ថៃ និង​សិង្ហបុរី ដើម្បី​ណែនាំ​ឲ្យ​ពួកគេ​មក​វិនិយោគ​នៅ​កម្ពុជា ប៉ុន្តែ​ពួក​គេ​ឆ្លើយ​ថា មិន​ទាន់​មាន​ជំនឿ​ចិត្ត​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា នៅ​ឡើយ​ទេ។

តាម​រយៈ​គេហទំព័រ​ជួប​ពលរដ្ឋ​កម្ពុជា ប្រចាំ​សប្ដាហ៍ គឺ​ថ្ងៃ​អាទិត្យ ទី​២៣ ឆ្នូ អគ្គរដ្ឋទូត​អាមេរិក លោក វីល្លៀម ថត មាន​ប្រសាសន៍​ថា លោក​បាន​ធ្វើ​ដំណើរ​កាល​ពី​ដើម​ខែ​ធ្នូ ទៅ​កាន់​ប្រទេស​ពីរ​ដែល​ជឿនលឿន​ផ្នែក​សេដ្ឋកិច្ច គឺ​ប្រទេស​ថៃ និង​សិង្ហបុរី ក្នុង​គោលបំណង​ស្វែង​រក​ចម្លើយ​របស់​សំណួរ​ដែល​សួរ​ថា ហេតុ​អ្វី​សាជីវកម្ម​ធំៗ​របស់​អាមេរិក មិន​មក​រក​ស៊ី​នៅ​កម្ពុជា?

លោក​បន្ត​ថា តាម​រយៈ​ទស្សនកិច្ច​ទាំង​នោះ​គេ​រក​ឃើញ​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​ប្រទេស​កម្ពុជា លើ​ផ្នែក​បរិយាកាស​វិនិយោគ ធនធាន​មនុស្ស និង​ព្រម​ទាំង​ការ​នាំ​មក​នូវ​ការងារ​ដែល​ត្រូវ​ការ​ជំនាញ​ខ្ពស់​មក​កម្ពុជា៖ «ប្រទេស​កម្ពុជា ត្រូវ​ផ្ដល់​តម្លៃ​ដល់​សារសំខាន់​នៃ​សិទ្ធិ​មនុស្ស វេទិកា​នយោបាយ​បើក​ចំហ និង​នីតិរដ្ឋ​នៅ​ក្នុង​រូប​ផ្គុំ​នៃ​ការ​វិនិយោគ និង​វណ្ណៈ​កណ្ដាល។ ឱកាស​នយោបាយ​បើក​ចំហ​តម្លាភាព​ច្រើន និង​ការ​ថយ​ចុះ​នៃ​អំពើ​ពុករលួយ​ផ្ដល់​ជា​ប្រយោជន៍​ដល់​ប្រទេស​ទាំង​មូល ដោយ​វា​លើក​ទឹក​ចិត្ត​ការ​ដល់​វិនិយោគ​បរទេស។ បើ​ប្រទេស​កម្ពុជា អាច​ប្រកាន់​ជំហាន​ធំដុំ និង​ច្បាស់លាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំង​នេះ វា​នឹង​នាំ​អោយ​មាន​វិនិយោគទុន​ច្រើន​ពី​ក្រុមហ៊ុន​អាមេរិក និង​បណ្ដា​ក្រុមហ៊ុន​នានា​មក​ពី​ទូទាំង​ពិភពលោក។ ចូរចាំ​ថា អ្វី​ដែល​មាន​សារសំខាន់​នោះ​មិន​មែន​អ្វី​ដែល​លោក​អ្នក​និយាយ​ទេ គឺ​អ្វី​ដែល​លោក​អ្នក​ធ្វើ។ ដូច​ដែល​គ្រូ​បង្រៀន​ភាសា​ឡាតាំង​របស់​ខ្ញុំ​នៅ​វិទ្យាល័យ ឧស្សាហ៍​និយាយ​ថា “ការ​ធ្វើ​មិន​មែន​ពាក្យ​សំដី​ទេ”»

លោក វីល្លៀម ថត បន្ត​ថា លោក​ក៏​នឹង​មាន​គម្រោង​ទៅ​ធ្វើ​ទស្សនកិច្ច​ប្រទេស​នានា​បន្ត​ទៀត ដើម្បី​ទាក់ទាញ​វិនិយោគ​អាមេរិក​មក​កាន់​កម្ពុជា។ ប៉ុន្តែ​កម្ពុជា ក៏​ត្រូវ​កែប្រែ​ច្បាប់ និង​បញ្ញត្តិ​គ្រប់គ្រង​មួយ​ចំនួន​ដើម្បី​បើក​ចំហ​បរិយាកាស​វិនិយោគ​ដែរ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​រដ្ឋាភិបាល​ដើម្បី​បក​ស្រាយ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១២។ យ៉ាង​ណា​ក៏ដោយ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា មិន​ដែល​ទទួល​ស្គាល់​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កំពុង​ក្លាយ​ជា​ឧបសគ្គ​ធំ​សម្រាប់​ឱកាស​វិនិយោគ និង​អភិវឌ្ឍន៍​នៅ​កម្ពុជា នោះ​ទេ។ ហើយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ថែម​ទាំង​បដិសេធ​មិន​ទទួល​យក​អនុសាសន៍​របស់​តំណាង​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ថែម​ទៀត។

ទោះ​យ៉ាង​ណា​ក្ដី មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ការ​លើក​ឡើង​របស់​អគ្គរដ្ឋទូត​អាមេរិក ព្រោះ​ថា កម្ពុជា​បច្ចុប្បន្ន​កំពុង​តែ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​មក​រក​ស៊ី​ដោយ​បំពាន​សិទ្ធិ​មនុស្ស។ លោក​បន្ត​ថា សព្វ​ថ្ងៃ​កម្ពុជា ត្រូវ​ការ​វិនិយោគិន​ពី​អាមេរិក ជប៉ុន អូស្ត្រាលី គេ​នាំ​បច្ចេកវិទ្យា​គោរព​សិទ្ធិ​មនុស្ស ដោយ​មាន​ការ​ការពារ​បរិស្ថាន គោរព​ច្បាប់​ទម្លាប់ ការ​មិន​ប្រព្រឹត្ត​ពុករលួយ​ជាដើម។

លោក យឹម សុវណ្ណ៖ «ខ្ញុំ​គិត​ថា រដ្ឋាភិបាល​គិត​ឃើញ​តែ​រដ្ឋាភិបាល គិត​ពី​ផល​ប្រយោជន៍ បក្សពួក​របស់​ខ្លួន​ច្រើន​ជាង​អ្វីៗ​ទាំង​អស់ ដូច​នេះ​អ្វី​ដែល​សហរដ្ឋ​អាមេរិក​លើក​ឡើង​ហ្នឹង ត្រឹមត្រូវ​ណាស់ គេ​ចង់​ឲ្យ​យើង​បំបាត់​អំពើ​ពុករលួយ គេ​ចង់​ឲ្យ​យើង​គោរព​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ត្រឹមត្រូវ»

ការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​នេះ ស្រប​គ្នា​ទៅ​នឹង​ប្រធានបទ​របស់​សង្គម​ស៊ីវិល​កម្ពុជា ដែល​និយាយ​ពី​សិទ្ធិ​មនុស្ស និង​ធុរកិច្ច ដែល​បាន​ន័យ​ថា ការ​រក​ស៊ី​ទាំង​ឡាយ​ណា​ក៏​ដោយ​ត្រូវ​គិតគូរ​ពី​បញ្ហា​សិទ្ធិ​មនុស្ស។ តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បង្ហាញ​ថា ក្រុមហ៊ុន​សហរដ្ឋអាមេរិក បាន​ទម្លាក់​ទុន​រក​ស៊ី គិត​មក​ដល់​ចាប់​តាំង​ពី​ឆ្នាំ​២០០០ ដល់​ខែ​មិថុនា ឆ្នាំ​២០១១ ក្នុង​ទំហំ​ទឹក​ប្រាក់​ជិត ៨០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (18)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

MTL

ពី MTL

For America,freedom and human rights are very important for a country to be called democratic.And this a condition for long term investment from a developed contry
such the America.All the America wants is peace and stability to have mutual economic and diplomatic relationships.

Dec 31, 2012 08:47 PM

Chet Smoh

I don't like America. I don't like America's president Obama. he look down Cambodia... America is the land of crime. people die everyday of crime. if you all not come to Cambodia, we still can survive. we are independent.

Dec 30, 2012 09:04 AM

ទស្សនះពិត

ពី ក្រចេះ

គាំទ្ររាល់ទស្សនះខាងលើ​ សូមបនែ្ថមបន្តិច​ មិនមែនត្រឹមតែលើកយួនធ្វើថៅកែអោយខែ្មរកពា្ចះទេថែមទាំងលាបព័ណខ្មែរទៀតអោយខ្មែរកាប់ចាក់សំលាប់ខ្មែរ។

Dec 27, 2012 10:33 PM

true

need money dont need law is not wright!

Dec 27, 2012 08:49 PM

អ្នក​អាន​អនាមិក

គ្មានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំ គឺប្រែមកថា គ្មានការរីកចម្រើន អ្វីដែលប្រជាពលរដ្ឋខ្មែរភាគច្រើនចង់បានគឺ ជាការស្រមៃតែប៉ុណ្ណោះ!!!

Dec 27, 2012 04:46 AM

មើល​មតិ​ទាំង​អស់.