អាមេរិក​ទទូច​សុំ​ឲ្យ​កម្ពុជា​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​ផ្នែក​ កិច្ចការ​ទំនាក់​ទំនង​ពហុភាគី និង​សិទ្ធិ​មនុស្ស អ្នកស្រី សាមាន្ថា ផៅវើ (Samantha Power) កាល​ពី​ថ្ងៃ​ទី១៥ វិច្ឆិកា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន នៅ​កម្ពុជា លោក​នឹង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សេតវិមាន (White House) បាន​ដក​ស្រង់​សម្ដី​អ្នកស្រី សាមាន្ថា ផៅវើ ថា បច្ចុប្បន្ន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​បង្កើន​ការ​រំលោភ​បំពាន​លើ​តួនាទី​របស់​អង្គការ​សង្គម​ស៊ីវិល។ អ្នកស្រី​បន្ត​ថា មាន​បុគ្គល​ជាច្រើន​នាក់​បាន​ស្នើសុំ​ឲ្យ​លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក អន្តរាគមន៍​រដ្ឋាភិបាល​កម្ពុជា ឲ្យ​មាន​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ នៅ​ឆ្នាំ​២០១៣។ អ្នកស្រី​អះអាង​ថា បច្ចុប្បន្ន​គ្មាន​សញ្ញា​ណា​មួយ​ដែល​កម្ពុជា អាច​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ឡើយ។

ការ​លើក​ឡើង​របស់​អ្នកស្រី សាមាន្ថា ផៅវើ ស្រដៀង​ទៅ​នឹង​ក្តី​បារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​កម្ពុជា ដែល​បាន​ចាត់​ទុក​ថា ការ​រារាំង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ចូល​រួម​ការ​បោះ​ឆ្នោត អាច​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។

អ្នកស្រី​បន្ថែម​ទៀត​ថា សម្រាប់​ទំនាក់​ទំនង​ទ្វេភាគី​កម្ពុជា និង​សហរដ្ឋ​អាមេរិក រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ចង់​ឃើញ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ការ​បញ្ឈប់​ទន្ទ្រាន​យក​ដី​ពលរដ្ឋ​ដោយ​ខុស​ច្បាប់ និង​ការ​ការពារ និង​លើក​កម្ពស់​សិទ្ធិ​មនុស្ស។ នេះ​ជា​សារ​សំខាន់​របស់​សហរដ្ឋ​អាមេរិក ស្ដីពី​ទំនាក់​ទំនង​ទ្វេភាគី​នៃ​ប្រទេស​ទាំង​ពីរ។ អ្នកស្រី​បន្ត​ថា លោក ហ៊ុន សែន ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​តំបន់​អាស៊ី​អាគ្នេយ៍​សំខាន់ៗ​មួយ​ចំនួន ប៉ុន្តែ​សារ​ទ្វេភាគី​របស់​សហរដ្ឋ​អាមេរិក គឺ​ការ​រំលោភ​សិទ្ធិ​មនុស្ស កើត​ឡើង​ក្នុង​ទឹកដី​កម្ពុជា។ សហរដ្ឋ​អាមេរិក​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ក្តី​កង្វល់​នេះ​ឲ្យ​បាន​ម៉ត់ចត់ និង​មិន​ត្រូវ​បន្ត​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទៀត​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។