អាមេរិក​ព្រមាន​​ថា​​វិបត្តិ​ដីធ្លី​នៅ​កម្ពុជា​​អាច​នាំ​ឲ្យ​មាន​អស្ថិរភាព​ក្នុង​សង្គម

សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​៥ ខែ​មករា​ ឆ្នាំ​២០១២ បាន​ព្រមាន​​ថា ​វិបត្តិ​ដីធ្លី​នៅ​កម្ពុជា អាច​នាំ​ឲ្យ​មាន​អស្ថិរភាព​ក្នុង​សង្គម។

0:00 / 0:00

ការ​ព្រមាន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ​ក្នុង​សប្ដាហ៍​នេះ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ក្រុម​អ្នក​តវ៉ា​យ៉ាង​តិច​ចំនួន ១០​នាក់ ហើយ​បណ្ដាល​មនុស្ស​ប្រមាណ ៤០​នាក់​ផ្សេង​ទៀត​រង​របួស​ក្នុង​ហេតុការណ៍​ហិង្សា​នោះ។

កាល​ពី​ថ្ងៃ​អង្គារ ទី​៣ ខែ​មករា កម្លាំង​ប៉ូលិស​បាន​បាញ់​កាំភ្លើង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​បាន​គប់​ដុំ​ថ្ម​ទៅ​លើ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បុរី​កីឡា ហើយ​ពលរដ្ឋ​នៅ​ទី​នោះ​បាន​តប​ត​វិញ​ដោយ​ចោល​ដុំ​ថ្ម កំណាត់​ឈើ និង​ដុំ​ដី​ទៅ​លើ​កម្លាំង​ប៉ូលិស ខណៈ​សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ​កម្ទេច​ផ្ទះសំបែង​របស់​ពួក​គេ​អស់​ជាង ២០០​ខ្នង។

មន្ត្រី​នាំ​ពាក្យ​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក ស្ហ៊ន ម៉ាគីនថូស (Sean Mcintosh) បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា សហរដ្ឋ​អាមេរិក​នៅ​តែ​ព្រួយ​បារម្ភ​ថា ទំនាស់​ដីធ្លី​ជា​ច្រើន​ដោយ​គ្មាន​ការ​ដោះស្រាយ​នៅ​កម្ពុជា អាច​នាំ​ឲ្យ​មាន​អស្ថិរភាព​ក្នុង​ប្រទេស។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុម​ការពារ​សិទ្ធិ​មនុស្ស​ជា​ច្រើន ហើយ​និង​អង្គការ​សហប្រជាជាតិ បាន​រិះគន់​ប្រទេស​កម្ពុជា យ៉ាង​ខ្លាំង​ចំពោះ​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ដោយ​បង្ខំ​នៅ​ទូទាំង​ប្រទេស ដែល​បាន​បណ្ដាល​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់​បាត់​បង់​លំនៅឋាន ក្នុង​នោះ​ភាគ​ច្រើន​ជា​ពលរដ្ឋ​ក្រីក្រ។

កាល​ពី​ខែ​សីហា កន្លង​ទៅ​នេះ ធនាគារ​ពិភពលោក​បាន​ផ្អាក​រាល់​គម្រោង​ប្រាក់​កម្ចី​ថ្មី​ដល់​រដ្ឋាភិបាល​កម្ពុជា ដោយសារ​បញ្ហា​ទំនាស់​ដីធ្លី និង​ការ​បណ្ដេញ​ពលរដ្ឋ​ដោយ​បង្ខំ​ដ៏​ធំ​មួយ​នៅ​តំបន់​បឹង​កក់ ក្នុង​រាជធានី​ភ្នំពេញ។

អាមេរិក​ទទួល​យក​ញត្តិ​របស់​អ្នក​ភូមិ​បុរី​កីឡា

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ បាន​ទទួល​យក​ញត្តិ​របស់​អ្នក​ភូមិ​សហគមន៍​បុរី​កីឡា​ហើយ នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១២ ដែល​អ្នក​ភូមិ​បាន​ស្នើ​ឲ្យ​ស្ថានទូត​ជួយ​អន្តរាគមន៍​ទៅ​ភាគី​ក្រុមហ៊ុន ឲ្យ​ដោះស្រាយ​ផ្ដល់​សំណង​ជូន​ពួកគាត់ ចំពោះ​ការ​បាត់បង់​ដីធ្លី​នោះ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ទីន ហ្សាការីយ៉ា៖